វិទ្យាស្ថានសមាធិទ្រុកឡឹមត្រាវិញ មានទីតាំងនៅក្នុងមណ្ឌលទេសភាពធម្មជាតិយ៉ាងមនោរម្យនៃសមុទ្របាដុង ជាគោលដៅទេសចរណ៍ខាងផ្លូវចិត្តដ៏លេចធ្លោនៃតំបន់សមុទ្រយ្វៀងហាយ។ ជាមួយ នឹងរចនាបថស្ថាបត្យកម្មព្រះពុទ្ធសាសនានៃរជ្ជកាលស្តេចលី - ត្រឹង បរិយាកាសបរិសុទ្ធរួមជាមួយ នឹងទិដ្ឋភាពចម្រុះរវាងព្រៃស្ងាវ និងរលកសមុទ្រ ទីនេះបានក្លាយជាកន្លែងទេសចរណ៍សម្រាប់ភ្ញៀវ ដែលចូលចិត្តភាពបរិសុទ្ធនិងលម្ហែអារម្មណ៍ពីជីវភាពនៃសម័យទំនើប។

រូបភាពមួយចំនួនក្នុងវិទ្យាស្ថានសមាធិទ្រុកឡឹមត្រាវិញ។
ចម្ងាយពីមជ្ឈមណ្ឌលក្រុងត្រាវិញ(ចាស់) ឆ្ពោះទៅទិសអាគ្នេយ៍ ប្រហែល ៦០គីឡូម៉ែត្រ មានវិទ្យាស្ថានសមាធិទ្រុកឡឹមមួយដែលឋិតនៅក្នុងមណ្ឌលអេកូទេសចរណ៍សមុទ្របាដុង នៅសង្កាត់ត្រឿងឡុងហ្វា ខេត្តវិញឡុង។ វិទ្យាស្ថានសមាធិនេះបានសាងសង់លើផ្ទៃដីជិត ១០ ហិកតា សរុបថវិកាជាង ១២០ ពាន់លានដុង ហើយបានសម្ពោធឆ្លងកាលពីឆ្នាំ ២០១៦។ នេះជាវិទ្យាស្ថានសមាធិដ៏ធំមួយនៅតំបន់វាលរាបទន្លេគឺវឡុង ជាទីតាំងទេសចរណ៍ខាងផ្លូវចិត្ត - ទេសចរណ៍គួបផ្សំ ដែលបានភ្ញៀវទេសចរជាច្រើន ជ្រើសរើសពេលមកទស្សនាខេត្តវិញឡុង។
គន់ពីចម្ងាយ វិទ្យាស្ថានសមាធិទ្រុកឡឹមលេចឡើងស្កឹមស្កៃក្រោមផ្ទៃមេឃខៀវល្វឹងល្វើយ ដំបូលប្រក់ក្បឿងដែលមានសណ្ឋានកោងៗលាយឡំជាមួយនឹងដំបូកខ្សាច់សនិងជួរដើមស្ងាវបៃ តង ដែលបញ្ចេញសូរស័ព្ទតាមជំនោរខ្យល់។ បរិយាកាសនៅទីនេះនាំមកនូវអារម្មណ៍ក្សេមក្សាន្ត។ល។ ការធ្វើដំណើរកម្សាន្តជុំវិញវិទ្យាស្ថាន ភ្ញៀវទេសចរអាចមានអារម្មណ៍ស្រស់ស្រាយដោយខ្យល់សមុទ្រលាយឡំជាមួយនឹងក្លិនក្រអូបផ្សែងធូប ញុាំងឱ្យអារម្មណ៍យើងកាន់តែសុខសាន្តនិងធូរស្រាល។ វិទ្យាស្ថានសមាធិទ្រុកឡឹម បានរចនាឡើងតាមរចនាបថស្ថាបត្យកម្មព្រះពុទ្ធសាសនាវៀតណាមរជ្ជកាលស្តេចលី - ត្រឹង (សតវត្សទី ១២ និង ១៤) បានបង្ហាញពីលក្ខណៈ ចម្លាក់យ៉ាងល្អហ្មត់ហ្មង។ គម្រោងសំណង់ ព្រះវិហារទាំងមូលបានធ្វើពីឈើប្រណិត មានលក្ខណៈបុរាណផងនិងឧត្តុង្គឧត្តមផង។ លេចធ្លោនៅក្នុងព្រះវិហារ គឺពុទ្ធបដិមាមួយអង្គសាង ពីស្ពាន់កម្ពស់៣,៥ ម៉ែត្រ ទម្ងន់ជាង៣តោន ដែលចាត់ទុកថាជាព្រះពុទ្ធបដិមាសាងពីស្ពាន់ធំជាងគេក្នុងខេត្ត។

មកកាន់វិទ្យាស្ថានសមាធិទ្រុកឡឹមត្រាវិញ ភ្ញៀវទេសចរមិនត្រឹមតែបានគោរពបូជាព្រះពុទ្ធរូបប៉ុណ្ណោះទេ ថែមទាំងមានឱកាសទស្សនាទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រង ស្តាប់សំឡេងរលកលាយឡំនឹងសូរជួងបន្លឺឡើងក្នុងបរិវេណសមាធិទៀតផង។ នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន ភ្ញៀវទេសចរ ពុទ្ធបរិស័ទនិងប្រជាជនភូមិភាគជាច្រើនមកទីនេះធ្វើសក្ការបូជា សង្រួមចិត្ត ព្រមទាំងដើរកំសាន្តទស្សនាសមុទ្របាដុង ជាឆ្នេរដ៏ស្រស់ស្អាត់មួយនៅខេត្តវិញឡុង ដែលមិនឆ្ងាយពីវិទ្យាស្ថានសមាធិនោះឡើយ។
ជាមួយនឹងបរិយាកាសបរិសុទ្ធ ស្ថាបត្យកម្ម ពិសេសនិងមានតម្លៃខាងផ្លូវចិត្តដ៏ជ្រាលជ្រៅ វិទ្យាស្ថានសមាធិទ្រុកឡឹមត្រាវិញ មិនត្រឹមតែជាកន្លែងសក្ការបូជាដ៏មានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទេសចរណ៍ ដែលរួមចំណែកធ្វើឱ្យសម្បូរបែបជាងទៀតពីរូបភាពវប្បធម៌ និងជំនឿពិសេសដោយឡែកនៃតំបន់ដីខេត្តវិញឡុង រួសរាយរាក់ទាក់ភ្ញៀវ៕
ទីទុយ - ថាច់ធី