ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/03/2026 - 18:34

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ

ស្នើ​ខ្ចី​កញ្ចប់​ថវិកា​រដ្ឋ​សម្រាប់​មូល​និធិ​រក្សា​លំ​នឹង​ថ្លៃ​ប្រេង​សាំង 

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​ប្រ​ចាំ​ការ​រដ្ឋា​ភិ​បាល អំ​ពី​ប្រ​ភព​ថវិ​កា​ជំ​នួយ​សម្រាប់​រក្សា​លំ​នឹង​ថ្លៃ​ប្រេង​សាំង។

យោង​តាម​របាយ​ការណ៍ និង​មតិ​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ ចំ​ពោះ​មុខ​ការ​វិវត្ត​នៃ​ស្ថាន​ភាព​នៅ​មជ្ឈិម​បូព៌ា និង​ការ​លំ​បាក​នៅ​លើ​ទី​ផ្សារ​ប្រេង​កាត​ពិ​ភព​លោក ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ រដ្ឋា​ភិ​បាល និង​នា​យក​រដ្ឋ​មន្ត្រី​បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ជា​ច្រើន និង​បាន​ចេញ​សារ​លេខ​សំ​ណូម​ពរ​អនុ​វត្ត​នូវ​រាល់​វិធាន​ការ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេល បត់​បែន និង​មាន​ប្រ​សិទ្ធ​ភាព ដើម្បី​ធា​នា​សន្តិ​សុខ​ថាម​ពល​ក្នុង​ប្រ​ទេស។ នា​យក​រដ្ឋ​មន្ត្រី​ក៏​បាន​ពិ​ភាក្សា​តាម​ទូរ​ស័ព្ទ និង​ផ្ញើ​លិ​ខិត​ផ្លូវ​ការ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រ​ទេស​ជា​ច្រើន ក៏​ដូច​ជា​ធ្វើ​ការ​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​បណ្តា​ប្រ​ទេស​ប្រ​ចាំ​នៅ​វៀត​ណាម ដើម្បី​ស្នើ​សុំ​ការ​គាំ​ទ្រ​ដល់​វៀត​ណាម​ក្នុង​ការ​ធា​នា​សន្តិ​សុខ​ថាម​ពល។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​ប្រ​ចាំ​ការ​រដ្ឋា​ភិ​បាល ដើម្បី​ផ្តល់​មតិ​យោ​បល់​លើ​បណ្តា​គោល​នយោ​បាយ​ពី​ផ្ទះ​សង្គម និង​ប្រ​ភព​ថវិ​កា​សម្រាប់​រក្សា​លំ​នឹង​ថ្លៃ​ប្រេង​សាំង។ រូប​ថត៖ យឿង​យ៉ាង

អនុ​វត្ត​កិច្ច​ចង្អុល​ការ​របស់​នា​យក​រដ្ឋ​មន្ត្រី បណ្តា​ក្រ​សួង ស្ថា​ប័ន និង​អង្គ​ភាព​ពាក់​ព័ន្ធ​បាន​ដក​ប្រាក់​ពី​មូល​និ​ធិរក្សា​លំ​នឹង​ថ្លៃ​ប្រេង​សាំង និង​កែ​សម្រួល​ពន្ធ​លើ​មុខ​ទំ​និញ​ប្រេង​សាំង ដើម្បី​ជួយ​សម្រួល​ដល់​ថ្លៃ​ប្រេង​សាំង។ បណ្តា​សម្ព័ន្ធ​ក្រុម​ហ៊ុន អា​ជីវ​កម្ម​នា​នា​បាន​បង្កើន​ការ​ផលិត និង​ផ្គត់​ផ្គង់​ប្រេង​សាំង ធ្យូង​ថ្ម អគ្គិ​សនី និង​ឧស្ម័ន​សម្រាប់​ខឿន​សេដ្ឋ​កិច្ច។ អនុ​វត្ត​ការ​ផ្លាស់​ប្តូរ​ថាម​ពល ដោយ​មាន​ផលិត​ផល​ថ្មីៗ​ជំ​នួស​ឱ្យ​ឥន្ធនៈ​ហ្វូ​ស៊ីល​ជា​បណ្តើរៗ ជំ​រុញ​ចលនា​ប្រើ​ប្រាស់​ថាម​ពល​ដោយ​សន្សំ​សំ​ចៃ និង​មាន​ប្រ​សិទ្ធ​ភាព ព្រម​ទាំង​បង្កើន​ការ​ត្រួត​ពិ​និត្យ និង​ចាត់​វិធាន​ការ​ចំ​ពោះ​រាល់​សកម្ម​ភាព​រត់​ពន្ធ ការ​ស្តុក​ទុក​ទំ​និញ​បង្កើន​ថ្លៃ និង​ការ​កេង​ចំ​ណេញ​ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម​ប្រេង​សាំង។

