របាយការណ៍អំពីស្នាដៃរបស់អ្នកសារព័ត៌មាន ចៅវុឌ្ឍី ជាបុគ្គលិកបម្រើការងារនៅស្ថានីយទូរទស្សន៍ខេត្តអាងយ៉ាង ពិតជាគួរឱ្យចាប់អារម្មណ៍ដោយទទួលបានរង្វាន់សរសើរជាច្រើន។ នេះក៏ជាក្តីប្រាថ្នារបស់អ្នកសារព័ត៌មានជាច្រើន ដោយសារការខិតខំរបស់ខ្លួនទើបទទួលបានការទទួលស្គាល់។
អ្នកសារព័ត៌មាន ចៅវុឌ្ឍី។
ចៅវុឌ្ឍី ទទួលបានរង្វាន់លេខ ១ “មហោស្រពវិទ្យុ - ទូរទស្សន៍បណ្តុំណាមស៊ុងហូវ លើកទី XII” នៅខេត្តសុកត្រាំង; រង្វាន់ “A” ការប្រឡងផ្សព្វផ្សាយវណ្ណកម្មអក្សរសិល្ប៍សិល្បៈនិងសារព័ត៌មាន ក្រោមប្រធានបទ “រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ” ឆ្នាំ ២០១៤ ពានរង្វាន់កម្មវិធីទូរទស្សន៍; រង្វាន់លេខ ១ ពានរង្វាន់កម្មវិធីទូរទស្សន៍ និងរង្វាន់លេខ២ ពានរង្វាន់កម្មវិធីវិទ្យុភាសាខ្មែរ និងរង្វាន់លេខ ៣ កម្មវិធីចម្រៀងដើងកាតាយទឺ (សហការជាមួយការិយាល័យសិល្បៈ - កម្សាន្ត) ក្នុង “មហោស្រពវិទ្យុ - ទូរទស្សន៍បណ្តុំណាមស៊ុងហូវ លើកទី XVI” នៅខេត្តអាងយ៉ាង; ប័ណ្ណសរសើរមហោស្រពភាពយន្តទូរទស្សន៍ទូទាំងប្រទេស លើកទី ៣៧ នៅខេត្តថាញហ្វា ពានរង្វាន់ប្រភេទបទយកការណ៍ ក្រោមប្រធានបទ “ខាងក្រោយនៃក្ដីស្រមៃ” ។ល។ ព្រមជាមួយនឹងពានរង្វាន់ជាច្រើនទៀតរបស់មជ្ឈិមនិងភូមិភាគ។ ជាមួយនឹងស្នាដៃរបស់ខ្លួនក្នុងអាជីពជាអ្នកសារព័ត៌មាន ចៅវុឌ្ឍី ទទួលបានប័ណ្ណសរសើរចំនួន ២ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង។
ចៅវុឌ្ឍី កំពុងបំពេញការងារ។
ចំណុចចាប់ផ្តើម ពីពិធីករម្នាក់ដែលមិនបានឆ្លងកាត់សាលាបណ្ដុះបណ្ដាលខាងមុខជំនាញត្រឹមត្រូវ ប៉ុន្តែ ចៅវុឌ្ឍី បានខិតខំរៀនសូត្រលត់ដុះ ដើម្បីក្លាយជាអ្នកសារព័ត៌មានពហុជំនាញ។ បច្ចុប្បន្ន ចៅវុឌ្ឍី ជាអ្នកថតកាមេរ៉ាដ៏សំខាន់ម្នាក់ ជាអ្នកបកប្រែ ជាការីនិពន្ធ និងជាពិធីកររបស់ការិយាល័យព័ត៌មាន - ជនជាតិ - វិទ្យុផ្សាយសំឡេង។ ក្រៅពីខ្លឹមសារជាភាសាខ្មែរ ចៅវុឌ្ឍី នៅទាំងសរសេរអត្ថបទព័ត៌មានជាភាសាវៀត និងជាអ្នកថតកាមេរ៉ាសំខាន់ផ្នែកកម្មវិធីព័ត៌មានទៀតផង។ ចៅវុឌ្ឍី រៀបរាប់៖ “កាលអាយុ ៧ ឆ្នាំ ខ្ញុំបានទៅនៅវត្តធម្មនិមិត្ត ហើយបានព្រះចៅអធិការវត្តបង្រៀនអក្សរខ្មែរ។ ខ្ញុំរៀនបន្តរហូតដល់ចប់វិទ្យាល័យ។ ក្នុងអំឡុងឆ្នាំរៀននៅសាលាអន្តេវាសិក ឱ្យតែដល់រដូវវិស្សមកាល ខ្ញុំតែងមកវត្តរៀនអក្សរខ្មែរ។ ពេលរៀនចប់វិទ្យាល័យ ខ្ញុំបានប្រឡងនិងជាប់ជម្រើសជាពិធីករស្ថានីយទូរទស្សន៍អាងយ៉ាងរហូតដល់សព្វថ្ងៃ។ ចងចាំពាក្យប្រៀនប្រដៅរបស់ព្រះចៅអធិការវត្ត ខ្ញុំតែងខិតខំរៀនសូត្រលត់ដំមុខជំនាញបន្ថែម ដោយឥតឈប់ឈរ។ អត្ថបទដែលខ្ញុំសរសេរដំបូង ត្រូវបានថ្នាក់ដឹកនាំកែឡើងក្រហម ហាក់ដូចជាសរសេរឡើងវិញទាំងស្រុង ប៉ុន្តែខ្ញុំមិនធុញទ្រាន់ ហើយរឹតតែខិតខំព្យាយាមលត់ដំរៀនសូត្រទ្វេដង។ ក្រោយមក ខ្ញុំក៏បានបញ្ជូនទៅរៀនថ្នាក់ធម្យមសិក្សាថតភាពយន្ដ និងមហាវិទ្យាល័យសារព័ត៌មាន។ល។ ដោយសារការខិតខំប្រឹងប្រែងហាត់ពត់លត់ដំដោយឥតឈប់ឈរ ទើបឥឡូវនេះខ្ញុំអាចធ្វើការបានគ្រប់សព្វ តាំងពីអត្ថបទព្រឹត្តិការណ៍ព័ត៌មានជាភាសាវៀត និងភាសាខ្មែរ“។
បងស្រីនាងស៊ីវុឹង មិត្តរួមអាជីពជាង ២០ ឆ្នាំ របស់ចៅវុឌ្ឍី និងជាប្រធានក្រុមភាសាខ្មែរ ការិយាល័យព្រឹត្តិការណ៍- ជនជាតិ - វិទ្យុទូរទស្សន៍អាងយ៉ាង បញ្ជាក់ឱ្យដឹង៖ “ចៅវុឌ្ឍី គាត់ឧស្សាហ៍ព្យាយាមណាស់ ចូលចិត្តរៀនសូត្រស្រាវជ្រាវ មិនត្រឹមតែសម្រេចឆ្នើមនូវភារកិច្ចផ្នែកជំនាញរបស់ខ្លួនប៉ុណ្ណោះទេ នៅទាំងជាអ្នកបកប្រែភាសាបានយ៉ាងល្អនៅពេលស្ថាប័នចាត់ទៅជួយបកប្រែឱ្យនគរបាល និងតុលាការ”៕
ហាថាញ់ - វិមាន