30/03/2026 - 17:07

រីក​រាយ​ពេល​មាន​ផ្ទះ​ថ្មី​ 

អនុ​វត្ត​គោល​នយោ​បាយ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន និង​ផ្ទះ​ទ្រុឌ​ទ្រោម ក្នុង​រយៈ​ពេល​កន្លង សង្កាត់​ហ្វា​ធ្វឹង (ខេត្ត​វិញ​ឡុង) បាន​សកម្ម​អនុ​វត្ត​គោល​ន​យោ​បាយ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​មាន​ស្ថាន​ភាព​ខ្វះ​ខាត​នៅ​ក្នុង​ភូមិ​ភាគ។ ផ្ទះ​ថ្មីៗ​ទើប​សាង​សង់​ឡើង មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​កម្លាំង​ចិត្ត​ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព។

បង​ស្រី​ថាច់ធី​សន រីក​រាយ​ពេល​បាន​រដ្ឋ​ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី។

តាម​ប្រ​សាសន៍​លោក​យឿង​វុាំង​ហុង​ ប្រ​ធាន​កា​រិយា​ល័យ​វប្ប​ធម៌ - សង្គម សង្កាត់​ហ្វា​ធ្វឹង ចាប់​ពី​ដើម​ឆ្នាំ ២០២៥ ភូមិ​ភាគ​បាន​ត្រួត​ពិនិត្យ​គ្រួ​សារ​ដែល​រស់​នៅ​ក្នុង​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ពិ​សេស​គឺ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​គោល​នយោ​បាយ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ ការ​ពិ​និត្យ​បាន​អនុ​វត្ត​បើក​ចំ​ហ និង​មាន​ភាព​ច្បាស់​លាស់ ធានា​ចំ​មុខ​សញ្ញា ជៀស​វាង​ជាន់​គ្នា ឬ​ចោល​រំ​លង។ តាម​រយៈ​ការ​ពិ​និត្យ ទូ​ទាំង​សង្កាត់​មាន ១៥ គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​បាន​ឧបត្ថម្ភ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ឡើង​វិញ។

ដើម្បី​កម្ម​វិធី​សម្រេច​បាន​ប្រ​សិទ្ធ​ភាព សង្កាត់​បាន​បង្កើត​គណៈ​ចង្អុល​ការ​អនុ​វត្ត​បំ​បាត់​ផ្ទះ បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ទទួល​ខុស​ត្រូវ​ក្នុង​ការ​កសាង​ផែន​ការ ចាត់​តាំង​អនុ​វត្ត និង​ត្រួត​ពិ​និត្យ​ដំ​ណើរ​ការ​អនុ​វត្ត។ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​បាន​ជំ​រុញ​ការ​ចល​នា​កម្មា​ភិបាល បក្ខ​ជន បុគ្គ​លិក អ្នក​រដ្ឋ​ការ កង​កម្លាំង​ប្រ​ដាប់​អា​វុធ និង​ប្រ​ជា​ជន ចូល​រួម​វិភាគ​ទាន។ មាន​ស្ថា​ប័ន អង្គ​ភាព អា​ជីវ​កម្ម និង​សប្បុ​រស​ជន​ជា​ច្រើន​នៅ ក្នុង​និង​ក្រៅ​ខេត្ត សកម្ម​ជួយ​ឧបត្ថម្ភ​ថវិកា រួម​ចំ​ណែក​ដល់​ការ​សាង​សង់​លំ​នៅ​ឋាន​សម្រាប់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ ជា​មធ្យម​ផ្ទះ​មួយ​ខ្នងៗ ទទួល​បាន​ការ​ជំ​នួយ ៥០ លាន​ដុង។

គ្រួ​សារ​ បង​ថាច់​ធី​សន នៅ​ភូមិ​បុត្រី សង្កាត់ ហ្វា​ធ្វឹង គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល ទទួល​បាន​ការ​ជំ​នួយ​លំ​នៅ​ឋាន។ បង​ស្រី​សន ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ណ​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ផលិត។ អា​ស្រ័យ​បាន​រដ្ឋ​ជួយ​ឧបត្ថម្ភ​ប្រាក់ ៥០ លាន​ដុង ផ្សំ​និង​ការ​សន្សំ​សំ​ចៃ យើង​ខ្ញុំ​ក៏​សាង​សង់​ផ្ទះ​ថ្មី​បាន​សម​រម្យ​និង​មាំ​ទាំ។ គ្រួ​សារ​ខ្ញុំ មាន​ក្តី​រំភើប​រីក​រាយ​ណាស់ ពេល​មាន​កន្លែង​នៅ​លំ​នឹង លែង​បា​រម្ភ​ខ្លាច​ភ្លៀង​ស្រក់​ទៀត។  មាន​ផ្ទះ​ថ្មី ខ្ញុំ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី”។

លោ​កថាច់​ចាំង ក៏​ជា​អ្នក​រស់​នៅ​ភូមិ​បុត្រី​ដែរ​ នោះ​ចែក​រំលែក៖ “គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​ប្រាក់ ៥០ លាន​ដុង​សម្រាប់​សាង​សង់​ផ្ទះ។ ទោះ​បី​ស្ថាន​ភាព​គ្រួ​សារ​នៅ​ខ្វះ​ខាត គ្មាន​សមត្ថ​ភាព​ដើម្បី​រួម​ចំ​ណែក​បន្ថែម​សង់​ផ្ទះ​បាន​សម​រម្យ​នឹង​គេ ប៉ុន្តែ មាន​ផ្ទះ​រឹង​មាំ​ដូច្នេះ គឺ​ជា​ក្តី​សុខ​សម្រាប់​ខ្ញុំ​ហើយ។ នេះ​ជា​កម្លាំង​ចល​ករ​សម្រាប់​គ្រួ​សារ​ខ្ញុំ បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ កែ​លម្អ​ជីវ​ភាព”។

ការ​អនុ​វត្ត​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម នៅ​សង្កាត់​ហ្វា​ធ្វឹង មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​មាន​លំ​នៅ​ឋាន​លំ​នឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ចំ​ពោះ​ជីវ​ភាព​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាម​គ្គី​ជន​ជាតិ ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​ទៀត​ផង៕

                               សឺន​ម៉ាល័យ​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