ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/05/2025 - 10:13

ប្រ​ធាន​ព្រឹទ្ធ​សភា ហ៊ុន​សែន បញ្ជាក់​ពី​គុណ​បំ​ណាច​របស់​វៀត​ណាម​ដែល​ជួយ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​គ្រោះ​ប្រ​ល័យ​ពូជ​សាសន៍ 

ក្នុង​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​ឥណ្ឌូ​នេស៊ី​នា​ពេល​ថ្មីៗ​នេះ ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ប្រ​ធាន​ព្រឹទ្ធ​សភា​កម្ពុ​ជា អតីត​នា​យក​រដ្ឋ​មន្រ្តី​កម្ពុជា​ សម្ដេច​តេ​ជោ ហ៊ុន​សែន បាន​ធ្វើ​បទ​បង្ហាញ​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​អា​ស៊ាន និង​អា​ស៊ី​បូព៌ា (ERIA) នៅ​ទី​ក្រុង​ហ្សា​កា​តា អំ​ពី “សន្ដិ​ភាព​និង​ការ​បង្រួប​បង្រួម​ជាតិ​នៅ​កម្ពុជា៖ មេ​រៀន​សម្រាប់​អា​ស៊ី​អា​គ្នេយ៍”។

ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ប្រ​ធាន​ព្រឹទ្ធ​សភា​កម្ពុជា ហ៊ុនសែន ក្នុង​ឱកាស​ធ្វើ​បទ​បង្ហាញ។

តាម​អ្នក​យក​ព័ត៌​មាន​របស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ប្រ​ចាំ​នៅ​ទី​ក្រុង​ហ្សា​កា​តា ក្នុង​ឱកាស​ធ្វើ​បទ​បង្ហាញ ថ្នាក់​ដឹក​នាំ​កម្ពុជា រំភើប​ចិត្ត​ហើយ​រំលឹក​ឡើង​វិញ​នូវ​ពេល​វេ​លា​ប្រ​វត្តិ​សាស្រ្ត​ពិ​សេស ខណៈ​ពេល​គាត់​មក​វៀត​ណាម​ក្នុង​ឆ្នាំ ១៩៧៧ ដោយ​សុំ​ឱ្យ​វៀត​ណាម​ជួយ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប្រ​ល័យ​ពូជ​សាសន៍​ប៉ូល​ពត។ លោក​បាន​ថ្លែង​ថា៖ “ប្រ​សិន​គ្មាន​ការ​គាំ​ទ្រ​ពី​វៀត​ណាម​នៅ​ពេល​នោះ​ទេ គឺ​គ្មាន​ប្រ​ទេស​ណា​អាច​ជួយ​កម្ពុជា​ផ្ដួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ប៉ូល​ពត​ដែល​បង្ហូរ​ឈាម​ឡើយ។ យើង​ត្រូវ​តែ​ការ​ពារ​ការ​ពិត​នៃ​ប្រ​វត្តិ​សាស្រ្ត​នេះ ដើម្បី​កុំ​ឱ្យ​អំ​ពើ​ឃោរ​ឃៅ​បែប​នេះ​កើត​ឡើង​ម្តង​ទៀត”។

តាម​ប្រ​សាសន៍​ប្រ​ធាន​ព្រឹទ្ធ​សភា ហ៊ុន​សែន ក្នុង​រយៈ​ពេល​ជាង ៤០ ឆ្នាំ​កន្លង តែង​កើត​មាន​ការ​ចោទ​ប្រ​កាន់​ប្រ​ឆាំង​មក​លើ​ប្រ​ទេស​វៀត​ណាម និង​និន្នា​ការ​ជ្រុល​និយម​ក្នុង​ការ​បដិ​សេធ​នូវ​អត្ថិ​ភាព​ពី​បទ​ប្រ​ល័យ​ពូជ​សាសន៍​ក្រោម​របប​ខ្មែរ​ក្រ​ហម។ លោក​បាន​អំ​ពាវ​នាវ​ការ​ពារ​ដាច់​ខាត់​នូវ​ការ​ពិត​ប្រ​វត្តិ​សាស្រ្ត ជា​ពិសេស​ដើម្បី​ទប់​ស្កាត់​អំ​ពើ​ឧក្រិដ្ឋ​កម្ម​ដ៏​សា​ហាវ​ស្រ​ដៀង​នេះ​កើត​ឡើង​ម្តង​ទៀត។ ថ្នាក់​ដឹក​នាំ​កម្ពុជា បាន​សង្កត់​ធ្ងន់​លើ​តម្លៃ​យូរ​អង្វែង​នៃ​សន្ដិ​ភាព និង​សារៈ​សំ​ខាន់​នៃ​ការ​យល់​ដឹង​ប្រវត្តិ​សាស្រ្ត​ក្នុង​ការ​ទប់​ស្កាត់​ជម្លោះ​នា​ពេល​អនា​គត។

