ក្រុងកាម៉ាវ ខេត្តកាម៉ាវ ទើបរៀបចំសម្រេចជោគជ័យមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចក្រុងកាម៉ាវ លើកទី ៤ ឆ្នាំ២០២៤។
គណៈកម្មាធិការប្រជាជនក្រុងកាម៉ាវ ជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារជនជាតិ អាណត្តិកាល ២០១៩ - ២០២៤។
ថ្លែងក្នុងមហាសន្និបាត លោក ង្វៀងមិញល្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានស្នើដល់អង្គភាព ភូមិភាគនានា បន្តផ្គួបបញ្ចូលកម្មវិធី គម្រោង គោលនយោបាយនិងកៀរគររាល់ប្រភពកម្លាំង ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពការងារកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពជូនជនរួមជាតិភាគតិច យកចិត្តទុកដាក់គិតគូរការងារអប់រំ លើកកម្ពស់កម្រិតប្រជាបញ្ញាក្នុងជនរួមជាតិភាគតិច។ល។
ក្រុងកាម៉ាវ មានជនជាតិជាបងប្អូនរួមរស់ចំ នួន១៣ ជនជាតិ ក្នុងនោះ មាន១២ ជនជាតិភាគតិចរស់នៅលាយឡំគ្នានៅតាមអនុសង្កាត់ និងភូមិ មាន២.៣១៣គ្រួសារ ភាគច្រើនគឺជនជាតិខ្មែរ ចិន និងជនជាតិភាគតិចផ្សេងៗទៀត។ ក្រោមការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ក្នុងការអនុវត្តគោលនយោបាយជនជាតិ ជីវភាពរបស់ជនជាតិទាំងអស់មានជំហានរីកចម្រើន។ ប្រាក់ចំណូលមធ្យមភាគក្នុងឆ្នាំ ២០២៣ របស់ក្រុង គឺ១១២លានដុង/ម្នាក់/ឆ្នាំ កើនមធ្យមភាគជារៀងរាល់ឆ្នាំ ៦,៤៥% ។ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ០,២១%; អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចនៅត្រឹម ០,២៥% ។ ក្រុងបានកៀរគរមូលនិធិដើម្បីអ្នកក្រជាង ២១ ពាន់លានដុង ឧបត្ថម្ភសាងសង់និងជួសជុលផ្ទះមហាសាមគ្គីចំនួន៤៣៤ ខ្នងជូនអ្នកក្រ៕
យោង៖ កាសែតកាម៉ាវ- ប្រែសម្រួល៖ ថាច់ធី