ថ្មីៗនេះ គណៈកម្មាធិការប្រជាជនឃុំឡាយហ្វា ទីក្រុងកឹងធើ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងរ៉ូបូតបដិសណ្ឋារកិច្ច ដើម្បីបម្រើការនៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈក្នុងឃុំ។ នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យសំខាន់ កត់សម្គាល់នូវជំហានរីកចម្រើនថ្មីក្នុងកិច្ចការកែទម្រង់រដ្ឋបាល អនុវត្តបច្ចេកវិទ្យាឌីជីថលទៅក្នុងសកម្មភាពរបស់រដ្ឋអំណាចមូលដ្ឋាន រួមចំណែកកសាងខឿនរដ្ឋបាលទំនើប ជំនាញ តម្លាភាព និងបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង។



ប្រជាជនចាប់លេខរង់ចាំ និងចុះឈ្មោះនីតិវិធីរដ្ឋបាលនៅលើរ៉ូបូតបដិសណ្ឋារកិច្ច។
រ៉ូបូតបដិសណ្ឋារកិច្ចបានរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទំនើប មានសមត្ថភាពណែនាំប្រជាជនក្នុងការស្វែងរកព័ត៌មាននីតិវិធីរដ្ឋបាល ចាប់លេខរង់ចាំ ផ្តល់ព័ត៌មានអំពីដំណើរការដោះស្រាយសំណុំឯកសារ ជួយបកស្រាយសំណួរទូទៅ និងមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលតាមរយៈសំឡេងជាភាសាវៀតណាម។ ការដាក់រ៉ូបូតឱ្យដំណើរការនឹងរួមចំណែកកាត់បន្ថយបន្ទុកការងារសម្រាប់កម្មាភិបាលទទួលសំណុំឯកសារ លើកកម្ពស់បទពិសោធន៍របស់ប្រជាជននៅពេលមកធ្វើប្រតិបត្តិការនៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈ។ សមមិត្ត ត្រឹងទ្រីវឹង អនុលេខាគណៈកម្មាធិការបក្សឃុំ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា បានឱ្យដឹង៖ "ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ញាសិប្បនិម្មិត - រ៉ូបូតបដិសណ្ឋារកិច្ច (AI) នៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំ គឺជាជំហានជាក់ស្តែងនៃគោលការណ៍អំពីការជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រតិដ្ឋ។ នេះមិនត្រឹមតែជាដំណោះស្រាយអនុវត្តបច្ចេកវិទ្យាប៉ុណ្ណោះទេ នៅថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំឡាយហ្វា ក្នុងការកសាងរដ្ឋអំណាចឌីជីថល សំដៅឆ្ពោះទៅបម្រើប្រជាជន និងអាជីវកម្មប្រកបដោយភាពរហ័សរហួន តម្លាភាព និងប្រសិទ្ធភាព។ ក្នុងពេលខាងមុខ គណៈកម្មាធិការប្រជាជនឃុំនឹងបន្តដឹកនាំចាត់តាំងទាញយកផលប្រយោជន៍ពីប្រព័ន្ធនេះឱ្យមានប្រសិទ្ធភាព ព្រមទាំងជំរុញខ្លាំងការឃោសនាដើម្បីឱ្យប្រជាជនចូលរួមយ៉ាងសកម្មក្នុងការប្រើប្រាស់រាល់ឧបករណ៏ឌីជីថល"។
អញ្ជើញមកធ្វើនីតិវិធីរដ្ឋបាលនៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំឡាយហ្វា លោកស៊ើងថៃង្វៀង មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរ៉ូបូតបដិសណ្ឋារកិច្ច។ ដោយសារមានការរួមបញ្ចូល AI និងសំឡេងជាភាសាវៀតណាម រ៉ូបូតបដិសណ្ឋារកិច្ចមិនត្រឹមតែមានភាពស្និទ្ធស្នាលប៉ុណ្ណោះទេ ថែមទាំងអាចបកស្រាយចម្ងល់ជូនប្រជាជន ដោយគ្រាន់តែប៉ះបញ្ជានៅលើអេក្រង់ រ៉ូបូតអាចជួយប្រជាជនចាប់លេខរង់ចាំ និងស្វែងរកនីតិវិធីរដ្ឋបាលបានយ៉ាងឆាប់រហ័ស។ លោកស៊ើងថៃង្វៀង នៅឃុំឡាយហ្វា បានចែករំលែក៖ "ខ្ញុំមកធ្វើនីតិវិធីរដ្ឋបាលនៅមជ្ឈមណ្ឌលឃើញរ៉ូបូតបដិសណ្ឋារកិច្ចក៏ប្លែកដែរ ពិតជាភ្ញាក់ផ្អើលណាស់ព្រោះរ៉ូបូតដំណើរការដោយភាសាវៀតណាម ជួយខ្ញុំចាប់លេខរង់ចាំ ចុះឈ្មោះនីតិវិធីរដ្ឋបាលបានលឿន មិនចាំបាច់មានកម្មាភិបាលណែនាំដូចមុនទៀត"។
ការដាក់រ៉ូបូតបដិសណ្ឋារកិច្ចឱ្យដំណើរការ មិនត្រឹមតែជាជំហានលោតផ្លោះផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ នៅទាំងជាការបញ្ជាក់ច្បាស់ពីស្មារតីច្នៃប្រតិដ្ឋ និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយមូលដ្ឋាន។ ជាមួយនឹងទិសដៅយកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌល ឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងបោះជំហាននីមួយៗក្នុងការធ្វើឱ្យសម្រេចនូវទម្រង់រដ្ឋអំណាចអេឡិចត្រូនិច បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីឱ្យបុគ្គលគ្រប់រូបអាចប្រើប្រាស់ឧបករណ៍ឌីជីថលបានយ៉ាងងាយស្រួល និងមានតម្លាភាព។ នេះក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីឱ្យឡាយហ្វាបន្តជំរុញសម្ទុះការងារផ្លាស់ប្តូរឌីជីថលលើគ្រប់ជ្រុងជ្រោយ កសាងខឿនរដ្ឋបាលទំនើប និងស្និទ្ធស្នាលក្នុងពេលអនាគត៕
ថាញហុង - សុផន