នាព្រឹកថ្ងៃទី ២០ ខែមេសា នៅភូមិទ្រឿងអាង ឃុំទ្រឿងខាញ់ សមាគមជំរុញការសិក្សាទីក្រុងកឹងធើ រួមជាមួយក្រុមគ្រួសារអ្នកបដិវត្តន៍យឿងគីហេប បានចាត់តាំងពិធីរំលឹកខួប ២៦ ឆ្នាំ នៃថ្ងៃមរណភាពរបស់លោក និងទទួលមូលនិធិជំរុញការសិក្សាដែលមានឈ្មោះថា យឿងគីហេប ចំនួនទឹកប្រាក់ជិត ៤៦០ លានដុងដែលក្រុមគ្រួសារនិងសប្បុរសជននានាផ្តល់ជូន។ អញ្ជើញចូលរួមមានសមមិត្ត ង្វៀងមិញទ្រៀក អតីតប្រធានរដ្ឋ; សមមិត្ត ង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។
អ្នកបដិវត្តន៍ យឿងគីហេប កើតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩១១ ក្នុងគ្រួសារកសិករមដែលមានស្មារតីស្នេហាជាតិនិងឆាប់ភ្ញាក់រលឹកបដិវត្តន៍ នៅភូមិអូឡូយ ខណ្ឌចូវថាញ់ (បច្ចុប្បន្នគឺភូមិទ្រឿងអាង ឃុំទ្រឿងខាញ់ ទីក្រុងកឹងធើ)។ នៅឆ្នាំ ១៩៣០ លោកបានចូលរួមចលនាសិស្ស និស្សិត និងត្រូវបានបញ្ចូលកងជួរបក្សកុម្មុយនីស្តវៀតណាម។ ក្នុងដំណើរការសកម្មភាពបដិវត្តន៍ លោកបានកាន់តំណែងសំខាន់ៗដូចជា៖ លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ប្រធានគណៈកម្មាធិការតស៊ូរដ្ឋបាលខេត្តសុកត្រាំង កឹងធើ និងបាកលីវ; រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងតំណែងសំខាន់ៗមួយចំនួនទៀតក្នុងរដ្ឋាភិបាល...។
ថ្លែងការណ៍ក្នុងពិធីទទួលថវិកា សមមិត្ត ង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានបញ្ជាក់៖ “ទីក្រុងកឹងធើ តែងមានមោទនភាពដោយសារមានអ្នកបដិវត្តន៍យឿងគីហេប។ ទោះបីស្ថិតក្នុងតំណែងណាក៏ដោយ លោកតែងតែរស់នៅយ៉ាងសាមញ្ញ ជិតស្និទ្ធជាមួយជនរួមជាតិនិងសមមិត្ត ខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីបក្ស ដើម្បីប្រជាជន។ លោកគឺជាអ្នកបដិវត្តន៍ដ៏ស្មោះត្រង់ មានគុណធម៌ និងស្អាតស្អំ ជាគំរូដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយយកតម្រាប់តាម។ លោកក៏ជាអ្នកដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុវជនជំនាន់ក្រោយ និងវិស័យអប់រំ តាមរយៈសកម្មភាពដ៏មានអត្ថន័យ ក្នុងនោះមានសកម្មភាពគាំទ្រមូលនិធិជំរុញការសិក្សា មានឈ្មោះថា យឿងគីហេប។ ជារៀងរាល់ឆ្នាំ ក្រុមគ្រួសាររបស់លោកបានឧបត្ថម្ភថវិការាប់រយលានដុង ដើម្បីជួយដល់សិស្សក្រីក្រ សិស្សដែលមានជីវភាពលំបាក កំព្រា និងពិការ ឱ្យមានលក្ខណៈទៅរៀនបន្ត”។

យោងតាមសមាគមជំរុញការសិក្សាទីក្រុងកឹងធើ ក្នុងរយៈពេលជាង ១០ ឆ្នាំនៃការបង្កើតមូលនិធិជំរុញការសិក្សាយឿងគីហេប កៀរគរថវិកាបានជាង ៦,៦ ពាន់លានដុង និងបានប្រគល់អាហារូបករណ៍គ្រប់ប្រភេទចំនួន ២.៩៣៦ ចំណែក ដល់សិស្សដែលជម្នះការលំបាកនិងរៀនពូកែ ជាមួយនឹងទឹកប្រាក់សរុបជាង ៣ ពាន់លានដុង។ តាមរយៈនោះ បានជួយដល់សិស្សានុសិស្សរាប់ពាន់នាក់ដែលមានជីវភាពលំបាក កំព្រា ពិការ និងសិស្សជនជាតិខ្មែរ បានទៅសាលានិងរៀនសូត្របានល្អ។
ក្នុងឱកាសនេះ សមាគមជំរុញការសិក្សាទីក្រុងកឹងធើ ក៏បានប្រគល់អាហារូបករណ៍ចំនួន ២០ចំណែកដល់សិស្សក្រីក្ររៀនពូកែនៅឃុំទ្រឿងខាញ់ ក្នុងមួយចំណែកមានតម្លៃ ១ លានដុង៕
យ្វីអាញ-ត្រឹងរ៉ូន