26/02/2026 - 16:03

ពិធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​ ៧១​ឆ្នាំ ទិវា​គ្រូ​ពេទ្យ​វៀត​ណាម​ 

- នា​រសៀល​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ៧១​ឆ្នាំ ទិវា​គ្រូ​ពេទ្យ​វៀត​ណាម (២៧/​០២/​១៩៥៥ – ២៧/​០២/​២០២៦)។ លោក​វរៈ​សេ​នីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​អញ្ជើញ​ចូល​រួម​ជា​អធិប​តី​ក្នុង​ពិធី​ជួប​ជុំ​នេះ។

ទិដ្ឋ​ភាព​នៃ​ពិធី​ជួប​ជុំ​។

ក្នុង​ឱ​កាស​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី ៧១ ឆ្នាំ ទិវា​គ្រូ​ពេទ្យ​វៀត​ណាម ថ្នាក់​ដឹក​នាំ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​បាន​សង្កត់​ធ្ងន់៖ ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ជា​រៀង​រាល់​ឆ្នាំ គឺ​ជា​ឱ​កាស​ដើម្បី​សម្តែង​ការ​ដឹង​គុណ​ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង ការត​ស៊ូ និង​ការ​លះ​បង់​ដោយ​ស្ងប់​ស្ងាត់​របស់​កង​ជួរ​គ្រូ​ពេទ្យ​ពាក់​ស័ក្តិ​ខៀវ ដែល​ជា​អ្នក​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ដល់​កង​ទ័ព និង​ប្រ​ជា​ជន​លើ​ភូមិ​ឋាន ជា​ពិ​សេស​នៅ​តំ​បន់​ព្រំ​ដែន តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល ដែល​នៅ​ជួប​ការ​លំ​បាក​ច្រើន។

ក្នុង​រយៈ​ពេល​កន្លង ប្រ​ព័ន្ធ​កង​ទ័ព​យោ​ធា​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​ពង្រឹង និង​កែ​លម្អ​ជា​បណ្តើរៗ ដើម្បី​ឆ្លើយ​តប​កាន់​តែ​ប្រ​សើរ​ឡើង​នូវ​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។ បណ្តា​ដំ​ណាក់​និង​ក្រុម​ពេទ្យ​យោ​ធា​នៅ​តាម​ស្ថា​ប័ន និង​អង្គ​ភាព​មូល​ដ្ឋាន បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ការ​ងារ​ពិ​និត្យ ព្យា​បាល​ជំងឺ សង្គ្រោះ​ដំ​បូង និង​គ្រប់​គ្រង​សុខ​ភាព​កង​ទ័ព មាន​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ពេទ្យ​យោ​ធា​និង​សុខា​ភិបាល​ភូមិ​ភាគ​លើ​ភូមិ​ឋាន​បោះ​ទ័ព។

សកម្ម​ភាព​ថែ​ទាំ​សុខ​ភាព​សហ​គមន៍​ជា​ច្រើន​ត្រូវ​បាន​ចាត់​តាំង​ឡើង​ជា​ទៀង​ទាត់ និង​មាន​លក្ខណៈ​ជាក់​ស្តែង។ ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ កង​កម្លាំង​ពេទ្យ​យោ​ធា​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​ចាត់​តាំង​ការ​ពិនិត្យ​ជំ​ងឺ ពិ​គ្រោះ​សុខ​ភាព និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​រាប់​សិប​លើក​ជូន​ប្រ​ជា​ជន​ជាង ៥.០០០ លើក​នាក់ ផ្តល់​ថ្នាំ​ពេទ្យ​ដល់​ប្រ​ជា​ជន​ជាង ១.៨០០ លើក​នាក់ ដោយ​ឥត​គិត​ថ្លៃ និង​អនុ​វត្ត​សេ​វា​កម្ម​វេជ្ជ​សាស្ត្រ​ដូច​ជា៖ ឆ្លុះ​អេ​កូ វាស់​ចង្វាក់​បេះ​ដូង និង​ថត​កាំ​រស្មី​អ៊ិច (X-ray) ជូន​ប្រ​ជា​ជន​ជាង ២.៩០០ លើក​នាក់។ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​រក​ឃើញ​ទាន់​ពេល និង​ផ្តល់​ការ​ពិ​គ្រោះ​ព្យា​បាល​ជំងឺ​ជា​ច្រើន លើក​កម្ពស់​ស្មារតី​ថែ​ទាំ​សុខ​ភាព​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​ស​មុទ្រ និង​តំ​បន់​សំ​ខាន់ៗ។

