ក្នុងអំឡុងខែមេសា ស្របជាមួយក្តីសប្បាយរីករាយអំណរបុណ្យចូលឆ្នាំថ្មី ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ កាន់តែមានក្តីរីករាយថែមទៀត អាស្រ័យដោយមានកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០” (ហៅកាត់ថា កម្មវិធី)។ នោះគឺជីវភាពបានលើកកម្ពស់ភូមិស្រុករីកចម្រើន បង្កបានជាកម្លាំងចលករជួយឱ្យជនរួមជាតិខ្មែរនៅកាម៉ាវ កាន់តែជឿជាក់ទៅលើអនាគតរុងរឿង។

ផ្លូវជនបទនៅតំបន់ជនរួមជាតិខ្មែរបានវិនិយោគយ៉ាងសមរម្យ។
ក្រោយពីរួមបញ្ចូល ខេត្តកាម៉ាវ មានជនជាតិចំនួន ២៩ កំពុងរួមរស់នៅជាមួយគ្នា ក្នុងនោះ ជនរួមជាតិខ្មែរមាន ២៦.៩៩០ គ្រួសារ (ប្រមាណ ១១៦.៦០៤ នាក់)។ អនុវត្តកម្មវិធីដំណាក់កាលទី ១ (គិតពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥) ខេត្តបានផ្សព្វផ្សាយគ្រប់ ១០/១០ គម្រោង, ១០/១៤ អនុគម្រោង និង ៣១/៣៦ ខ្លឹមសារសមាសភាព ដោយទុនសរុបជិត ៤៤៦ ពាន់លានដុង។ តាមរយៈនោះ កម្មវិធីបានឧបត្ថម្ភផ្ទះជូនគ្រួសារក្រីក្រជាជនជាតិភាគតិចចំនួន ៨៣០ គ្រួសារ និងដីស្នាក់នៅចំនួន ៦២ គ្រួសារ; ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន ៤១៨ គ្រួសារដែលខ្វះដីផលិត; ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ជូនជនជាតិភាគតិច ៨៤៤ គ្រួសារ; កសាងស្ថានីយ៍ផ្គត់ផ្គង់ទឹក ចំនួន ៣ កន្លែង; បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនជាតិភាគតិចជាង ៦.០០០ នាក់; កសាងថ្មីនិងបង្កើនកម្រិតផ្លូវគមនាគមន៍ជនបទជាង ១៨៥ គីឡូម៉ែត្រ; បង្កើនកម្រិតនិងជួសជុលសាលារៀនជនជាតិអន្តេវាសិក ៣ ខ្នង។ល។ អាស្រ័យមានកម្មវិធី គម្រោង និងគោលនយោបាយសម្រាប់ជនរួមជាតិខ្មែរបានផ្សព្វផ្សាយគ្រប់សព្វទាន់ពេលវេលា និងមានប្រសិទ្ធភាព បានរួមចំណែកបន្ថយអត្រាគ្រួសារជនជាតិភាគតិចក្រីក្រក្នុងខេត្តថយចុះនៅសល់ត្រឹមតែ ២% ប៉ុណ្ណោះ; មាន ១០០% ជនជាតិភាគតិចរស់នៅតំបន់លំបាកបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ។ ទាំងនេះគឺជាលទ្ធផលដ៏លេចធ្លោគួរឱ្យមោទនៈ រួមចំណែកកែលម្អជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិ។
តាមការសន្និដ្ឋានរបស់លោក ង៉ោវ៉ូវថាំង - អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ៖ កន្លងមក បក្ខភាគខេត្តតែងកំណត់ច្បាស់តំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ គឺជាតំបន់សំខាន់ដើម្បីប្រមូលផ្តុំប្រភពទុនវិនិយោគ បង្កស្ថិរភាពនិងអភិវឌ្ឍន៍។ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងសកម្មពីសំណាក់រដ្ឋអំណាចគ្រប់ថ្នាក់ អង្គការមហាជន បណ្តាគោលនយោបាយនិងកម្មវិធីរបស់បក្ស និងរដ្ឋ បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សដល់ជនជាតិភាគតិច។ អាស្រ័យហេតុនេះ គ្រួសារខ្មែរក្រីក្រនៅលើភូមិឋាន មានលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចឈានឡើងធ្វើមាន; ទិដ្ឋភាពភូមិស្រុកកាន់តែមានភាពរីកចម្រើន អត្តសញ្ញាណវប្បធម៌ជនជាតិបានថែរក្សានិងពង្រីក បង្កបានជាកម្លាំងរស់ថ្មីនៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។
* តំបន់ជនបទផ្លាស់ថ្មី