ថ្លែង​ការណ៍​បូក​សរុប នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​បញ្ជាក់​ច្បាស់​ថា ទិស​ដៅ​ខ្ពស់​បំ​ផុត​គឺ​មិន​ទុក​ឱ្យ​ខ្វះ​ថាម​ពល និង​ប្រេង​សាំង​ក្នុង​ករណី​ណា​ក៏​ដោយ កាត់​បន្ថយ​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ពី​ស្ថាន​ភាព​វិបត្តិ​ថាម​ពល​ដល់​ការ​គ្រប់​គ្រង​ម៉ា​ក្រូ​សេដ្ឋ​កិច្ច មិន​ឱ្យ​មាន​ការ​កាត់​ផ្តាច់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ ដំ​ណើរ​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម និង​ការ​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​ប្រ​ចាំ​ការ​រដ្ឋា​ភិ​បាល ដើម្បី​ផ្តល់​មតិ​យោ​បល់​លើ​បណ្តា​គោល​នយោ​បាយ​ពី​ផ្ទះ​សង្គម និង​បញ្ហា​នា​នា​ដែល​ពាក់​ព័ន្ធ។ រូប​ថត៖ យឿង​យ៉ាង

ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​ទាំង​នេះ យើង​បាន​អនុ​វត្ត​គោល​នយោ​បាយ​មួយ​ចំ​នួន ក្នុង​នោះ​មាន​គោល​នយោ​បាយ​រក្សា​លំ​នឹង​ថ្លៃ​ប្រេង​សាំង​តាម​បទ​ប្បញ្ញត្តិ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំ​ពោះ​មុខ​ស្ថាន​ភាព​វិវត្ត​យ៉ាង​ឆាប់​រហ័ស​ ស្មុគ​ស្មាញ និង​វិបត្តិ​ដែល​អាច​អូស​បន្លាយ​ពេល​យូរ យើង​ត្រូវ​ត្រៀម​ទុក​ជា​មុន​សម្រាប់​ករណី​ដែល​មូល​និធិ​រក្សា​លំ​នឹង​ថ្លៃ​ប្រេង​សាំង​ អាច​នឹង​ត្រូវ​កង្វះ​ខាត។

នា​យក​រដ្ឋ​មន្ត្រី​បាន​ឯក​ភាព​លើ​គោល​ការណ៍​ចំ​ពោះ​សំ​ណើរ​បស់​ស្ថា​ប័ន​នា​នា អំ​ពី​ការ​ខ្ចី​កញ្ចប់​ថវិ​កា​រដ្ឋ (ប្រ​ភព​ចំ​ណូល​កើន​ឡើង​ក្នុង​ឆ្នាំ ២០២៥) សម្រាប់​មូល​និ​ធិ​រក្សា​លំ​នឹង​ថ្លៃ​ប្រេង​សាំង។ នៅ​ពេល​វិបត្តិ​បាន​កន្លង​ផុត​ទៅ នឹង​យក​ប្រ​ភព​ថវិ​កា​ពី​មូល​និធិ​ដើម្បី​សង​ត្រ​ឡប់​ទៅ​ថវិ​កា​រដ្ឋ​វិញ។ នា​យក​រដ្ឋ​មន្ត្រី​បាន​ប្រ​គល់​ភារ​កិច្ច​ឱ្យ​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​ដឹក​នាំ សហ​ការ​ជា​មួយ​កា​រិយា​ល័យ​រដ្ឋា​ភិបាល និង​ក្រ​សួង​ឧស្សា​ហកម្ម​និង​ពា​ណិជ្ជ​កម្ម ដើម្បី​ប្រ​ញាប់​កសាង ​និង​បង្ហើយ​សេចក្តី​ព្រាង​របាយ​ការណ៍ សុំ​គោល​ការណ៍​ពី​ថ្នាក់​មាន​សមត្ថ​កិច្ច ដើម្បី​ឱ្យ​រដ្ឋា​ភិបាល​អនុ​វត្ត​តាម​សមត្ថ​កិច្ច។ ពេល​វេ​លា​រំ​ពឹង​ទុក​នឹង​អនុវត្ត​រហូត​ដល់​ផុត​ថ្ងៃ​ទី ១៥ ខែ​មេ​សា ក្នុង​ករណី​អូស​បន្លាយ​ពេល រដ្ឋា​ភិ​បាល​នឹង​ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​ដើម្បី​បន្ត​អនុ​វត្ត និង​រាយ​ការណ៍​ឡើង​វិញ។