កាល​ពី​ឆ្នាំ​មុន កម្ពុជា​បាន​ប្រា​រព្ធ​ខួប ៤៥ ឆ្នាំ ទិវា​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រ​ហម (១៩៧៩ - ២០២៤)។ ក្នុង​អំ​ឡុង​ពេល​កាន់​អំ​ណាច​ជាង ៣ ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ ១៩៧៥ របប​ប្រ​ល័យ​ពូជ​សាសន៍ ដែល​ដឹក​នាំ​ដោយ​ប៉ូល​ពត - អៀង​សា​រី បាន​សម្លាប់​ប្រ​ជា​ជន​ស្លូត​ត្រង់​អស់​ជាង ៣ លាន​នាក់។ ក្នុង​ភាព​យន្ត​ឯក​សារ​ប្រ​វត្តិ​សាស្រ្ត​ដែល​មាន​ចំ​ណង​ជើង​ថា “ដំ​ណើរ​ឆ្ពោះ​ទៅ​សង្រ្គោះ​ជាតិ” លោក​ហ៊ុន​សែន ធ្លាប់​បាន​ចែក​រំលែក​ថា នៅ​ពេល​នោះ រូប​លោក​និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​ជា​ច្រើន បាន​ចាត់​ទុក​ប្រ​ទេស​វៀត​ណាម​ជា​កន្លែង​តែ​មួយ​គត់​ដែល​អាច​ជួយ​បាន។ ដ្បិត​អី វៀត​ណាម ជា​ប្រ​ទេស​ជិត​ខាង​ដែល​ធ្លាប់​រួម​ទុក្ខ​លំ​បាក ប្រ​កៀក​ស្មា​គ្នា​ជា​មួយ​នឹង​ប្រ​ទេស​កម្ពុជា ក្នុង​ការ​តស៊ូ​ប្រ​ឆាំង​នឹង​សត្រូវ​រួម ទាម​ទារ​ឯក​រាជ្យ។ ជា​មួយ​នឹង​ស្មារតី​សាមគ្គី​អន្តរ​ជាតិ ស្មោះ​ត្រង់ និង​ការ​ជួយ​មិត្ត​ក៏​ដូច​ជា​ជួយ​ខ្លួន​ឯង បន្ទាប់​ពី​ទទួល​បាន​សំ​ណើ​ពី​រណ​សិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា មាន​ទា​ហាន នាយ​ទា​ហាន​ស្ម័គ្រ​ចិត្ត​រាប់​ម៉ឺន​នាក់​បាន​ចេញ​ដំ​ណើរ​ទៅ​កាន់​ប្រ​ទេស​មិត្ត។ ការ​គាំ​ទ្រ​ដ៏​សំ​ខាន់​នេះ បាន​ជួយ​ប្រ​ទេស​កម្ពុជា​យក​ឈ្នះ​លើ​ខ្មែរ​ក្រ​ហម​នៅ​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ​១៩៧៩ សង្រ្គោះ​ប្រ​ទេស​ឱ្យ​រួច​ផុត​ពី​គ្រោះ​ប្រ​ល័យ​ពូជ​សាសន៍៕

        យោង៖ TTXVN - ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