ទន្ទឹម​នឹង​នោះ កង​កម្លាំង​ពេទ្យ​យោ​ធា​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​បណ្តា​ឃុំ សង្កាត់​តំ​បន់​ព្រំ​ដែន​សមុទ្រ ចូល​រួម​ឃ្លាំ​មើល បង្ការ និង​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត អនុ​វត្ត​វិធាន​ការ​សុខា​ភិ​បាល​បង្ការ អនា​ម័យ​បរិស្ថាន និង​សុ​វត្ថិ​ភាព​ចំ​ណី​អា​ហារ។ ព្រម​ទាំង​សកម្ម​ចូល​រួម​ការ​ងារ​ចំ​នួន​ប្រ​ជា​ជន ផែន​ការ​គ្រួ​សារ ថែ​ទាំ​សុខ​ភាព​មា​តា​និង​ទា​រក ជួយ​ឧបត្ថម្ភ​គ្រួ​សា​រគោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ និង​កុមារ​ដែល​មាន​ជីវ​ភាព​លំបាក...។

ថ្នាក់​ដឹក​នាំ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​បាច់​ផ្កា​អប​អរ​សា​ទរ​កង​ជួរ​កម្មា​ភិបាល បុគ្គ​លិក​ពេទ្យ​យោ​ធា។

ថ្លែង​ការណ៍​ក្នុង​ពិធី​ជួប​ជុំ​នេះ​ លោក​វរៈ​សេ​នីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​ស្ងើច​សរ​សើរ​ចំ​ពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ស្មារតី​ទទួល​ខុស​ត្រូវ និង​លទ្ធ​ផល​លេច​ធ្លោ​ដែល​កង​ជួរ​កម្មា​ភិ​បាល បុគ្គ​លិក​ពេទ្យ​យោ​ធា​ទូ​ទាំង​កង​កម្លាំង​សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង។ ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​សំ​ណូម​ពរ​ក្នុង​ពេល​ខាង​មុខ គ្រូ​ពេទ្យ​ទាំង​អស់​ត្រូវ​ផ្តោត​លើ​ការ​លើក​កម្ពស់​គុណ​ភាព​គ្រប់​គ្រង​សុខ​ភាព​កង​ទ័ព បង្កើន​ការ​ងារ​សុខា​ភិ​បាល​បង្ការ បង្ការ​និង​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត ជា​ពិ​សេស​ជំងឺ​ឆ្លង​គ្រោះ​ថ្នាក់​ដែល​មាន​ហា​និភ័យ​ឆ្លង​ចូល​ភូមិ​ឋាន​ទី​ក្រុង។ ជំ​រុញ​កិច្ច​សហ​ការ​រវាង​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​សហ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ ជា​មួយ​គ្នា​នោះ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​កសាង​កង​ជួរ​កម្មា​ភិបាល​ពេទ្យ​យោ​ធា​ឱ្យ​មាន​ជំ​នាញ​រឹង​មាំ មាន​សីល​ធម៌​វិជ្ជា​ជី​វៈ​ត្រឹម​ត្រូវ និង​ធ្វើ​ការ​បម្រើ​កង​ទ័ព​និង​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត៕

យ្វី​អាញ - សុផន

ចែករំលែកអត្ថបទ