នាយករដ្ឋមន្ត្រី ផាមមិញជិញ ដឹកនាំកិច្ចប្រជុំបូកសរុបបណ្ដោះអាសន្នការអនុវត្តភាគកម្រិត អភិវឌ្ឍន៍លំនៅឋានសង្គមរយៈពេល៧ខែ ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ៥ខែចុងឆ្នាំ ២០២៥។ កិច្ចប្រជុំបានតភ្ជាប់ទីតាំងចំនួន៣៤នៃគណៈកម្មាធិការប្រជាជន ខេត្ត ក្រុងក្នុងទូទាំងប្រទេស។

នាយករដ្ឋមន្ត្រី ផាមមិញជិញ ថ្លែងការណ៍បើកកិច្ចប្រជុំបូកសរុបបណ្ដោះអាសន្នការអនុវត្តភាគកម្រិតលំនៅឋានសង្គមក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ៥ខែ
ចុងឆ្នាំ២០២៥។ រូបថត៖ VGP/ញ៉ឹកបាក់
លោក ត្រឹងវុាំងឡូវ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមជាមួយនឹងថ្នាក់ដឹកនាំ មន្ទីរ ផ្នែកពាក់ព័ន្ធនានារបស់ក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំនៅទីតាំងតភ្ជាប់បណ្ដាញទីក្រុងកឹងធើ។
តាមរបាយការណ៍របស់ក្រសួងសំណង់ បច្ចុប្បន្ន ទូទាំងប្រទេស មានគម្រោងលំនៅឋានសង្គមចំនួន៦៩២ ដែលកំពុងផ្សព្វផ្សាយអនុវត្តដោយមានទ្រង់ទ្រាយចំនួន ៦៣៣.៥៥៩ខ្នង ក្នុងនោះ មានគម្រោងចំនួន១៤៦ បានអនុវត្តសម្រេចជាមួយនឹងទ្រង់ទ្រាយ១០៣.៧១៧ខ្នង។ តាមរយៈការត្រួតពិនិត្យជាក់ស្តែង និងការបូកសរុបរបាយការណ៍របស់ភូមិភាគនានា ស្តីពីការអនុវត្តភាគកម្រិតអភិវឌ្ឍន៍លំនៅឋានសង្គម ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទូទាំងប្រទេសបានអនុវត្តសម្រេចជាង៣៦.៩៦២ខ្នង សម្រេចបាន៣៧% ហើយរំពឹងថា នៅចុងឆ្នាំ២០២៥ ទូទាំងប្រទេសនឹងសាងសង់បង្ហើយបាន៣៦.៧០០ខ្នងបន្ថែមទៀត សម្រេចបាន៧៣% នៃផែនការ។ ក្នុងនោះ នៅតាមភូមិភាគនានា ដូចជាខេត្តបាក់និញ ក្វាងនិញ ង៉ែអាង និងឡាវកៃ បានសម្រេចជាង៥០% នៃភាគកម្រិតបានកំណត់; ចំណែកនៅភូមិភាគឯទៀតដូចជា ក្រុងហាយផុង ក្រុងហ្វេ ខេត្តក្វាងនិញ ខេត្តតៃនិញជាដើម អាចមានលទ្ធភាពអនុវត្តសម្រេចលើសភាគកម្រិតឆ្នាំ២០២៥; និងនៅភូមិភាគមួយចំនួនខ្លះទៀត អាចមានលទ្ធភាពអនុវត្តសម្រេចភាគកម្រិតប្រចាំឆ្នាំជាង៥០%។

លោក ត្រឹងវុាំងឡូវ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ ក្រសួង ផ្នែក រួមជាមួយនឹងភូមិភាគនានាបានរាយការណ៍អំពីលទ្ធផលដែលបានផ្សព្វផ្សាយអនុវត្ត ក៏ដូចជាបញ្ហាជាប់ជំពាក់ក្នុងការអនុវត្តយឺតយ៉ាវនៃភាគកម្រិតអភិវឌ្ឍន៍លំនៅឋានសង្គមឆ្នាំ២០២៥។ ដើម្បីដោះស្រាយការលំបាក ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្រសួងសំណង់នឹងបន្តសហការជាមួយក្រសួង ផ្នែកពាក់ព័ន្ធនានា