មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/07/2025 - 10:02

ធ្វើ​មាន​សម្រាប់​គ្រួ​សារ​និង​សហគមន៍ 

មិន​ត្រឹម​តែ​ជា​គ្រួ​សារ “អ្នក​មាន​ក្នុង​ភូមិ” ប៉ុណ្ណោះ​ទេ លោក​ថាច់​រឿង អា​យុ​៥៦​ឆ្នាំ នៅ​ភូមិ៥ ឃុំ​វិញ​តឿង ក្រុង​កឹង​ធើ ក៏​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ដោយ​មាន​ការ​រួម​ចំ​ណែក​ជា​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ភូមិ​ស្រុក​និង​រក្សា​លំ​នឹង​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ទៀត​ផង។

លោក​ថាច់​រឿង បាន​រដ្ឋ​មន្រ្តី​ក្រ​សួង​នគរ​បាល​ជូន​ប័ណ្ណ​សរ​សើរ​ដោយ​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិ​សុខ​មាតុ​ភូមិ​នៅ​តំ​បន់​ជន​ជាតិ​ ភាគ​តិច​តីណាម​បូ ដំ​ណាក់​កាល ២០១៨ - ២០២៤។

កើត​និង​ធំ​ដឹង​ក្ដី​នៅ​តំ​បន់​ដី​កសិ​កម្ម​វិញ​តឿង ដោយ​មិន​ស៊ូ​ទ្រាំ​នឹង​វាសនា​ក្រី​ក្រ តាំង​ពី​កុមារ​ភាព លោក​រឿង​តែង​មាន​បំ​ណង​ប្រាថ្នា ចង់​មាន​ចង់​បាន​រួច​ហើយ។ ក្រោយ​រៀប​ការ​នៅ​ឆ្នាំ​១៩៩០ ប្ដី​ប្រ​ពន្ធ​គាត់​បាន​ឪ​ពុក​ម្ដាយ​ចែក​ដី​ស្រែ​ឱ្យ​៥​កុង ចេញ​រស់​នៅ​ដោយ​ឡែក។ ជា​មួយ​នឹង​ចរិត​ឧស្សាហ៍​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក និង​ចង់​ក្លាយ​ជា​អ្នក​មាន​ស្រប​ច្បាប់ ប្ដី​ប្រ​ពន្ធ​គាត់​បាន​ធ្វើ​ស្រែ​ផ្ទះ​និង​ជួល​ដី​ស្រែ​បន្ថែម​សម្រាប់​ផលិត​កម្ម។

លោក​រឿន រៀប​រាប់ កាល​នោះ តម្លៃ​ជួល​ដី​ថោក​ណាស់ ក្នុង​មួយ​ឆ្នាំ​ថ្លៃ​ត្រឹម​តែ ១-២ ជីមាស​/កុង​ប៉ុណ្ណោះ។ ក្រៅ​ពី​ធ្វើ​ស្រែ ប្ដី​ប្រ​ពន្ធ​គាត់​ថែម​ទាំង​ចិញ្ចឹម​ជ្រូក មាន់ ទា​ទៀត​ផង​។ល។ ដំ​ណាក់​កាល ១៩៩០ - ១៩៩៥ ផ្ដើម​ពី​ការ​ធ្វើ​ស្រែ​និង​ចិញ្ចឹម​សត្វ ក្នុង​មួយ​ឆ្នាំ​ៗគ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​ពី ៤០-៥០ លាន​ដុង។ ប្ដី​ប្រ​ពន្ធ​គាត់​បាន​សន្សំ​សម្រាប់​ជួល​និង​ទិញ​ដី​បន្ថែម។ ដី​ផលិត​ចេះ​តែ​កើន​ឡើង​រហូត​ដល់​ឆ្នាំ ២០១៥ គាត់​មាន​ដី​ស្រែ​៥ហិក​តា ការ​ធ្វើ​ស្រែ​របស់​គាត់​រដូវ​ណា​ក៏​កាក់​កប។

 លោក​ថាច់​រឿង (ខាង​ស្ដាំ) តែង​ទៅ​សំ​ណេះ​សំ​ណាល​និង​ចលនា​មា​មីង​អនុវត្ត​ឱ្យ​
បានត្រឹមត្រូវនូវបទប្បញ្ញតិ្តច្បាប់។