នា​យក​រដ្ឋ​មន្ត្រី​បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​នៃ​ការ​គ្រប់​គ្រង គឺ​ត្រូវ​តាម​ដាន ​និង​ក្តាប់​ឱ្យ​ជាប់​នូវ​ស្ថាន​ភាព ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេល​វេ​លា កសាង​គោល​នយោ​បាយ​ផ្អែក​លើ​មូល​ដ្ឋាន​ទិន្ន​ន័យ និង​ស្ថាន​ភាព​ជាក់​ស្តែង ស្រប​តាម​ខឿន​សេដ្ឋ​កិច្ច​ទី​ផ្សារ​តាម​ទិស​ដៅ​សង្គម​និយម និង​លក្ខ​ខណ្ឌ​របស់​ប្រ​ទេស​ជាតិ ត្រូវ​មាន​ផែន​ការ និង​ជំ​ហាន​សម​ស្រប មិន​ឱ្យ​មាន​ភាព​រអាក់​រអួល ឬ​បង្ក​ការ​ភ្ញាក់​ផ្អើល​ឡើយ។ ការ​គ្រប់​គ្រង​ទី​ផ្សារ​ប្រេង​សាំង​ត្រូវ​តែ​មាន​ការ​ត្រួត​ពិ​និត្យ និង​រក្សា​លំ​នឹង​ថ្លៃ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ត្រូវ​ពិ​ចារ​ណា និង​គិត​គូរ​ដល់​កត្តា​ថ្លៃ​ប្រេង​សាំង​នៅ​បណ្តា​ប្រ​ទេស​ជុំ​វិញ ដើម្បី​ជួយ​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន និង​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម​របស់​អា​ជីវ​កម្ម ព្រម​ទាំង​បង្ការ ទប់​ស្កាត់​ការ​រត់​ពន្ធ​ឆ្លង​ដែន។

នា​យក​រដ្ឋ​មន្ត្រី​បាន​ប្រ​គល់​ភារ​កិច្ច​ឱ្យ​ឧប​នា​យក​រដ្ឋ​មន្ត្រី ហូ​ដឹក​ភើក បន្ត​ដឹក​នាំ​ដោយ​ផ្ទាល់​នូវ​រាល់​ខ្លឹម​សារ​ពាក់​ព័ន្ធ​នឹង​ថវិកា​ពន្ធ កម្រៃ។ ឧប​នា​យក​រដ្ឋ​មន្ត្រី ប៊ូយ​ថាញ​ស៊ើង ដឹក​នាំ​ដោយ​ផ្ទាល់​នូវ​រាល់​ខ្លឹម​សារ​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង រក្សា​លំ​នឹង​ទី​ផ្សារ និង​វិ​ស័យ​គ្រប់​គ្រង​រដ្ឋ​របស់​ក្រ​សួង​ឧស្សា​ហកម្ម​និង​ពា​ណិជ្ជ​កម្ម ដោះ​ស្រាយ​ការ​ងារ​តាម​សមត្ថ​កិច្ច ប្រ​សិន​បើ​ហួស​ពី​សមត្ថ​កិច្ច​ត្រូវ​រាយ​ការណ៍​ជូន​នា​យក​រដ្ឋ​មន្ត្រី៕

ប្រ​ភព÷ TTXVN - សុផន

ចែករំលែកអត្ថបទ