យុវវ័យទីក្រុងកឹងធើ សកម្មចូលរួមគាំទ្រចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត តាមរយៈនោះ បង្ហាញពីស្មារតីទទួលខុសត្រូវរបស់សមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងសកម្មភាពមនុស្សធម៌ស្ម័គ្រចិត្ត ដើម្បីសហគមន៍។

សម្ព័ន្ធយុវជនឃុំលឿងតឹម ចូលរួមពិធីបំផុសចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត។
ជាមួយតួនាទីជាកងកម្លាំងឈានមុខ យុវវ័យទីក្រុងកឹងធើតែងឈានមុខក្នុងចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត មានដូច៖ សប្តាហ៍បរិច្ចាគឈាមស្ម័គ្រចិត្ត កម្មវិធី “បរិច្ចាគឈាមសង្គ្រោះមនុស្ស-គុណធម៌ល្អប្រសើរ” “យុទ្ធនាការចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនាឱកាសបុណ្យចូលឆ្នាំវៀតណាម និងពិធីបុណ្យនិទាឃរដូវបរិច្ចាគឈាម” ឆ្នាំ២០២៦ ។ល។ ឆ្លងតាមរយៈកម្មវិធីទាំងនេះ ចលនាបរិច្ចាគឈាមស្ម័គ្រចិត្តកាន់តែស៊ីជម្រៅនិងរីកសាយភាយក្នុងសហគមន៍។
អ្នកស្រីផាងអាញត្រាង លេខាសម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បញ្ជាក់៖ “សកម្មភាពបរិច្ចាគឈាម គឺជាឱកាសដើម្បីសមាជិកសម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ពង្រីកស្មារតីជួយគ្នាទៅវិញទៅមក មានការទទួលខុសត្រូវចំពោះសហគមន៍ ព្រួតដៃដើម្បីសុខភាពប្រជាជន”។
នៅឃុំលឿងតឹម ការបរិច្ចាគឈាមកន្លង បានទាក់ទាញសមាជិកសម្ព័ន្ធយុវជន កម្មាភិបាល អ្នករដ្ឋការនិងប្រជាជនចូលរួមច្រើនកុះករ។ ជាមួយស្មារតីចែករំលែកដើម្បីសហគមន៍ គណៈចាត់តាំងទទួលបាន១២២ឯកតាឈាម រួមចំណែកបំពេញបន្ថែមប្រភពឈាមបម្រុងសម្រាប់បម្រើការសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺនៅតាមគ្រឹះស្ថានសុខាភិបាល។
ជាមួយស្មារតីមនុស្សធម៌នោះ នៅឃុំលិតហោយធឿង ចលនាបរិច្ចាគឈាមមនុស្សធម៌ បន្តរីកសាយភាយតាមរយៈ “យុទ្ធនាការចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនាឱកាសបុណ្យចូលឆ្នាំវៀតណាម និងពិធីបុណ្យនិទាឃរដូវបរិច្ចាគឈាម” ឆ្នាំ២០២៦។ ជាមួយនឹងសារ “តំណក់ឈាមផ្តល់ទៅ-សេចក្តីស្រឡាញ់សាយភាយ” មិនត្រឹមតែបំផុសស្មារតីទទួលខុសត្រូវរបស់មនុស្សគ្រប់រូបចំពោះសង្គម ថែមទាំងរួមចំណែកឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលសម្រាប់ការសង្គ្រោះបន្ទាន់និងការព្យាបាលជំងឺ ជាពិសេស ក្នុងដំណាក់កាលនេះ ពេលតម្រូវការបញ្ចូលឈាមមានការកើនឡើង។
បងយ័ញក្វាងវ៉ សមាជិកសម្ព័ន្ធយុវជនឃុំលិត ហោយធឿង ឱ្យដឹង៖ “ការបរិច្ចាគឈាមស្ម័គ្រចិត្ត មិនត្រឹមតែជាការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពសម្រាប់សមាជិកសម្ព័ន្ធយុវជននិងយុវជនគ្រប់រូប។ នៅពេលចូលរួមបរិច្ចាគឈាមម្តងៗ ជាឱកាសបានចែករំលែក រួមចំណែកនាំមកការរស់រានមានជីវិតនិងក្តីសង្ឃឹមសម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម”។
ទន្ទឹមនឹងការចាត់តាំងទីកន្លែងបរិច្ចាគឈាមប្រមូលផ្តុំ សមាគមសម្ព័ន្ធយុវជនគ្រប់ថ្នាក់នៅទីក្រុងកឹងធើ ក៏បានជំរុញការងារផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម ប្រព័ន្ធផ្សាយសំឡេងនៅមូលដ្ឋាននិងបណ្តាញព័ត៌មានរបស់អង្គការសមាគមសម្ព័ន្ធយុវជន។ មានទម្រង់និងរបៀបធ្វើប្រកបដោយការច្នៃប្រតិដ្ឋជាច្រើនបានផ្សព្វផ្សាយអនុវត្តដូចជា៖ បង្កើតក្លឹបបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រុមយុវជនត្រៀមលក្ខណៈបរិច្ចាគឈាមបន្ទាន់ រួមចំណែកធានាប្រភពឈាមសម្រាប់ព្យាបាលជំងឺក្នុងអំឡុងពេលចំណុចខ្ពស់៕
ហុងទើ-មុនី