ស្ថិតនៅក្នុងចង្វាក់ជីវភាពដ៏អ៊ូអរនៃទីក្រុងត្រាវិញ (ចាស់) វត្តពោធិសាលរាជ (កំពង់) នៅតែរក្សាបានភាពស្ងប់ស្ងាត់និងលក្ខណៈបុរាណនៃវត្តខ្មែរ ដែលមានអាយុកាលជាង ១.០០០ឆ្នាំ។ មិនត្រឹមតែជាកន្លែងទេសចរណ៍សាសនាដ៏លេចធ្លោ ទីអារាមនេះក៏ជាលំហអាកាសវប្បធម៌ដ៏ពិសេស ទាក់ទាញ ភ្ញៀវទេសចរ ដោយសារស្ថាបត្យកម្មប្រពៃណី ទិដ្ឋភាពស្រស់ស្អាតនិងតម្លៃប្រវត្តិសាស្ត្រដ៏យូរលង់។

ព្រះវិហារមានអាយុកាលជាងមួយពាន់ឆ្នាំបានឆ្លងកាត់ការជួសជុលជាច្រើនលើក។
ស្ថិតនៅក្បែរផ្លូវឡេឡើយ សង្កាត់ត្រាវិញ ខេត្តវិញឡុង វត្តពោធិសាលរាជ (កំពង់) បានកសាងឡើងតាំងពីឆ្នាំ ៦៤២ លើផ្ទៃដីប្រមាណ ១២.៩០០ ម៉ែត្រការ៉េ។ ឆ្លងកាត់ជាងមួយពាន់ឆ្នាំ ទោះបីមានការជួសជុលជាច្រើនលើក ប៉ុន្តែវត្តនៅតែរក្សាបានលក្ខណៈបុរាណ មានភាពជិតដិតនឹងជីវភាពវប្បធម៌និងស្មារតី របស់ជនរួមជាតិខ្មែរណាមបូ។
ចំណាប់អារម្មណ៍ដំបូងពេលឈានចូលខ្លោងទ្វារវត្ត គឺមានភាពស្ងប់ស្ងាត់ គ្របដណ្តប់ដោយម្លប់ឈើដ៏ត្រឈឹងត្រឈៃ បង្កើតជាបរិយាកាសគួរជាទីជ្រះថ្លា។ ស្ថិតក្នុងចង្វាក់ជីវភាពដ៏អ៊ូអរនៃទីក្រុង បរិវេណវត្តជាកន្លែងដ៏ពិសិដ្ឋ ជួយឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ សុខសាន្ត។ ស្ថាបត្យកម្មវត្តពោធិសាលរាជ ប្រកបដោយរចនាបថបុរាណ។ សំណង់លេចធ្លោបំផុត គឺព្រះវិហារដ៏ស្កឹមស្កៃនិងស្រស់ស្អាតមានដំបូលជាជាន់ មានចម្លាក់នាគ កិន្នរនិងក្បូរក្បាច់រចនាល្អឯក ឆ្លុះបញ្ចាំងពីទេពកោសល្យរបស់សិប្បករសម័យដើម និងជីវភាពជំនឿសាសនារបស់ជនរួមជាតិខ្មែរ។ ក្រៅពីនោះ ក្នុងបរិវេណវត្តមានពុទ្ធបដិមាទ្រង់ប្រទានអភ័យ ជាចំណុចលេចធ្លោដ៏ពិសិដ្ឋ ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកទស្សនាកម្សាន្តនិងគោរពបូជា។
មិនត្រឹមជាកន្លែងទេសចរណ៍សាសនា វត្តពោធិសាលរាជ (កំពង់) នៅទាំងមានតួនាទីដ៏សំខាន់ក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ។ តាំងពីយូរលង់មក វត្តក៏ជាកន្លែងបណ្តុះបណ្តាលអក្សរសាស្ត្រខ្មែរ សីលធម៌និងតម្លៃប្រពៃណីដល់ព្រះសង្ឃនិងកូនចៅមាមីងជនរួមជាតិខ្មែរ។ សព្វថ្ងៃ វត្តពោធិសាលរាជ (កំពង់) ជាទីតាំងការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង រួមចំណែកក្នុងការពង្រឹងសាមគ្គីសាសនានិងសហគមន៍។
ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្មនិងវប្បធម៌ដ៏ពិសេស ឆ្នាំ ២០០៩ វត្តពោធិសាលរាជ (កំពង់) បានទទួលស្គាល់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិ។ កិត្តិនាមនេះ មិនត្រឹមតែបញ្ជាក់ពីតម្លៃរបស់វត្តប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះវត្តពោធិសាលរាជ (កំពង់) ឱ្យក្លាយជាចំណុចលេចធ្លោក្នុងផែនទីទេសចណ៍វប្បធម៌របស់ខេត្តវិញឡុង។
វត្តពោធិសាលរាជ (កំពង់) ជារមណីយដ្ឋានទេសចរណ៍សាសនា ដែលភ្ញៀវទេសចរមិនគួររំលង។ មកកាន់ទីនេះ ភ្ញៀវទេសចរនឹងមានឱកាសបានទស្សនាសំណង់ព្រះវិហារដែលមានអាយុកាលជាង ១.០០០ ឆ្នាំ ព្រមទាំងបានស្វែងយល់កាន់តែស៊ីជម្រៅអំពីជីវភាពវប្បធម៌និងជំនឿសាសនារបស់ជនរួមជាតិខ្មែរ។ ក្នុងជីវភាព សម័យទំនើបនៃទីក្រុង ទីអារាមនេះ នៅតែរក្សាបានលក្ខណៈបុរាណនិងធ្វើឱ្យសាយភាយតម្លៃវប្បធម៌ប្រពៃណី ក្លាយជាកន្លែងទេសចរណ៍សាសនាដ៏មានអត្ថន័យសម្រាប់ភ្ញៀវទេសចរគ្រប់ទិសទី៕
ទីទុយ-មុនី