ស្ថិតនៅតំបន់ដីដែលមានជនរួមជាតិខ្មែររស់នៅកុះករ នៅឃុំសុងឡុក ខេត្តវិញឡុង។ កំពែងវត្តបទុមវង្សកំពង់ថ្ម គឺវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ បានកសាងតាំងពីឆ្នាំ១៨៨៦ លើផ្ទៃដីប្រមាណ២ ហិកតា។ វត្តនេះក៏ជាកេរដំណែលបុរាណវត្ថុដ៏វិសេសវិសាល ផ្សារភ្ជាប់ជាមួយវប្បធម៌អុកអែវ ហ្វូណនបុរាណ។ មិនត្រឹមតែមានតម្លៃប្រវត្តិសាស្ត្រនិងបុរាណវត្ថុប៉ុណ្ណោះទេ វត្តថែមទាំងជាទីតាំងទេសចរណ៍វប្បធម៌– ជំនឿសាសនាដ៏ពិសេស ដែលឆ្លុះបញ្ចាំងពីជីវភាពស្មារតីដ៏សម្បូរបែបរបស់ជនរួមជាតិខ្មែរណាមបូ។

ទិដ្ឋភាពដ៏ស្រស់ស្អាតនៃវត្តបទុមវង្សកំពង់ថ្ម។
វិញឡុង ជាខេត្តមួយក្នុងចំណោមខេត្តដែលមានជនរួមជាតិខ្មែររស់នៅកុះករនៃតំបន់វាលរាបទន្លេគឺវឡុង ហេតុនេះ ស្លាកស្នាមវប្បធម៌ខ្មែរបានបង្ហាញយ៉ាងច្បាស់តាមរយៈវត្តអារាម បុណ្យទាន និងជីវភាពរស់នៅប្រចាំថ្ងៃក្នុងសហគមន៍។ លើសពីនេះទៅទៀត កំពែងវត្តបទុមវង្ស កំពង់ថ្ម បានលេចឡើងដូចជាសាក្សីនៃពេលវេលា ដែលរក្សានូវភាពសក្តិសិទ្ធិនិងភាពអាថ៌កំបាំងនៃទឹកដីបុរាណ។ វត្តនេះ បានជនជាតិខ្មែរនិយមហៅថា វត្តកំពង់ថ្មឬទ័ពថ្ម ដោយសារស្ថិតនៅក្បែរកេរដំណែលកំពែង ដែលជាផ្នែកសេសសល់នៃកំពែងបុរាណមានអាយុកាលរាប់ពាន់ឆ្នាំ។ ការរួមបញ្ចូលគ្នារវាងតម្លៃជំនឿសាសនា និងតម្លៃបុរាណវត្ថុបានបង្កើតនូវភាពទាក់ទាញយ៉ាងពិសេស ធ្វើឱ្យទីនេះក្លាយជាគោលដៅទេសចរណ៍ដ៏ល្អសម្រាប់អ្នកដែលចង់ស្វែងយល់ស៊ីជម្រៅអំពីវប្បធម៌ខ្មែរ និងប្រវត្តិសាស្ត្រនៃទឹកដីវិញឡុង។

ទម្រព្រះសិវលិង្គ ជានិមិត្តរូបនៃព្រហ្មញ្ញ សាសនា ដែលមានអាយុកាលតាំងពីសតវត្ស ទី ១- ៥ បានជីករកឃើញក្នុងបរិវេណវត្ត កាលពីឆ្នាំ ២០០៨។
តាមអ្នកបុរាណវត្ថុវិទ្យា តំបន់នេះជាស្ថានីយបុរាណវត្ថុវិទ្យាដ៏សំខាន់ពីរប្រភេទគឺ៖ ស្ថាបត្យកម្ម សាសនា និងកំពែងព័ទ្ធជុំវិញ។ លទ្ធផលនៃការធ្វើកំណាយបានបង្ហាញថា ទីនេះធ្លាប់ជាទីប្រជុំស្ថាបត្យកម្មដ៏វិសេសមួយដែលមានអាយុកាលតាំងពីសតវត្សទី ៨–៩ នៃគ្រិស្តសករាជ ជាមួយ នឹងវត្ថុបុរាណមានតម្លៃជាច្រើន ដូចជា៖ និមិត្តរូបនៃព្រហ្មញ្ញសាសនា សន្លឹកមាសឆ្លាក់រូបដំរី ផ្កាឈូក វត្ថុធ្វើពីសំរិទ្ធស៊ុមទ្វារ ទម្រព្រះសិវលិង្គ ឥដ្ឋដុត...។ វត្ថុបុរាណទាំងនេះ គឺជាភស្ដុតាង ដិតដាមដោយសិល្បៈនៃអរិយធម៌អុកអែវ–ហ្វូណនដែលធ្លាប់រុងរឿងនាពេលកន្លងមក។ ដោយសារតម្លៃលេចធ្លោផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ និងបុរាណវត្ថុ កំពែង – វត្តបទុមវង្សកំពង់ថ្ម បានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់ជាកេរដំណែលវប្បធម៌ថ្នាក់ជាតិឆ្នាំ ២០១៦។ បច្ចុប្បន្ន វត្តនៅតែជាកន្លែងប្រតិបត្តិសាសនា បួសរៀន និងចាត់ចែងបុណ្យទានផ្សេងៗតាមប្រពៃណីខ្មែរ។
ពិសេសជាងទៀត ពេលភ្ញៀវទេសចរមកទស្សនាវត្តកំពង់ថ្ម លោកអ្នកអាចបន្តដំណើរទៅកាន់ទីតាំងទេសចរណ៍ល្បីៗផ្សេងទៀតដែលស្ថិតនៅក្បែរនោះយ៉ាងងាយស្រួល ដូចជា៖ រមណីយដ្ឋាន ស្រះស្រី វត្តអង្គ សារមន្ទីរវប្បធម៌ខ្មែរជាដើម។ នេះពិតជាដំណើរទស្សនាដ៏មានអត្ថន័យ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរនៅតំបន់នេះ៕
ទីទុយ - ថាច់ធី