01/04/2026 - 22:16

កសិ​ករ​ដាំ​ដំ​ណាំ​បម្រើ​ទី​ផ្សារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ 

ប៉ុន្មាន​ថ្ងៃ​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី មា​មីង​កសិ​ករ​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ កំ​ពុង​មមា​ញឹក​ក្នុង​ការ​ថែ​ចម្ការ​ដំ​ណាំ ដោយ​រំ​ពឹង​ថា​នឹង​បាន​ផល​កាក់​កប លក់​បាន​ថ្លៃ មាន​ប្រាក់​ចំ​ណូល​បន្ថែម ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​កាន់​តែ​មាន​ភាព​សម្បូរ​សប្បាយ។

ទម្រង់​ដាំ​ឪ​ឡឹក​លើ​ដី​ស្រែ​របស់​បង​ថាយ​ថាញ​ទូ (ខាង​ស្តាំ) នៅ​សង្កាត់​មី​ស្វៀង។

រួម​ដំ​ណើរ​ជា​មួយ​កម្មា​ភិបាល​សង្កាត់​ ទៅ​ទស្ស​នា​ទម្រង់​ដាំ​ឪ​ឡឹក​លើ​ដី​ស្រែ​របស់​គ្រួ​សារ​បង​ថាយ​ថាញ​ទូ​ នៅ​មណ្ឌល​ដាយ​ជី សង្កាត់​មី​ស្វៀង។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ បង​ទូ ឱ្យ​ដឹង៖"ពី​មុន គ្រួ​សារ​ធ្វើ​ស្រែ​ជា​ចម្បង ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​មក​នេះ សង្កេត​ឃើញ​មា​មីង​ជិត​ខាង​ដាំ​ឪ​ឡឹក​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ទើប​ខ្ញុំ​ឆ្លៀត​យក​ដី​ស្រែ​ដែល​មិន​ព្រោះ​ស្រូវ​រដូវ​ប្រាំង​ដើម្បី​ដាំ​ឪ​ឡឹក។ ទម្រង់​នេះ រួម​ចំ​ណែក​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​និង​បន្ថយ​សម្ពាធ​ព្រោះ​ស្ថាន​ភាព​កង្វះ​ទឹក​ស្រោច​ស្រព​ដោយ​សារ​អា​កាស​ធាតុ​រាំង​រឹះ​និង​ជ្រាប​ជាតិ​ប្រៃ ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម"។ ជា​មួយ​នឹង​ឧត្តម​ភាព​ចំ​ណាយ​ដើម​ទុន​ទាប រយៈ​ពេល​ដាំ​ខ្លី ត្រឹម​តែ​២​ខែ​បាន​ប្រ​មូល​ផល។ ហេតុ​ដូច្នោះ ឆ្នាំ​នេះ​បង​ទូ​ដាំ​ឪ​ឡឹក​លើ​ផ្ទៃ​ដី​ស្រែ​ទំ​ហំ ៤.០០០​ម៉ែត្រ​កា​រ៉េ​។ ដោយ​បាន​អា​កាស​ធាតុ​អំ​ណោយ​ផល ដូច្នេះ ដំ​ណាំ​ឪ​ឡឹក​របស់​បង​លូត​លាស់​ល្អ តាម​ប៉ាន់​ស្មាន​សម្រេច​ទិន្ន​ផល​ប្រ​មាណ​ពី​៣-៤​តោន​ក្នុង​មួយ​ហិក​តា។ ប្រ​សិន​បើ​លក់​ក្នុង​តម្លៃ​ពី ៦.០០០​-៧.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម គឺ​រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​លើស​ជាង​ការ​ធ្វើ​ស្រែ​៣​ដង។ បង​ទូ ចែក​រំលែក៖ "រដូវ​ដាំ​ឪ​ឡឹក​ឆ្នាំ​នេះ ​បាន​ផល​កាក់​កប​លក់​បាន​ថ្លៃ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​កាន់​តែ​មាន​ភាព​សម្បូរ​សប្បាយ"។

