កម្មវិធី “និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តប្រជាជន” ត្រូវបានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង រៀបចំឡើងជារៀងរាល់ឆ្នាំ ជួយឱ្យគ្រួសារឋិតក្នុងក្របខណ្ឌគោលនយោបាយ និងគ្រួសារជនជាតិភាគតិចក្រីក្រនៅតំបន់ព្រំដែនសមុទ្រ ទទួលអំណរនិទាឃរដូវប្រកបដោយភាពកក់ក្តៅ។
ជូនអំណោយដល់គ្រួសារក្រីក្រ។
កម្មវិធី “និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តប្រជាជន” ត្រូវបានរៀបចំឡើងនៅឃុំ សង្កាត់និងទីប្រជុំជនចំនួន ១១ នៃតំបន់ព្រំដែនសមុទ្រ ដោយមានសកម្មភាពពោរពេញទៅដោយអត្ថន័យនិងប្រកបដោយភាពជាក់ស្តែង ដូចជា៖ ពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ មនុស្សចាស់គ្មានទីពឹង។ ជូនផ្ទះមហាសាមគ្គីដល់គ្រួសារដែលមានស្ថានភាពលំបាកខ្លាំង។ ផ្តល់អាហារូបករណ៍រាប់រយចំណែកកង់និងសៀវភៅសរសេររាប់ពាន់ក្បាលដល់សិស្សដែលមានស្ថានភាពលំបាកខិតខំឈានឡើងក្នុងការសិក្សា។ ជូនអំណោយរាប់ពាន់ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ។ល។ រួមជាមួយនោះ គឺសកម្មភាពដោះដូរវប្បធម៌ និងសិល្បៈ ល្បែងប្រជាប្រិយ ដើម្បីបង្កបរិយាកាសនិទាឃរដូវសប្បាយរីករាយដល់ជនជាតិភាគតិចនៅតំបន់ព្រំដែនសមុទ្រ។
គ្រួសារលោក ឡឹមវ៉ាន់កៅ ជាគ្រួសារមួយទទួលបានផ្ទះមហាសាមគ្គីនៅឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ បានឱ្យដឹង៖ “គ្រួសារក្រ រស់នៅក្នុងផ្ទះទ្រុឌទ្រោម ចង្អៀតចង្អល់ ដូច្នេះមិនដឹងថា បុណ្យចូលឆ្នាំនោះសុខដុម រីករាយយ៉ាងណាទេ។ ឆ្នាំនេះ បានកងទ័ពការពារព្រំដែនសង់ផ្ទះឥដ្ឋឱ្យ ព្រមទាំងជូនអំណោយជាច្រើន បានជួយឱ្យគ្រួសារខ្ញុំទទួលអំណរបុណ្យចូលឆ្នាំក្នុងផ្ទះថ្មីពោរពេញដោយភាពកក់ក្តៅនិងសុភមង្គល។ ឆ្នាំនេះ គ្រួសារខ្ញុំទទួលអំណរឆ្នាំថ្មីដោយក្តីរីករាយដ៏លើសលប់ ខ្ញុំពិតជាដឹងគុណចំពោះពូៗកងទ័ពការពារព្រំដែនណាស់។ ចំណែកប្អូនស្រី គឹមធីឡេន នៅឃុំវិញហាយ ទីរួមខេត្តវិញចូវ បាននិយាយទាំងរំជួលចិត្ត៖ “ជាច្រើនឆ្នាំមកនេះ ដោយបានពូៗកងទ័ពការពារព្រំដែនឧបត្ថម្ភអាហារូបករណ៍ប្រចាំខែ កង់ សៀវភៅសរសេរ សៀវភៅសិក្សា គោល សម្លៀកបំពាក់។ល។ ទើបប្អូនមានលក្ខណៈទៅរៀន ពិសេស បុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំនេះ ពូៗបានទៅដល់ផ្ទះជូនអំណោយ អង្ករ មី គ្រឿងប្រើប្រាស់ចាំបាច់ សម្លៀកបំពាក់ថ្មី ដើម្បីជួយឱ្យគ្រួសារប្អូនទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ។ ពូៗកងទ័ពការពារព្រំដែនបាននាំមកនូវនិទាឃរដូវ ក្តីជំនឿនិងកម្លាំងចិត្ត ដើម្បីប្អូនខិតខំសិក្សាឱ្យបានល្អជាងទៀត”។
តាមប្រសាសន៍លោកវរសេនីយ៍ឯក ង្វៀងទ្រេវម៉េន ស្នងការនយោបាយនៃកងទ័ពការពារព្រំដែន ខេត្តសុកត្រាំង សកម្មភាពនៃកម្មវិធី “និទាឃរដូវការពារព្រំដែន” បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់កម្មាភិបាលនិងយុទ្ធជនកងទ័ពការពារព្រំដែនចំពោះជនជាតិភាគតិចនៅតំបន់ព្រំដែនសមុទ្រ ដែលបានប្រកៀកស្មារួមកម្លាំង ជាមួយកងទ័ពការពារព្រំដែនក្នុងការគ្រប់គ្រង ការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ។ តាមរយៈសកម្មភាពទាំងនេះ បានរួមចំណែកពង្រឹងនិងរឹតចំណងទំនាក់ទំនងសាមគ្គីរវាងកងទ័ពនិងប្រជាជន កសាងនិងពង្រឹងជំហរការពារព្រំដែនទូទាំងប្រជាជនកាន់តែរឹងមាំ ពង្រីកកម្លាំង ចម្រុះនៃទូទាំងប្រព័ន្ធនយោបាយក្នុងការគ្រប់គ្រង ការពារព្រំដែនជាតិ រក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។ ជាពិសេស រួមចំណែកក្នុងការអនុវត្តជោគជ័យនូវយុទ្ធនាការ “ទូទាំងប្រទេសរួមកម្លាំងដើម្បីអ្នកក្រ មិនទុកចោលនរណាម្នាក់នៅក្រោយគេ” និងកម្មវិធី “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។ កម្មវិធីនេះបានជួយជនរួមជាតិភាគតិចនៅតំបន់ព្រំដែនសមុទ្ររបស់ខេត្តបានទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅនិងសុភមង្គល៕
យ៉ីអាញ - បកប្រែ៖ សុផន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។