រសៀលថ្ងៃទី២៨ ខែមករា នៅសាលប្រជុំ E២១.១០៥ សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីសន្ទនា ក្រោមប្រធានបទ “សាស្ត្រាស្លឹករឹត៖ ការអភិរក្សបេតិកភណ្ឌខ្មែរតាមរយៈបច្ចេកវិទ្យាឌីជីថល” ដែលឧបត្ថម្ភដោយមូលនិធិច្នៃប្រតិដ្ឋភូមិភាគនៃស្ថានទូតកាណាដា ប្រចាំនៅវៀតណាម។

ការអភិរក្សនិងពង្រីកតម្លៃសាស្ត្រាស្លឹករឹតរបស់ជនរួមជាតិខ្មែរ នៅវត្តសំរោងឯក
សង្កាត់ង្វៀតហ្វា ខេត្តវិញឡុង។
អញ្ជើញចូលរួមពិធីសន្ទនារួមមាន៖ លោក Colin Timothy Muir Shonk លេខាទីមួយនៃស្ថានទូតកាណាដា ប្រចាំនៅវៀតណាម; លោកស្រី វ៉ូវត្វៀកត្រាង កម្មាភិបាលវប្បធម៌នៃស្ថានទូតកាណាដា; លោកថាច់មុនី នាយករងមន្ទីរជនជាតិនិងសាសនាខេត្តវិញឡុង; សាស្ត្រាចារ្យ បណ្ឌិត ផាមតៀកខាញ់ ប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រសាកលវិទ្យាល័យត្រាវិញ ព្រមទាំងអ្នកតំណាងដែលតំណាងឱ្យសាកលវិទ្យាល័យ មន្ទីរ គណៈ ផ្នែក ជាង ៨០ រូបទៀតអញ្ជើញចូលរួម។

ទិដ្ឋភាពនៃពិធីសន្ទនា។
សាស្ត្រាស្លឹករឹត គឺជាប្រភេទឯកសារបុរាណដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរណាមបូ ដែលបានធ្វើឡើងពីស្លឹកទ្រាំង តាមរយៈការកែច្នៃដោយដៃ។ ខ្លឹមសារក្នុងសាស្ត្រាស្លឹករឹតមានភាពសម្បូរបែប រួមមាន៖ ធម៌វិន័យព្រះពុទ្ធសាសនា រឿងព្រេង មហាកាព្យ ច្បាប់ទម្លាប់ ឱសថបុរាណ តារាសាស្ត្រ ភាសា និងចំណេះដឹងប្រជាប្រិយរបស់សហគមន៍ខ្មែរ។
សាស្ត្រាចារ្យ បណ្ឌិត ផាមតៀកខាញ់ វាយតម្លៃខ្ពស់ចំពោះវិធីសាស្ត្រអភិក្រមអន្តរផ្នែកនៃគម្រោងនេះ ដោយមានការរួមបញ្ជូលរវាងបច្ចេកវិទ្យាឌីជីថល ជាមួយនឹងវិស័យផ្សេងៗដូច៖ ភាសាវិទ្យា ពុទ្ធសាសនាវិជ្ជា អក្សរសាស្ត្របុរាណ និងប្រវត្តិសាស្ត្រភូមិភាគ។ ការងារនេះមិនត្រឹមតែជួយរក្សាតម្លៃដើមនៃឯកសារប៉ុណ្ណោះទេ នៅថែមទាំងបើកលទ្ធភាពក្នុងការទាញយកមកសិក្សាស្រាវជ្រាវ និងបង្រៀនតាមបែបវិទ្យាសាស្ត្រ ដើម្បីបម្រើដល់សហគមន៍អ្នកសិក្សាក្នុងប្រទេស និងអន្តរជាតិ។
សិក្ខាសាលានេះស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង “ឌីជីថលនីយកម្មសាស្ត្រាស្លឹករឹត ដើម្បីអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ខ្មែរ នៅវត្តសំរោងឯក សង្កាត់ង្វៀតហ្វា ខេត្តវិញឡុង” ដែលឧបត្ថម្ភដោយមូលនិធិច្នៃប្រតិដ្ឋភូមិភាគនៃស្ថានទូតកាណាដា ប្រចាំនៅវៀតណាម អនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រគល់វិញ្ញាបនបត្រជូនសមាជិកដែលចូលរួមគម្រោង។
តាមរយៈដំណើរការអង្កេត និងស្រាវជ្រាវក្រុមការងារអនុវត្តគម្រោងប្រមូលផ្ដុំសាស្ត្រាស្លឹករឹតបានចំនួន ១.៣២៧ ច្បាប់ ស្មើនឹង ៦០.២៩៥ ទំព័រ។ ក្នុងនោះ ៨៤,៤% ជាទំព័រដែលមានអក្សរ ឆ្លុះបញ្ចាំងពីខ្លឹមសារសម្បូរបែបក្នុង ១៣ ទម្រង់ខុសៗគ្នា ដូចជា៖ ព្រះវិន័យបិដក ព្រះសុត្តន្តបិដក ព្រះអភិធម្មបិដក ច្បាប់ប្រៀនប្រដៅ រឿងនិទាន វេយ្យាករណ៍បាលី និងស្នាដៃពុទ្ធសាសនាផ្សេងៗទៀត។ នេះត្រូវបានចាត់ទុកជាប្រភពឯកសារដ៏មានតម្លៃសម្រាប់វិស័យស្រាវជ្រាវអន្តរវិស័យជាច្រើន។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយបានផ្ដោតការពិភាក្សាលើភាពត្រឹមត្រូវនៃឯកសារដើមបទដ្ឋានបច្ចេកទេសក្នុងកិច្ចការឌីជីថលនីយកម្ម លទ្ធភាពប្រើប្រាស់ទិន្នន័យឌីជីថលក្នុងការស្រាវជ្រាវ និងការបង្រៀន ក៏ដូចជាបញ្ហាគ្រប់គ្រង ការប្រកាសផ្សាយ និងសិទ្ធិអ្នកនិពន្ធចំពោះឃ្លាំងឯកសារឌីជីថល តាមរយៈបទអន្តរាគមន៍នានា។ អាស្រ័យហេតុនេះ សិក្ខាសាលាបានរំពឹងថា នឹងដាក់គ្រឹះយ៉ាងសំខាន់សម្រាប់ការរក្សា និងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌសាស្ត្រាស្លឹករឹតខ្មែរក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិប្រកបដោយចីរភាព៕
ហុងទើ - មេងលី