ទម្រង់​ដាំ​ស្ពៃ​ក្តោប​របស់​បង​ដៀង​ឌុង នៅ​ភូមិ​តា​មាឃ ឃុំ​ង៉ុក​តូ  កំ​ពុង​លូត​លាស់​ល្អ រង​ចាំ​ថ្ងៃ​ប្រ​មូល​ផល។

ក្រៅ​ពី​ឪ​ឡឹក ស្ពៃ​ក្តោប​ក៏​ជា​ប្រ​ភេទ​ដំ​ណាំ​ដែល​បាន​មា​មីង​នៅ​ឃុំ​ង៉ុក​តូ​ជ្រើស​ដាំ ដើម្បី​បម្រើ​ទី​ផ្សារ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ មាន​ការ​មមា​ញឹក​ក្នុង​ការ​ថែ​ចម្ការ​ស្ពៃ​ក្តោប​របស់​គ្រួ​សារ បង​ដៀង​ឌុង នៅ​ភូមិ​តា​មាឃ ឃុំ​ង៉ុក​តូ ឱ្យ​ដឹង៖ "ដើម្បី​មាន​បន្លែ​លក់​ទាន់​ពេល​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជាង​មួយ​ខែ​មក​នេះ គ្រួ​សារ​ខ្ញុំ​បាន​រៀប​ចំ​ដី ជ្រើស​រើស​ពូជ​និង​ថែ​ដំ​ណាំ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស សង្ឃឹម​ថា​នឹង​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​។ ខ្ញុំ​ដាំ​ចម្ការ​ជាង​១០​ឆ្នាំ ជា​មួយ​នឹង​ផ្ទៃ​ដី​២​កុង ខ្ញុំ​ដាំ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​មាន​ដូច៖​ខ្ទឹម​ស្លឹក ស្ពៃ​ក្តោប ស្ពៃ​ផ្កា​។ល។ដោយ​សារ​ដាំ​ដំ​ណាំ​លក់​ជុំ​ឆ្នាំ ដូច្នេះ សម្រាប់​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ខ្ញុំ​តែង​ជ្រើស​ដាំ​ស្ពៃ​ក្តោប ពី​ព្រោះ​នេះ​ជា​បន្លែ​ដែល​បាន​ភ្ញៀវ​ពេញ​និយម លក់​ក្នុង​តម្លៃ​ពី ៥.០០០​-៧.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ តាម​ការ​គ្រោង​ទុក ជា​មួយ​ផ្ទៃ​ដី​ដាំ​ស្ពៃ​ក្តោប ​២.០០០​ ម៉ែត្រ​កា​រ៉េ បម្រុង​នឹង​បាន​ប្រ​មូល​ផល​នៅ​ថ្ងៃ​ទី ៩ ខែ​មេ​សា ទិន្ន​ផល​សម្រេច​ជាង​៤​តោន ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ គិត​ស្មាន​គ្រួ​សារ​នៅ​ចំ​ណេញ​ជាង​២០​លាន​ដុង"។

ជា​មួយ​នឹង​ការ​ថែ​ទាំ​យ៉ាង​ហ្មត់​ចត់ មា​មីង​កសិ​ករ​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ កំ​ពុង​ដាក់​ក្តី​សង្ឃឹម​ទៅ​លើ​រដូវ​ដំ​ណាំ​សម្រាប់​បម្រើ​ទី​ផ្សារ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ។ ដំ​ណាំ​បាន​ផល​កាក​កប់ លក់​បាន​ថ្លៃ ជួយ​មា​មីង​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម លំ​នឹង​ជីវ​ភាព​និង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​កាន់​តែ​មាន​ភាព​សម្បូ​សប្បាយ​ជាង៕

ថាញ​វ៉ាង-មុនី

ចែករំលែកអត្ថបទ