ដើម្បីបង្ហើយសេចក្តីព្រាងសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តី ស្តីពីការកែតម្រូវភាគកម្រិតលំនៅឋានសង្គមឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់រហូតដល់ឆ្នាំ២០៣០; គណៈកម្មាធិការប្រជាជនខេត្ត ក្រុងគប្បីយកចិត្តទុកដាក់ចង្អុលការ ដាស់តឿនអ្នកវិនិយោគផ្សព្វផ្សាយគម្រោងវិនិយោគកសាងលំនៅឋានសង្គម ក្នុងទ្រង់ទ្រាយសមស្រប; ធានាបាននូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ ធ្វើការផ្ទាល់ជាមួយអ្នកវិនិយោគដើម្បីក្តាប់ស្ថានភាព និងដោះស្រាយការលំបាកចំពោះមុខ សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគផ្សព្វផ្សាយ អនុវត្តគម្រោងត្រូវតាមល្បឿនដំណើរការដែលបានកំណត់ ខិតខំអនុវត្តសម្រេចភាគកម្រិតដែលបានកំណត់ក្នុងការអភិវឌ្ឍលំនៅឋានសង្គម ឆ្នាំ ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានបញ្ជាក់៖ ការអភិវឌ្ឍលំនៅឋានសង្គម ត្រូវបានចាត់ទុកថា ជាភារកិច្ចសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគនានា។ ជាមួយនឹងទិសដៅធានាឱ្យប្រជាជនគ្រប់រូប មានកន្លែងស្នាក់នៅនិងធ្វើការ នាយករដ្ឋមន្ត្រី បានសំណូមពរដល់ក្រសួងសំណង់ និងក្រសួង ផ្នែកពាក់ព័ន្ធនានា គប្បីមានវិធីរៀបចំការអនុវត្តភាគកម្រិតអភិវឌ្ឍលំនៅឋានសង្គម។ ជាពិសេស ដើម្បីអនុវត្តសម្រេចភាគកម្រិត លំនៅឋានសង្គមក្នុងទូទាំងប្រទេសសម្រេចឱ្យបាន១០០.០០០ ខ្នងក្នុងឆ្នាំ ២០២៥ ក្រសួង ផ្នែកនិងភូមិភាគនានា គប្បីកៀរគរយ៉ាងសកម្មនូវការចូលរួមក្នុងទូទាំងប្រព័ន្ធនយោបាយ និងការចូលរួមរបស់សង្គមទាំងមូលក្នុងការអភិវឌ្ឍលំនៅឋានសង្គមនៅតាមភូមិភាគនានា។ ទន្ទឹមនឹងនោះ គប្បីយកចិត្តទុកដាក់លើការរៀបចំកញ្ចប់ឥណទានអាទិភាពដល់កម្មាភិបាល បុគ្គលិកនិងនិយោជិតដែលជួបការលំបាកខាងលំនៅឋាន ដើម្បីបុលទុន ទិញលំនៅឋានសង្គម; ផ្ដុំកម្លាំងពិនិត្យឡើងវិញចំនួនកម្មាភិបាល បុគ្គលិកនិងនិយោជិតដែលមានការលំបាកខាងលំនៅឋាន អាស្រ័យការរួមបញ្ចូលព្រំប្រទល់រដ្ឋបាលថ្មី ដើម្បីមានវិធានការជំនួយ។ ភូមិភាគនានាគប្បីផ្ដោតការយកចិត្តទុកដាក់អនុវត្តដោះស្រាយការលំបាកដែលជាប់ជំពាក់ និងពន្លឿនដំណើរការអនុវត្តគម្រោងលំនៅឋានសង្គម ដែលបាននិងកំពុងផ្សព្វផ្សាយ ខិតខំអនុវត្តសម្រេចភាគកម្រិតបានកំណត់ ស្ដីពីការអភិវឌ្ឍលំនៅឋានសង្គមក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់រហូតដល់ឆ្នាំ២០៣០៕
អត្ថបទនិងរូបថត៖ មីហ្វា - បកប្រែ៖ ថាច់ធី