ភារកិច្ចដ៏សំខាន់និងមានភាពទម្លុះទម្លាយមួយដែលត្រូវបានរណសិរ្សមាតុភូមិខេត្តកាម៉ាវ កំណត់ក្នុងអាណត្តិកាលនេះ គឺឆ្ពោះទៅរកមូលដ្ឋាន កៀរគររាល់ប្រភពធនធានដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ទ្រុឌទ្រោម និងអនុវត្តល្អការងារសុខុមាលភាពសង្គម ដើម្បីបង្កើតមណ្ឌលតាំងទីលំនៅ ស្វ័យគ្រប់គ្រង សាមគ្គីភាព វិបុលភាព សុភមង្គល។ល។ រួមចំណែកកសាងកាម៉ាវ កាន់តែសម្បូររុងរឿង សុភមង្គល។
ប្រជាជនសង្កាត់តឹងថាញ់ ក្រុងកាម៉ាវ ចូលរួមលេងល្បែងប្រជាប្រិយក្នុងថ្ងៃបុណ្យ
មហាសាមគ្គីទូទាំងជនជាតិ ឆ្នាំ២០២៤។
ក្នុងរយៈពេល៥ឆ្នាំមកនេះ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់បានជួយដល់ប្រជាជន១៣.៧២២គ្រួសារ ចាកផុតពីភាពក្រីក្រ សម្រេច ៧១,១៥% នៃចំនួនគ្រួសារដែលបានចុះឈ្មោះសរុបនិងមានចំនួន ១៧០/៨៨៣ ភូមិនិង ៥/១០១ ឃុំ សង្កាត់ និងទីប្រជុំជន គ្មាននៅគ្រួសារក្រីក្រទៀត។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ អត្រាគ្រួសារក្រីក្រក្នុងខេត្តបានថយចុះជាមធ្យម ០,៨% បច្ចុប្បន្ននៅតែ១,៦%។ ទន្ទឹមនឹងនោះ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ កៀរគរបានថវិកាជាង ៤៣៤ ពាន់លានដុង ដើម្បីឧបត្ថម្ភសាងសង់និងជួសជុលផ្ទះ ស្ពាន ថ្នល់ជនបទ ផ្តល់អំណោយ អាហារូបករណ៍ សួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាជនជួបការលំបាកដោយរងគ្រោះធម្មជាតិ ឧបទ្ទវហេតុនានា។ល។
តួយ៉ាងដូចនៅស្រុកត្រឹងវ៉ាន់ថើយ ទម្រង់ “ភូមិ អនុសង្កាត់ ឃុំនិងទីប្រជុំជនគ្មានគ្រួសារក្រីក្រ” អាស្រ័យរណសិរ្សមាតុភូមិស្រុកអនុវត្តបាននាំមកនូវលទ្ធផលវិជ្ជមាន។ លោកង្វៀងវិញថាញ់ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក មានប្រសាសន៍៖ “រក្សាសកម្មភាពជាប្រចាំរៀងរាល់ថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍និងថ្ងៃចុងខែ រណសិរ្សមាតុភូមិបានសហការជាមួយរដ្ឋអំណាចនិងអង្គការនយោបាយសង្គម ចុះទៅដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រនិងគ្រួសារដែលមានស្ថានភាពលំបាក ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត ជំនួយនិងណែនាំពីរបៀបធ្វើអាជីវកម្មផលិត បង្កើនប្រាក់ចំណូល។ល។ សកម្មភាពនេះមានឥទ្ធិពលផ្ទាល់ដល់ចិត្តគំនិតនិងសតិអារម្មណ៍ ធ្វើឱ្យផ្លាស់ប្តូរការយល់ដឹង អាកប្បកិរិយានិងស្មារតីនៃគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ កាន់តែមានភាពជឿជាក់ក្នុងការឈានឡើងចាកផុតពីភាពក្រីក្រ”។
ទិដ្ឋភាពជនបទតំបន់ជនរួមជាតិភាគតិចនៅខេត្តកាម៉ាវ នាពេលបច្ចុប្បន្ន។
តាមផែនការ ខេត្តកាម៉ាវនឹងជួសជុល សាងសង់ផ្ទះថ្មីចំនួន ៣.៩៩៥ខ្នង ដោយថវិកា១៨១,២ ពាន់លានដុង។ រណសិរ្សមាតុភូមិម្ចាស់ការកៀរគរប្រភពធនធានពីក្នុងសង្គម គួបផ្សំនឹងប្រភពពីថវិការដ្ឋ ដើម្បីរួមកម្លាំងលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងទ្រុឌទ្រោម ជូនគ្រួសារដែលមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រនិងគ្រួសារជនជាតិភាគតិចក្នុងខេត្ត ប្តេជ្ញាចិត្តដល់ខែកញ្ញា ឆ្នាំ ២០២៥ នឹងសម្រេចបានទិសដៅដែលដាក់ចេញ។
លោកស្រី វ៉ធីង៉ុកហឹង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានអះអាង៖ “រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ បន្តការផ្លាស់ថ្មីការរៀបចំសកម្មភាព ចលនានិងចលនាប្រឡងប្រណាំងតាមទិសដៅជាក់ស្តែង ប្រសិទ្ធភាព ឆ្ពោះទៅរកមូលដ្ឋាន ដើម្បីប្រជាជនចូលរួមឱ្យបានច្រើនកុះករ បំផុតគឺចលនាទូទាំងប្រជាជនកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ និងកាត់បន្ថយភាពក្រីក្រចីរភាព។ អនុវត្តឱ្យបានល្អនូវខ្លឹមសារថ្មីចំនួនពីរនៃចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមកម្លាំងលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងទ្រុឌទ្រោម” ដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបំផុសចលនា និងកម្មវិធីកសាងមណ្ឌលប្រជាជនតាំងទីលំនៅ “ស្វ័យគ្រប់គ្រង សាមគ្គីភាព វិបុលភាព សុភមង្គល”៕
យោងតាមកាសែតកាម៉ាវ - បកប្រែៈ សុផន