ចងចាំដំបូន្មានអ៊ំ៖ “កម្មាភិបាលគឺជាស្នូលនៃការងារទាំងអស់” ហេតុនោះ គ្រប់តំណែងការងារ លោកលឿងង្វៀងភូ លេខាសាខាបក្សនិងជាប្រធានគណៈកម្មការការងាររណសិរ្សភូមិប៊ិញហ្វា ឃុំភឿងប៊ិញ ទីក្រុងកឹងធើ តែងជិតស្និទ្ធនឹងប្រជាជននិងគិតគូរឱ្យប្រជាជនតាមរយៈសកម្មភាពជាក់ស្តែង ទន្ទឹមនឹងនោះ កៀរគរប្រជាជនអនុវត្តល្អការចលនាប្រឡងប្រណាំងនានានៅភូមិឋាន។

លោក លឿងង្វៀងភូ (ខាងឆ្វេង) កម្មាភិបាលគំរូជិតស្និទ្ធប្រជាជន។
សំណេះសំណាលជាមួយយើងខ្ញុំ លោកភូ ចែករំលែក៖ “ឆ្នាំ ២០២១ ដោយបានថ្នាក់ដឹកនាំនិងប្រជាជនជឿទុកចិត្ត ជ្រើសជាលេខាសាខាបក្សនិងជាប្រធានគណៈកម្មការការងាររណសិរ្សភូមិប៊ិញហ្វា ខ្លួនខ្ញុំផ្ទាល់តែងខិតខំរៀនសូត្រ លើកកម្ពស់ស្មារតីទទួលខុសត្រូវសម្រេចល្អភារកិច្ចដែលបានប្រគល់”។ ជាមួយតួនាទីរបស់ខ្លួន លោកភូ តែងធ្វើសេនាធិការនិងស្នើសាខាគណៈកម្មាធិការបក្ស សហការជាមួយអង្គការមហាជន ដោះស្រាយជម្លោះ កង្វល់ក្នុងប្រជាជនបានទាន់ពេល។ ជំរុញការងារឃោសនាផ្សព្វផ្សាយនិងចលនាប្រជាជនអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ ចំពោះគ្រួសារ ដែលមិនទាន់អនុវត្ត គាត់តែងលើកទឹកចិត្ត បញ្ចុះបញ្ចូល ពន្យល់វែកញែកដើម្បីពួកគេយល់និងអនុវត្តតាម។ នៅពេលដែលភូមិឋានចាប់ផ្តើមកសាងជនបទថ្មី គាត់បានពិភាក្សាជាមួយគណៈកម្មាធិការបក្ស និងដាក់ចេញសេចក្តីសម្រេចប្រធានបទជំនាញ ប្រគល់ភារកិច្ចជាក់ស្តែងដល់បក្ខជនម្នាក់ៗ នៅក្នុងសាខាបក្ស។ សហការជាមួយអង្គការមហាជននានាផ្សព្វផ្សាយ ចលនាសមាជិកនិងសមាជិកសម្ព័ន្ធយុវជនចូលរួម។ ផ្តល់ព័ត៌មានជាក់ ស្តែងអំពីខ្លឹមសារនីមួយៗ ដើម្បីឱ្យប្រជាជនយល់អំពីគោលនយោបាយឧបត្ថម្ភរបស់បក្ស និងរដ្ឋ។ ម៉្លោះហើយ គាត់តែងទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងពីប្រជាជន។ លោកភូ ឱ្យដឹង៖ “មុននេះ ខ្ញុំបានចលនាប្រជាជនបរិច្ចាគដីជិត ៩.០០០ ម៉ែត្រការ៉េ ដើម្បីសាងសង់សាលារៀន និងស្ថានីយបូមទឹក កសាងស្ពានថ្មីចំនួន៥ និងជួសជុលស្ពានជនបទចំនួន៦ ដោយទឹកប្រាក់សរុបជាង ១ ពាន់លានដុង។ ចលនាកម្លាំងពលកម្មរាប់រយថ្ងៃដើម្បីជួសជុលផ្លូវជនបទដែលខូចខាត។ ទន្ទឹមនឹងនោះ កសាងទម្រង់ “ដងផ្លូវអុជបំភ្លឺ” ប្រវែង ២.០០០ ម៉ែត្រនិងកៀរគរអំណោយសប្បុរសជនជិត ២០០ ចំណែកជារៀងរាល់ឆ្នាំជូនគ្រួសារក្រីក្រ និងមនុស្ស ចាស់គ្មានទីពឹង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមជាដើម។ នៅឆ្នាំ ២០២៥ ខ្ញុំធ្វើសេនាធិការនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាច ឧបត្ថម្ភ កសាងផ្ទះថ្មី ៨ ខ្នង ជួសជុលផ្ទះ ១ ខ្នងសម្រាប់គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយ...” ។ ដោយសារតែសកម្មភាពទាំងនេះ លោកភូ តែងបានប្រជាជនស្រឡាញ់ និងថ្នាក់ដឹកនាំទុកចិត្ត។
តាមសមមិត្ត ហូហ្វាងឌេប លេខាគណៈកម្មាធិការបក្សឃុំភឿងប៊ិញ ចំពោះការងារ សមមិត្តលឿងង្វៀងភូ តែងខិតខំសម្រេចល្អភារកិច្ច យកចិត្តទុកដាក់ស្តាប់និងឆ្លុះបញ្ចាំងទាន់ពេលនូវគំនិត បំណងប្រាថ្នារបស់ប្រជាជនទៅកាន់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនោះ សមមិត្ត នៅទាំងខ្នះខ្នែងចលនាប្រជាជនចូលរួមក្នុងយុទ្ធនាការនិងការចលនាក្នុងភូមិឋាន រួមចំណែកជាមួយរដ្ឋអំណាចអនុវត្តជោគជ័យនូវភារកិច្ចសេដ្ឋកិច្ចនយោបាយរយៈពេលកន្លង៕
ថាញវ៉ាង-មេងលី