ការរស់នៅប្រិតសំចៃនិងខ្នះខ្នែងក្នុងការពលកម្មផលិត ប្តីប្រពន្ធបងស្រីតូធីហ្វាន់ហឿងនិងតាំងឌាក នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងខិតខំប្រឹងប្រែងប្រកបការងាររកស៊ី ដើម្បីចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។

បងស្រីតូធីហ្វាន់ហឿង កំពុងបេះសាឡាត។
ពីរនាក់ប្តីប្រពន្ធបងស្រីហឿង ចេញរស់នៅដោយឡែកបានឪពុកម្ដាយចែកដីចម្ការបាន១កុង ដើម្បីសង់ខ្ទមតូចមួយសម្រាប់ស្នាក់រស់នៅនិងដាំដំណាំរួមផ្សំ ជីវភាពកាលនោះជួបការលំបាកខ្លាំងណាស់។ ហេតុនោះ ពេលកូននៅតូច ប្តីប្រពន្ធគាត់ឡើងទៅខេត្តបារៀ-វុងតាវ ធ្វើការឈ្នួលឱ្យមូលដ្ឋានច្នៃត្រីងៀត។ ជាច្រើនឆ្នាំក្រោយមក បងស្រីក៏ត្រឡប់មកផ្ទះវិញ ដើម្បីគិតគូរឱ្យកូនរៀនសូត្រផងនិងជួលដីដាំដំណាំរួមផ្សំផង។ សង្កេតឃើញប្តីប្រពន្ធគាត់ខ្នះខ្នែងរកស៊ី រស់នៅចេះប្រិតសំចៃ ទើបរដ្ឋអំណាចមូលដ្ឋានបានពិនិត្យឧបត្ថម្ភសង់ផ្ទះមេត្តាធម៌ គោចិញ្ចឹម និងឱ្យបុលទុនអនុគ្រោះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដោយចរិតឧស្សាហ៍ព្យាយាមពលកម្មផលិត ហេតុនោះពេលមានឱកាស ប្តីប្រពន្ធគាត់ផ្តុំកម្លាំងធ្វើការរកស៊ី ដើម្បីចាកផុតពីភាពក្រីក្រ។ បងស្រីហឿង ឱ្យដឹង៖ “ពេលខ្ញុំវិលមកស្រុកកំណើតវិញ បានរដ្ឋអំណាចសង់ផ្ទះជូន ខ្ញុំមានក្តីត្រេកអរក្រៃលែង ហើយខ្ញុំជួលដីបន្ថែមដើម្បីដាំដំណាំរួមផ្សំ។ ដើម្បីមានប្រាក់ចំណូលជាប្រចាំ ខ្ញុំដាំបន្លែឆ្លាស់គ្នា ដូចជា៖ ស្ពៃចង្កឹះ សាឡាត ស្ពៃខៀវ ខ្ទឹមស្លឹក គូឆាយ ស្ពៃផ្កា ត្រសក់។ល។ ផ្តើមពីនោះ មានប្រាក់ចំណូលលំនឹង ជីវភាពបានធូរធារជាបណ្តើរៗ”។

បងតាំងឌាក ប្តីបងស្រីតូធីហ្វាន់ហឿង កំពុងថែទាំខ្ទឹមស្លឹក។
ដោយប្តេជ្ញាចិត្តជួយគ្រួសារចាកផុតពីភាពក្រីក្រ ហេតុនោះ ផ្តើមពីផ្នែករៀបចំដី ថែទាំរហូតដល់ប្រមូលផល ប្តីប្រពន្ធបងស្រីហឿងធ្វើដោយខ្លួនឯង ម្ល៉ោះហើយចំណាយដើមទុនតិច។ រកបានប្រាក់ចំណេញ គាត់សន្សំសំចៃទុកទិញដីនិងសង់ផ្ទះ។ ដោយក្តាប់បានពីតម្រូវការរបស់ប្រជាជនដាំដំណាំ ម្ល៉ោះហើយបងស្រីហឿង បានវិនិយោគទិញម៉ាស៊ីន ភ្ជួររាស់ដីដាំដំណាំ ដើម្បីភ្ជួររាស់ដីរបស់គ្រួសារផង និងធ្វើសេវាកម្មផង។
ក្រោយពីដាំដំណាំរួមផ្សំ១០ឆ្នាំ ប្តីប្រពន្ធបងស្រីហឿង ទិញដីដាំដំណាំបាន៣កុង ដីស្រែ៥កុង សម្រាប់ធ្វើស្រែ ទន្ទឹមនឹងនោះ កូនៗទាំង៣នាក់ បានឧទ្ទេសនាមការងារធ្វើនៅក្នុងក្រុមហ៊ុនជលផល មានប្រាក់ចំណូលលំនឹង។ មកទល់ពេលនេះ បងស្រីហឿង សង់បានផ្ទះឥដ្ឋមួយខ្នងយ៉ាងសមរម្យនិងមានជីវភាពធូរធារ។ បងស្រីហឿង ឱ្យដឹង៖ “ដោយបានរដ្ឋឧបត្ថម្ភផ្ទះ ដើមទុននិងកូនពូជ ខ្ញុំគិតថា នេះគឺជាឱកាសជួយអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីចាកផុតពីភាពក្រីក្រ។ ហេតុនេះ ប្តីប្រពន្ធខ្ញុំ លើកទឹកចិត្តគ្នាត្រូវតែប្រឹងប្រែងប្រកបការងាររកស៊ី រស់នៅប្រិតសំចៃ និងសន្សំបន្តិចម្តងៗដើម្បីទិញដីបន្ថែម។ ឥឡូវ ជីវភាពបានធូរធារ ខ្ញុំកាន់តែប្ដេជ្ញាចិត្តជាងទៀតក្នុងការរកស៊ី និងសន្សំទិញដីបន្ថែម ដើម្បីអនាគតកូនៗមិនលំបាកដូចឪពុកម្តាយ”។
លោកសើុងអ៊ុយ លេខាសាខាបក្សឃុំព្រែកឆ្វេង ឱ្យដឹង៖ “ប្តីប្រពន្ធបងស្រីហឿង ស៊ូទ្រាំលំបាកធ្វើការរកស៊ី មានឆន្ទៈឈានឡើងក្នុងជីវភាព ម្ល៉ោះហើយ ពេលបានរដ្ឋជំនួយកម្លាំង បង្កជាកម្លាំងចលករបន្ថែមក្នុងពលកម្មផលិត និងឈានឡើងចាកផុតពីភាពក្រីក្រ។ ឥឡូវ គ្រួសារបងស្រីហឿង ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលលេចធ្លោក្នុងការចាកផុតពីភាពក្រីក្រ ឈានឡើងធូរធាររបស់ភូមិភាគ”៕
យីអាញ-វិមាន