មន្ទីរពេទ្យពហុព្យាបាលខេត្តកាម៉ាវ ឱ្យដឹងថា អ្នកជំងឺចំនួន ៣ នាក់ នៅអនុសង្កាត់ ៤ សង្កាត់លីវ៉ាំងឡឹម បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានរោគសញ្ញាឈឺក្បាល ក្អួតចង្អោរ វិលមុខ និងស្រវាំងភ្នែក បន្ទាប់ពីបានផឹកស្រារួច។ លទ្ធផលធ្វើរោគវិនិច្ឆ័យដំបូងបង្ហាញថា អ្នកជំងឺបានពុលជាតិមេតាណុល ដែលជាប្រភេទអាល់កុលឧស្សាហកម្ម តែងមានក្នុងស្រាដែលគ្មានប្រភពច្បាស់លាស់។ ក្នុងនោះ នាក់រងគ្រោះស្លាប់គឺលោក N.M.H. (អាយុ ៤៣ ឆ្នាំ)។ ចំណែកអ្នកជំងឺ ២ នាក់ទៀត កំពុងទទួលបានការព្យាបាលយ៉ាងសកម្ម រួមមានលោក C.T.P. (អាយុ ៥៨ ឆ្នាំ) មានសភាពហើមខួរក្បាល ស្ថានភាពធ្ងន់ធ្ងរខ្លាំង និងលោក C.T.N. (អាយុ ៤៩ ឆ្នាំ) កំពុងសម្រាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់និងប្រឆាំងសារធាតុពុល។

វេជ្ជបណ្ឌិតកំពុងពិនិត្យសុខភាពជូនអ្នកជំងឺពុលជាតិមេតាណុល។
តាមព័ត៌មានពីក្រុមគ្រួសារអ្នកជំងឺ មុននោះសាច់ញាតិបានជួបជុំគ្នាហូបចុក ហើយបានទិញស្រា នៅហាងលក់ទំនិញចាប់ហួយក្បែរផ្ទះ។ ស្រាប្រភេទនេះ តែងបានប្រជាជនក្នុងភូមិស្រុកនិយមប្រើប្រាស់ ដោយសារមានតម្លៃថោក ងាយស្រួលទិញ ហើយបានគេចាត់ទុកថាជា "ស្រាផលិតតាមលក្ខណៈគ្រួសារ"។ ក្នុងនោះ មាន ៥ នាក់ផឹកស្រា ប៉ុន្តែមានតែ ៣ នាក់ខាងលើប៉ុណ្ណោះដែលផឹកច្រើន ដោយម្នាក់ៗផឹកអស់ជាងកន្លះលីត្រ។
ប្រហែលមួយថ្ងៃក្រោយមក អ្នកទាំង ៣ នាក់ក៏ចាប់ផ្តើមមានរោគសញ្ញាឈឺក្បាល ក្អួតចង្អោរ វិលមុខ ស្រវាំងភ្នែក ហើយកាន់តែមានស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តាមវេជ្ជបណ្ឌិត ឯកទេសកម្រិត ២ ម៉ាញ៉ើងឃីម ប្រធានផ្នែកសង្គ្រោះបន្ទាន់និងប្រឆាំងសារធាតុពុលនៃមន្ទីរពេទ្យពហុព្យាបាលខេត្តកាម៉ាវ បញ្ជាក់ថា ជាតិមេតាណុលជាប្រភេទអាល់កុលឧស្សាហកម្មមានជាតិពុលខ្ពស់។ នៅពេលចូលទៅក្នុងរាងកាយ សារធាតុនេះអាចបង្កឱ្យខូចខួរក្បាល សរសៃប្រសាទចក្ខុវិញ្ញាណ និងសរីរាង្គក្នុងជាច្រើនទៀត។ គ្រាន់តែប្រើប្រាស់ក្នុងបរិមាណបន្តិចបន្តួច ក៏អាចបណ្តាលឱ្យងងឹតភ្នែក ចួនកាលបាត់បង់ជីវិតទៀតផង។ អ្វីដែលគួរឱ្យបារម្ភនោះគឺ ជាតិមេតាណុលពិតជាពិបាកបែងចែកដោយមានក្លិននិងរសជាតិធម្មតា ហេតុនេះហើយ ទើបប្រជាជនងាយនឹងភាន់ច្រឡំជាមួយនឹងស្រាដែលមានផ្ទុកជាតិអេតាណុលសម្រាប់ផឹកទូទៅ។
លោកវេជ្ជបណ្ឌិត ឯកទេសកម្រិត ២ ម៉ាញ៉ើងឃីម បានផ្តល់អនុសាសន៍៖ ប្រជាជនដាច់ខាតមិនត្រូវប្រើប្រាស់ស្រាដែលគ្មានប្រភពច្បាស់លាស់ គ្មានស្លាកសញ្ញា ឬស្រាដែលលាយផ្សំគ្មានការពិនិត្យបញ្ជាក់គុណភាពនោះឡើយ។ នៅពេលមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួតចង្អោរ ស្រវាំងភ្នែក បន្ទាប់ពីផឹកស្រារួច គឺត្រូវប្រញាប់ប្រញាល់ទៅកាន់មូលដ្ឋានសុខាភិបាលជាបន្ទាន់ ដើម្បីទទួលបានការសង្គ្រោះទាន់ពេល។
ករណីពុលស្រានៅសង្កាត់លីវ៉ាំងឡឹម គឺជាការព្រមានអំពីគ្រោះថ្នាក់ដ៏ធំពីស្រាដែលរសាត់អណ្តែតនៅលើទីផ្សារ។ ក្រោយពីការជួបជុំ ហូបមួយលើកប៉ុណ្ណោះ ប៉ុន្តែផលវិបាកដែលបន្សល់ទុក មិនត្រឹមតែជាអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងជាសេចក្តីឈឺចាប់អូសបន្លាយសម្រាប់ក្រុមគ្រួសារ និងសាច់ញាតិផងដែរ៕
យ្វីអាញ - ថាច់ធី