អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី រយៈពេលកន្លង ស្រុកថ្កូវ ខេត្តត្រាវិញ បានប្រើប្រាស់ប្រភពទុន សំខាន់គឺទុនអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ។
ប្រឡាយអណ្ដែតនៅឃុំតឹងសើុង ស្រុកថ្កូវ។
ដោយមានប្រភពទុនតាមសេចក្ដីសម្រេចលេខ ១៧១៩/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ឆ្នាំ២០២៣ ស្រុកថ្កូវបានយកចិត្តទុកដាក់លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រាប់បម្រើការធ្វើដំណើរទៅមក ជួញដូរផលិតកម្មជាដើម។ ក្នុងនោះ វិនិយោគលើការសាងសង់សំណង់ថ្មីៗចំនួន ១៦ (សំណង់ចំនួន ១៣ ធ្វើបន្តពីឆ្នាំ២០២២ សំណង់ ទើបបើកកសាងថ្មីចំនួន៣); ថែទាំសំណង់និងជួសជុលផ្លូវជនបទចំនួន ៨ សរុបថវិកាជាង ១៦,៥ ពាន់លានដុង ក្នុងនោះ៖ ទុនវិនិយោគជាង ១៥,៤ ពាន់លានដុង ទុនអាជីវកម្មជាង ១,១ ពាន់លានដុង។ មកទល់បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធជនបទលើភូមិសាស្រ្តស្រុក ធានាបានតម្រូវការរបស់ប្រជាជន។
លោកត្រឹងវ៉ាន់ដុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងសើុង ឱ្យដឹង៖ “ប្រឡាយនេះ បានវិនិយោគកសាងកាលពីខែមីនា ឆ្នាំ២០២៣ ជាមួយនឹងប្រភពទុនអភិវឌ្ឍតំបន់ជនជាតិភាគតិច ឥឡូវក៏សម្រេចរួចរាល់និងដាក់ឱ្យប្រើប្រាស់។ ដងប្រឡាយមានប្រវែងជាង៣គីឡូម៉ែត្រ សរុបថវិកា ៤ ពាន់លានដុង ធានាប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ៨០ ហិកតាចំណុះតំបន់លំបាករបស់ឃុំ”។
កសិករ ហឿវ៉ាន់សឹង នៅភូមិដូងជ្រំ ឱ្យដឹង៖ “ខណៈពេលវាលស្រែនៅទីនេះបានវិនិយោគកសាងប្រឡាយអណ្ដែត ទិន្នផលស្រូវក៏កើនឡើងដែរ។ លោកសឹង អំនួត៖ “ពេលមិនទាន់មានប្រឡាយអណ្ដែត ផ្ទៃដីផលិតស្រូវភាគច្រើននៅទីនេះខ្វះទឹកនារដូវប្រាំង។ ចាប់តាំងពីមានប្រឡាយនេះមក ទិន្នផលស្រូវកើនខ្ពស់ជាងមុនប្រហែល ១ តោន/ហិកតា កសិករក៏មានក្ដីសោមនស្សរីករាយ។ ស្រូវរដូវប្រាំងឆ្នាំនេះ គ្រួសារខ្ញុំបានចុះពូជលើផ្ទៃដី ០,៤ ហិកតា ទិន្នផលប៉ាន់ស្មានសម្រេច ៥,៥ តោន/ហិកតា សព្វថ្ងៃឈ្មួញកក់ប្រាក់ក្នុងតម្លៃ ៩.០០០ ដុង/គីឡូក្រាម”។
អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ហ្វិញវ៉ាន់ងី ឱ្យដឹង៖ “ឆ្លងតាមរយៈកម្មវិធីទិសដៅជាតិ និងផែនការវិនិយោគបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចលើភូមិសាស្រ្ត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមបន្តធ្វើឱ្យសុក្រឹត កសិករបានកៀកជិត អនុវត្តវិទ្យាសាស្ត្របច្ចេកទេសបច្ចេកវិទ្យាជឿនលឿនចូលក្នុងផលិតនិងក្នុងជីវភាពរស់នៅ បានធ្វើឱ្យទម្រង់ផលិតកម្ម ទិន្នផលគុណភាពផលិតផល និងប្រសិទ្ធភាពនៃការផលិតកសិកម្មកើនឡើង ជីវភាពរបស់កសិករ ពិសេសគឺជនរួមជាតិភាគតិចបានកើនឡើង មានកសិករជាជនជាតិភាគតិចជាច្រើន បានទទួលស្គាល់ជាកសិករផលិតពូកែ។ បច្ចុប្បន្ន ស្រុកមានភូមិចំនួន ១១១/១១៥ សម្រេចបទដ្ឋានជនបទថ្មី ឃុំចំនួន ១៥/១៥ សម្រេចបទដ្ឋានជនបទថ្មី; មានឃុំចំនួន ២ សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់; ស្រុកសម្រេចបានលក្ខឋាន ៩/៩ និងកំពុងដាក់ជូនគណៈកម្មាធិការប្រជាជនខេត្ត ពិនិត្យទទួលស្គាល់ស្រុកថ្កូវសម្រេចបទដ្ឋានជនបទថ្មី”៕
សើុងម៉ាល័យ - ថាច់ធី