20/05/2024 - 15:30

បង្កើន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​និង​ពន្លត់​អគ្គិភ័យ

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ​និញ​កេវ បាន​រៀប​ចំ​ការ​ប្រ​ឡង​ពី​ជំ​នាញ​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ​ដល់​ក្រុម​អន្តរ​គ្រួសារ​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​និង​ពន្លត់​អគ្គិភ័យ ឆ្នាំ​២០២៤។

ក្រុម​នីមួយៗ​ប្រ​ឡង​អនុវត្ត​ជាក់​ស្តែង ជួយ​សង្គ្រោះ​មនុស្ស ជញ្ជូន​ទ្រព្យ​សម្បត្តិ​
និង​ពន្លត់​អគ្គិភ័យ។

ការ​ប្រ​ឡង​នេះ​មាន​១១​ក្រុម មក​ពី​ក្រុម​អន្តរ​គ្រួ​សារ​ធា​នា​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​ពន្លត់​អគ្គិ​ភ័យ​នៃ​សង្កាត់​ទាំង​១១​ចូល​រួម។ ខ្លឹម​សារ​ប្រ​ឡង​មាន​២​ផ្នែក៖ ទ្រឹស្តី និង​អនុវត្តន៍។ ក្នុង​ផ្នែក​ទ្រឹស្តី ក្រុម​នីមួយៗ​ឆ្លើយ​សំ​ណួរ​ពី​ចំ​ណេះ​ដឹង​ក្នុង​ការ​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ។ ផ្នែក​អនុវត្ត​ជាក់​ស្តែង​រួម​មាន ការ​ពន្លត់​អគ្គិ​ភ័យ ជួយ​សង្គ្រោះ​មនុស្ស​និង​ជញ្ជូន​ទ្រព្យ​សម្បត្តិ​ចេញ​ពី​ផ្ទះ​ដែល​រស់​នៅ​គួប​ផ្សំ​នឹង​ការ​ផលិត​ធ្វើ​អា​ជីវ​កម្ម។ល។ លទ្ធ​ផល ក្រុម​អន្តរ​គ្រួសារ​ធានា​សុវត្ថិ​ភាព​បង្ការ ពន្លត់​អគ្គិភ័យ​នៃ​សង្កាត់​អាង​ប៊ិញ ទទួល​បាន​រង្វាន់​លេខ​មួយ។

ការ​ប្រ​ឡង​នេះ​គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង រួម​ចំ​ណែក​បំពាក់​បំប៉ន​ចំ​ណេះ​ដឹង សមត្ថ​ភាព​និង​ជំ​នាញ​ក្នុង​ការ​ដោះ​ស្រាយ​ស្ថាន​ការណ៍​អគ្គិភ័យ ជួយ​សង្គ្រោះ​មនុស្ស​និង​ទ្រព្យ​សម្បត្តិ​របស់​បណ្តា​សមាជិក​គ្រួ​សារ​ទាំង​ឡាយ​នៃ​ក្រុម​អន្តរ​គ្រួសារ​ធានា​សុវត្ថិ​ភាព​បង្ការ ពន្លត់​អគ្គិ​ភ័យ ក៏​ដូច​ជា​ពង្រីក​ប្រសិទ្ធ​ភាព​ទិស​ស្លោក “បួន​នៅ​នឹង​កន្លែង” (បញ្ជា​ការ​នៅ​នឹង​កន្លែង កង​កម្លាំង​នៅ​នឹង​កន្លែង យាន​ជំនិះ​នៅ​នឹង​កន្លែង និង​គ្រឿង​សម្ភារៈ​ព័ស្តុភារ​នៅ​នឹង​កន្លែង) ក្នុង​ការ​ដោះ​ស្រាយ​ស្ថាន​ការណ៍​អគ្គិ​ភ័យ​កើត​មាន​ឡើង​នៅ​តំបន់​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ៕  

           កេវ​ចិញ - បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