ស្របឱកាសខួបអនុស្សាវរីយ៍ ៩៩ ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥- ២១/៦/២០២៤) តំណាងថ្នាក់ដឹកនាំនៃស្ថាប័ននិងអង្គភាពជាច្រើន បានអញ្ជើញមកប្រសិទ្ធពរដល់សមូហភាពអ្នកសារព័ត៌មាននៅកាសែតកឹងធើ។
លោកតាវវៀតថាំង នាយករងនៃនាយកដ្ឋានកិច្ចការជនជាតិភូមិភាគ (ឈរកណ្តាល) អញ្ជើញមកសួរសុខទុក្ខកាសែតកឹងធើ។ រូបថត៖ ង៉ុកយ៉ុង
ក្នុងនោះ គណៈប្រតិភូដឹកនាំដោយលោក តាវវៀតថាំង នាយករងនៃនាយកដ្ឋានកិច្ចការជនជាតិភូមិភាគ (គណៈកម្មាធិការជនជាតិ) បានសម្ដែងនូវមនោសញ្ចេតនាដ៏ស្និទ្ធស្នាល មានបិយវាចាផ្ដាំផ្ញើសួរសុខទុក្ខនិងប្រសិទ្ធពរដល់សមូហភាពកម្មាភិបាល បុគ្គលិកទទួលបន្ទុកបោះពុម្ពផ្សាយកាសែតកឹងធើភាសាខ្មែរ។ ថ្លែងយោបល់ជាមួយកាសែតកឹងធើ លោកតាវវៀតថាំង បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កាសែតកឹងធើភាសាខ្មែរ ក្នុងការងារផ្សព្វផ្សាយ គោលមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋ ពិសេសគឺ ការងារជនជាតិ ឆ្លុះបញ្ចាំងទាន់ពេល សត្យានុម័តិ ជាក់ស្ដែងនៃដំណើរការផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ សកម្មភាពនិងព្រឹត្តិការណ៍នានាដែលកើតឡើងនៅតំបន់ជនរួមជាតិភាគតិច រួមចំណែកផ្សព្វផ្សាយកាន់តែសាយភាយ ជំរុញការអភិវឌ្ឍនៅតំបន់ជនរួមជាតិភាគតិច បំផុតគឺជនរួមជាតិខ្មែរនៅតំបន់វាលរាបទន្លេគឺវឡុង…។
ជំនួសមុខកម្មាភិបាល បុគ្គលិកកាសែតកឹងធើ ថ្នាក់ដឹកនាំកាសែតកឹងធើ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនាយកដ្ឋានកិច្ចការជនជាតិភូមិភាគ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មាននៅកាសែតកឹងធើ បំផុតគឺអ្នកសារព័ត៌មានកាសែតកឹងធើភាសាខ្មែរ។ ថ្នាក់ដឹកនាំកាសែតកឹងធើ រំពឹងថា នឹងមានការទំនាក់ទំនងកាន់តែប្រសិទ្ធភាពជាងទៀតក្នុងការងារផ្សព្វផ្សាយអំពីការងារជនជាតិ ការអនុវត្តគោលនយោបាយជនជាតិ ជាពិសេសគឺ កម្មវិធីសំខាន់ៗ ឆ្ពោះទៅកាន់តំបន់ជនរួមជាតិភាគតិចនិយាយរួម និងតំបន់ជនរួមជាតិខ្មែរនិយាយដោយឡែក។
កាសែតកឹងធើភាសាខ្មែរ គឺជាផលិតផលមួយក្នុងចំណោមផលិតផលទាំង ៣ របស់កាសែតកឹងធើ។ កាសែតកឹងធើភាសាខ្មែរ ចេញផ្សាយនៅថ្ងៃចន្ទរៀងរាល់សប្តាហ៍ ចែកចាយដល់ភូមិភាគនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករនៅតំបន់វាលរាបទន្លេគឺវឡុង៕
PV-មុនី