ដោយ​សង្កេត​ឃើញ​ថា ការ​ប្រ​មូល​ផល​និង​លក់​ស្រូវ​នៅ​នឹង​វាល​ស្រែ មិន​ចំ​ណេញ​ស្មើ​នឹង​ការ​ស្ដុក​ស្រូវ​ទុក​រង់​ចាំ​តម្លៃ​ខ្ពស់ ទើប​នៅ​ឆ្នាំ ២០១៥ លោក​រឿង បាន​វិនិ​យោគ​ជាង ៥០០ លាន​ដុង​សង់​ឡ​សម្ងួត​ដោយ​ប្រើ​គ្រឿង​ចក្រ​ទំ​នើបៗ។ ចាប់​តាំង​ពី​នោះ​មក ស្រូវ​ស្ដុក​ទុក​តែង​សម្រេច​បាន​គុណ​ភាព និង​លក់​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់។ លោក​រឿង ថែម​ទាំង​ទិញ​ស្រូវ​ពី​គ្រួ​សារ​កសិករ​ក្នុង​ភូមិ​មក​សម្ងួត​និង​ស្ដុក​ទុក​រង់​ចាំ​តម្លៃ​ខ្ពស់​ទើប​លក់។ ចាប់​ពី​ឆ្នាំ ២០១៦ មក​ដល់​បច្ចុប្បន្ន ក្នុង​មួយ​ឆ្នាំៗ​គាត់​ស្ដុក​ស្រូវ​ទុក​ពី ៥០០​-៨០០ តោន; ក្រោយ​ពី​លក់​និង​ទូ​ទាត់​ចំ​ណូល​ចំ​ណាយ​រួច គាត់​នៅ​ចំ​ណេញ​ពី ៦០០​-៩០០ លាន​ដុង។

មិន​ត្រឹម​តែ​ធ្វើ​មាន​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ លោក​រឿង ក៏​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ដោយ​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​ដើម្បី​ជួយ​ភូមិ​ភាគ​រីក​ចម្រើន​ទៀត​ផង។ កាល​ពី​ប៉ុន្មាន​ខែ​មុន ឃើញ​ជើង​ស្ពាន​ម្ខាង​ចាប់​ឆ្លង​ប្រ​ឡាយ​ណាង​បែន ភូមិ​៥ ឃុំ​វិញ​តឿង មាន​អន្លើ​ខ្លះ​បាក់​បែក ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ចរា​ចរណ៍​ទៅ​មក។ មិន​ចាំ​ការ​អំ​ពាវ​នាវ គាត់​បាន​រាយ​ការណ៍​ទៅ​ភូមិ ហើយ​ចំ​ណាយ​ប្រាក់​ជិត ៥ លាន​ដុង​ដើម្បី​ទិញ​ខ្សាច់ ថ្ម ស៊ី​ម៉ង់ត៍​រួម​ជា​មួយ​មា​មីង​ក្នុង​ភូមិ​ជួស​ជុល​កែ​លម្អ។

រយៈ​ពេល​ជាង ១០ ឆ្នាំ​កន្លង គិត​មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំៗ លោក​រឿង បាន​រួម​ចំ​ណែក​ជាង​២០ លាន​ដុង​សម្រាប់​ជំ​នួយ​ជួស​ជុល កែ​លម្អ​ស្ពាន ផ្លូវ និង​ជូន​អំ​ណោយ​សៀវ​ភៅ​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​និង​ក្រៅ​ភូមិ។ លោក​រឿង នៅ​ទាំង​សកម្ម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ជូន​ប្រ​ជា​ជន ពិ​សេស​គឺ​ការ​អនុវត្ត​ម៉ឺង​ម៉ាត់​បទ​ប្បញ្ញត្តិ រក្សា​សន្ដិ​សុខ​នៅ​ភូមិ​ភាគ។

លោក​យ័ញ​យឿង​ខាញ ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ រ៉ាយ​រ៉ាប់៖ “ពី​មុន​នេះ ពេល​បើក​បរ​ម៉ូតូ​តាម​ផ្លូវ​ជន​បទ ខ្ញុំ​មិន​សូវ​ពាក់​មួក​សុ​វត្ថិ​ភាព ព្រោះ​គិត​ថា​មិន​ចាំ​បាច់។ ពូ​រឿង បាន​ពន្យល់​ជួយ​ឱ្យ​ខ្ញុំ យល់​ឃើញ​ថា ពាក់​មួក​សុ​វត្ថិ​ភាព​ពេល​បើក​បរ មិន​ត្រឹម​តែ​ការ​ពារ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ឱ្យ​ឃើញ​នូវ​វប្ប​ធម៌​ចរា​ចរណ៍​ទៀត​ផង ទើប​បច្ចុប្បន្ន​នេះ ពេល​បើក​បរ​មិន​ថា​ទៅ​ឆ្ងាយ ជិត ឬ​ទៅ​ណា​ក៏​ដោយ ខ្ញុំ​តែង​ពាក់​មួក​សុ​វត្ថិ​ភាព​ជា​និច្ច”៕

    ភឿក​ទ្វឹង - ថាច់​ធី

ចែករំលែកអត្ថបទ