ទម្រង់ចិញ្ចឹមសត្វប្រចៀវយកលាមក នាំមកប្រាក់ចំណូលជាង ១៥០ លានដុងក្នុងមួយឆ្នាំ ជូនគ្រួសារបងឡុកហឺវងៀ នៅភូមិកិញ៩ ឃុំគៀងប៊ិញ ស្រុកគៀងលឿង ខេត្តគៀងយ៉ាង។ រយៈពេលជាង១០ឆ្នាំទទួលបានជោគជ័យ នេះអាចចាត់ទុកជាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព។

បងងៀ ជ្រើសស្លឹកត្នោតដើម្បីផ្លាស់ស្លឹកបាក់ពុកក្នុងរោងចិញ្ចឹមប្រចៀវ។
ណែនាំពីរបៀបចិញ្ចឹមប្រចៀវខ្មៅយកលាមក បងងៀ ឱ្យដឹង៖ ដើម្បីឱ្យសត្វប្រចៀវនៅយូរនិងទាក់ទាញសត្វប្រចៀវថ្មីមកនៅថែមទៀតនោះ ពេលសង់រោងចិញ្ចឹមត្រូវមានការយល់ដឹងពីទម្លាប់រស់នៅរបស់សត្វប្រចៀវ។ ជាក់ស្តែង ពេលសង់រោងត្រូវជ្រើសទីតាំងស្ងាត់ កំបាំង មិនសូវមានសំឡេងអ៊ូអរ ហើយដើមឈើនៅជុំវិញត្រូវទាបជាងរោង។ល។ រោងចិញ្ចឹមត្រូវសង់ខ្ពស់ស្រឡះ ស្រឡំ ក្នុងរដូវក្តៅមានខ្យល់ត្រជាក់ ក្នុងរដូវរងាមានក្ដៅហ៊ុម និងស្អាតបាតជានិច្ច ដើម្បីសីតុណ្ហភាពក្នុងរោងលំនឹង; ត្រូវសង់រោងនៅក្បែរប្រឡាយ អណ្តូងដើម្បីប្រចៀវងាយស្រួលចុះផឹកទឹក។ ក្រៅពីនោះ ដោយសារប្រចៀវជុះលាមកធ្វើឱ្យប្រឡាក់ស្លឹកត្នោត ម្ល៉ោះហើយក្នុងរង្វង់មួយសប្តាហ៍ គឺត្រូវយកសំណុំស្លឹកចាស់ចុះសម្អាត ហាលឱ្យស្ងួតឬផ្លាស់ស្លឹកថ្មី។ កំណត់ចំណាំ គួរផ្លាស់ស្លឹកពេលសត្វប្រចៀវចេញពីរោងទៅរកស៊ី ពីព្រោះ បើជួបមនុស្សប្រចៀវនឹងចោលរោង។
ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលចិញ្ចឹមប្រចៀវ អ្នកចិញ្ចឹមគប្បីមើលរោងប្រចៀវជាប្រចាំក្នុងរដូវភ្លៀងត្រូវយកស្លឹកបិទបាំងជុំវិញរោង ប្រការនេះដើម្បីធ្វើឱ្យក្ដៅហ៊ុមផងនិងចៀសវាងភ្លៀងសាចបណ្តាលឱ្យសើមប្រចៀវ និងស្លឹកត្នោតក្នុងរោងផង។ ក្នុងរដូវក្តៅ គប្បីយកស្លឹកត្នោតចេញខ្លះពីរោង ដើម្បីប្រចៀវស្រឡះត្រជាក់។ ប្រភេទស្លឹកត្នោតដែលជ្រើសយកមកធ្វើរោងក៏ត្រូវជ្រើសហ្មត់ចត់ដែរ ពោលគឺស្លឹកដែលនៅជាមិនបាក់ចុងស្លឹក។ ទន្ទឹមនឹងនោះ ពេលផ្លាស់ស្លឹកត្នោតក្នុងរោងស្លឹកដែលពុកឬបាក់ក៏ត្រូវផ្លាស់ចេញដែរ ពីព្រោះទុកដូច្នេះ ពេលប្រចៀវហើរចូលរោងនឹងប៉ះធ្វើឱ្យប្រចៀវរងរបួស ហើយអាចងាប់ដោយសារប៉ះទង្គិចខ្លាំង។

តំបន់សង់រោងចិញ្ចឹមសត្វប្រចៀវ របស់គ្រួសារបងឡុកហឺវងៀ។
ពស់កុកនិងសង្កើចសត្វពីរប្រភេទនេះជាសត្រូវធម្មជាតិរបស់ប្រចៀវខ្មៅ; ប្រចៀវនឹងមិនចូលនៅប្រសិនបើក្នុងរោងមានសត្រូវធម្មជាតិពីរប្រភេទនេះ។ ព្រោះហេតុនោះ ទន្ទឹមនឹងយកចិត្តទុកដាក់វិនិច្ឆ័យ បើក្នុងរោងប្រចៀវមានសង្កើចនៅជើងសសររោងប្រចៀវ គប្បីប្រើបំពង់ជ័រ PVC បន្ទាប់មកចាក់បេតុងខាងក្នុង ដើម្បីកុំឱ្យពស់លូនឡើងរោងបង្កឱ្យគ្រោះថ្នាក់ដល់ប្រចៀវ។ ដើម្បីងាយស្រួលប្រមូលលាមកប្រចៀវ (ពីព្រោះទុកកន្លងរាត្រី បើត្រូវភ្លៀងលាមកនឹងហូរចេញ មិនអាចលក់បាន) ខាងក្រោមរោងនីមួយៗ បងងៀ ក្រាលសំណាញ់ត្រង។
លាមកប្រចៀវ ជាជីដ៏ល្អសម្រាប់ដាក់ផ្ការុក្ខជាតិ លម្អដំណាំឈើហូបផ្លែ។ល។ ហេតុនោះ ជីលាមកប្រចៀវ គឺងាយស្រួលអំពីច្រកចេញ។ អាស្រ័យហេតុនោះ បរិមាណជីលាមកប្រចៀវរបស់គ្រួសារ ប្រមូលផលបានសុទ្ធតែបានឈ្មួញមកពីខេត្តអាងយ៉ាង និងដុងថាប មកប្រមូលទិញដល់កន្លែងតែម្តង។ បងងៀ គិតស្មានៗ មធ្យមភាគក្នុងមួយថ្ងៃ រោងប្រចៀវមួយប្រមូលលាមកបានប្រហែលពី៥-៦ គីឡូក្រាម។ បច្ចុប្បន្ន លាមកប្រចៀវមានតម្លៃពី ៦០.០០០ - ៦៥.០០០ ដុងក្នុងមួយគីឡូក្រាម ក្នុងមួយខែគ្រួសារបងរកបានប្រាក់ចំណូលរាប់សិបលានដុង។ មធ្យមភាគក្នុងមួយឆ្នាំ ក្រោយពីទូទាត់ប្រាក់វិនិយោគ ជួសជុលរោង។ល។ គ្រួសារបងរកបានចំណូលប្រមាណ ១៥០ លានដុង៕
យោង៖ Baocanthoonline - វិមាន