មានឱកាសវិលមកឃុំនិញថាញ់ឡើយ ជាឃុំមួយក្នុងចំណោមឃុំនៅតំបន់ជ្រៅឆ្ងាយដាច់ស្រយាល មានជនរួមជាតិខ្មែររស់នៅកុះករ យើងនឹងមិននឹកស្មានចំពោះភាព “ផ្លាស់ថ្មី” នៃតំបន់ជនបទនេះ។ ដងផ្លូវជនបទនានានៅឃុំនិញថាញ់ឡើយបានចាក់បេតុង សងខាងផ្លូវអមដោយទង់ជាតិជាមួយនឹងផ្ទះថ្មីៗសង់យ៉ាងសមរម្យ។ មធ្យោបាយធ្វើដំណើរទៅមកងាយស្រួល។ លោក យ័ញកាវ នៅភូមិកោះធំ ឃុំនិញថាញ់ឡើយ ចែករំលែក៖ “កាលពីមុន ការធ្វើដំណើរទៅមករបស់ប្រជាជនភាគច្រើន គឺទូកកាណូត ការរៀនសូត្រ លក់ដូរនិងថែទាំ សុខភាពរបស់ប្រជាជននៅជួបការលំបាក។ល។ អាស្រ័យមានគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ រួមជាមួយនឹងការស្ម័គ្រចិត្ត រួមកម្លាំងរបស់ប្រជាជន ទើបហេដ្ឋារចនាសម្ព័ន្ធដូច៖ អគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាលមូលដ្ឋានសម្ភារៈ វប្បធម៌បានវិនិយោគរឹងមាំ បម្រើតម្រូវការរស់នៅរបស់ប្រជាជនបានល្អប្រសើរ”។
ទន្ទឹមនឹងការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋអំណាចនៅទាំងយកចិត្តទុកដាក់ ឧបត្ថម្ភកសាងទម្រង់ផលិតវិនិយោគធារាសាស្ត្រ ជួយប្រជាជនអនុវត្តអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ត្រឹមតែរយៈពេលខ្លី តំបន់ដីដែលធ្លាប់ជ្រាបជាតិប្រៃ ដាំបានតែដើមស្មាច់និងម្នាស់ ហើយផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចទាបនោះ ឥឡូវបានប្តូរមកអនុវត្តទម្រង់ “បង្គា - ស្រូវ” វិញ។ ជីវភាពរបស់គ្រួសារកសិករខ្មែរនៅតំបន់និញថាញ់ឡើយក៏បានកែលម្អជាបណ្តើរៗ។ ជាមួយនឹងផ្ទៃដីផលិតទម្រង់បង្គា - ស្រូវជាង ៤ ហិកតា មធ្យមក្នុងមួយឆ្នាំៗលោក យ័ញកាវ អាចរកចំណូលបានជាង ៥០០ លានដុង។ តាមរយៈចំណូលនេះ លោកយ័ញកាវ មានលក្ខណៈសាងសង់បានផ្ទះសម្បែងយ៉ាងសមរម្យ និងទិញសម្ភារៈបរិក្ខារផ្សេងៗបម្រើតម្រូវការរស់នៅ និងកម្សាន្តនៅក្នុងគ្រួសារ។

ប្រគល់ផ្ទះជូនគ្រួសារក្រីក្រ។
និយាយអំពីប្រសិទ្ធភាពនៃកម្មវិធីដែលនាំមកជូនដល់តំបន់ជនបទ លោក ចូវផាក កម្មាភិបាលជនជាតិខ្មែរចូលនិវត្តន៍នៅឃុំដុងហាយ មានប្រសាសន៍៖ “អាស្រ័យដោយទទួលបានផលប្រយោជន៍ពីគោលនយោបាយ និងកម្មវិធីនានាសម្រាប់ជនជាតិភាគតិច ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករបានវិនិយោគអភិវឌ្ឍ ឆ្លើយតបកាន់តែប្រសើរនូវតម្រូវការផលិត និងជីវភាពរបស់ប្រជាជន។ ទន្ទឹមនឹងនោះ គ្រួសារក្រីក្របានឧបត្ថម្ភសាងសង់ផ្ទះ បុលទុន ពូជដំណាំនិងសត្វចិញ្ចឹម; ព្រមទាំងបានផ្ទេរចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេស បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧទ្ទេសនាមការងារធ្វើ... ដូច្នេះទើបមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរកាន់តែថយចុះ។ ផ្តើមពីនោះ ជីវភាពថ្មី សម្បូរសប្បាយ សុភមង្គល នោះហើយគឺជាកម្លាំងចលករដើម្បីជនរួមជាតិពង្រីកនូវឆន្ទៈម្ចាស់ការឈានឡើងដោយខ្លួនឯងក្នុងពលកម្មផលិត ព្រួតដៃកសាងភូមិស្រុកកាន់តែសម្បូរសប្បាយ ស្រស់ស្អាត”។
សម្រាប់ទិសដៅឆ្នាំ ២០២៦ លោកស្រី ង្វៀងធូតឺ - នាយិកាមន្ទីរជនជាតិនិងសាសនា ខេត្ត បានឱ្យដឹង៖ នៅពេលមជ្ឈិមបែងចែកប្រភពទុន មន្ទីរនឹងធ្វើសេនាធិការផ្ទាល់ជូនគណៈកម្មាធិការប្រជាជនខេត្ត សហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ផ្តុំកម្លាំងអនុវត្តព្រមៗគ្នា មានប្រសិទ្ធភាពបណ្តាកម្មវិធី គម្រោង និងគោលនយោបាយចំពោះតំបន់ជនជាតិភាគតិចនៅលើភូមិឋានខេត្ត ធានាចំមុខសញ្ញា។ ក្នុងនោះ ផ្តោតសំខាន់លើដំណោះស្រាយ បន្ថយភាពក្រីក្រប្រកបដោយចីរភាព លើកកម្ពស់គុណភាពអប់រំ សុខាភិបាល និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ជាជំហានលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិ៕
លីធាន-វុាំងតឹន