មកដល់ពេលនេះ ប្រព័ន្ធសាលារៀននៅតំបន់ជនរួមជាតិខ្មែរនៃស្រុកមីស្វៀង ខេត្តសុកត្រាំង ត្រូវបានវិនិយោគកសាងរឹងមាំ។ រាល់របបគោលនយោបាយសម្រាប់គ្រូបង្រៀន និងសិស្សនៅទីនេះ ត្រូវបានអនុវត្តគ្រប់គ្រាន់ រួមចំណែកលើកកម្ពស់គុណភាពអប់រំ។
អនុវិទ្យាល័យ- វិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ត្រូវបានវិនិយោគមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារបង្រៀននិងរៀនគ្រប់សព្វ។
ទូទាំងស្រុកមីស្វៀង មានសាលារៀន៥៤ សាលា ក្នុងនោះ មានសាលារៀនចំនួន ១៧នៅតំបន់ជនរួមជាតិខ្មែរបានបើកបង្រៀនអក្សរខ្មែរ និងមានសាលាជនជាតិអន្តេវាសិកចំនួន២ មូលដ្ឋានសម្ភារៈត្រូវបានវិនិយោគនិងបំពាក់គ្រឿងបរិក្ខារសម្រេចបទដ្ឋានជាតិ។ លោកង្វៀងមិញទ្រី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង ឱ្យដឹង៖ “ឆ្នាំកន្លង ស្រុកបានវិនិយោគទឹកប្រាក់ជាង៧២ពាន់លានដុង ក្នុងនោះ សាលាជនជាតិអន្តេវាសិកទាំង២សាលា ត្រូវបានវិនិយោគបង្កើនកម្រិតអស់ទឹកប្រាក់ជិត៣០ពាន់លានដុង។ បច្ចុប្បន្ន ទូទាំងស្រុកមានសាលានៅតំបន់ជនរួមជាតិខ្មែរ២៨/៣១សម្រេចបទដ្ឋានជាតិ។ ពិសេស សាលារៀននៅតំបន់ជនរួមជាតិខ្មែរ១៧សាលាតែងបង្រៀនឧភយភាសាវៀត-ខ្មែរ។ ក្នុងរដូវវិស្សមកាល នៅតាមវត្តពុទ្ធសាសនាខ្មែរ តែងបើកថ្នាក់បង្រៀនអក្សរខ្មែរ ម្ល៉ោះហើយរួមចំណែកដ៏ធំក្នុងការលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនជាតិ”។
អនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង ត្រូវបានវិនិយោគកសាងយ៉ាងរឹងមាំ។
ទន្ទឹមនឹងនោះ ការលើកកម្ពស់គុណភាពកងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំជនជាតិខ្មែរក៏ត្រូវបានយកចិត្តទុកដាក់។ បច្ចុប្បន្ន ទូទាំងស្រុកមានគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ ៥៧៩/១.៥៣៥នាក់ ស្រូបអត្រាជាង ៣៧,៧%។ លោកគ្រូលីហ្វាងថុង នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង ឱ្យដឹង៖ “បច្ចុប្បន្ន សាលាត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ ម្ល៉ោះហើយសិស្សស្នាក់នៅអន្តេវាសិកដ្ឋាន១០០% ស្ងប់អារម្មណ៍រៀនសូត្របានល្អ។ ម្យ៉ាងទៀត គ្រូបង្រៀនរបស់សាលាមានកម្រិតវិជ្ជាមុខជំនាញសម្រេចបទដ្ឋាន និងមានវិធីសាស្រ្តបង្រៀនសមស្របនឹងសមត្ថភាពសិស្ស ហេតុនោះ គុណភាពកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ រៀងរាល់ឆ្នាំ អត្រាសិស្សឡើងថ្នាក់សម្រេច ១០០% ក្នុងនោះ សិស្សសម្រេចនិទ្ទេសគ្រាន់បើនិងពូកែ ស្រូបអត្រាជាង៧០%”។ លោកគ្រូយឿងសាផល នាយកអនុវិទ្យាល័យ-វិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ឱ្យដឹង៖ “ឆ្នាំ២០១៥ សាលាសម្រេចបទដ្ឋានជាតិ ទើបមូលដ្ឋានសម្ភារៈ គ្រឿងបរិក្ខារបង្រៀននិងរៀនត្រូវបានវិនិយោគគ្រប់គ្រាន់។ កងជួរគ្រូបង្រៀនមានកម្រិតវិជ្ជាសម្រេចបទដ្ឋាន១០០% ហើយសាលាក៏បានអនុវត្តគោលនយោបាយគ្រប់សព្វសម្រាប់គ្រូបង្រៀននិងសិស្សត្រូវតាមកំណត់ បង្កជាកម្លាំងចលករជួយជំរុញស្មារតីក្នុងការបង្ហាត់បង្រៀននិងរៀនសូត្រ។ អាស្រ័យហេតុនោះ គ្រូបង្រៀនជាច្រើនមានវិធីសាស្រ្តបង្រៀនល្អៗ សមស្របជាមួយនឹងសិស្ស ហេតុនេះរៀងរាល់ឆ្នាំសិស្សឡើងថ្នាក់និងប្រឡងសញ្ញាបត្រវិទ្យាល័យជាប់១០០%”។
មកទល់ពេលនេះ គុណភាពអប់រំតំបន់ជនរួមជាតិខ្មែរនៅមីស្វៀង ត្រូវបានកើនឡើង មិនមានគម្លាត បើប្រៀបធៀបនឹងតំបន់ទីក្រុង៕
យ្វីអាញ- លីសៀ