កសិករដាំខ្ទឹមក្រហមនៅទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង កំពុងរីករាយសប្បាយនៅពេលខ្ទឹមក្រហមឡើងថ្លៃ ផ្តល់ផលចំណេញច្រើន។
ប្រមូលផលខ្ទឹមក្រហមដើមរដូវមានផលចំណេញ លោកថាយមឿន
ក៏រក្សាទុកខ្ទឹមធ្វើពូជសម្រាប់ដាំរដូវឆ្នាំក្រោយ ។
បច្ចុប្បន្ន តម្លៃខ្ទឹមក្រហមបានឈ្មួញទិញនៅនឹងស្រែដោយតម្លៃពី ២៣.០០០ - ២៥.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីផាត់ទាត់រួចកសិករនៅតែចំណេញ។ លោកថាយមឿន នៅភូមិអ៊ូវថ B ឃុំវិញហាយ ទើបប្រមូលផលខ្ទឹមក្រហម ១ កុង ទឹកមុខពោរពេញទៅដោយស្នាមញញឹម។ លោកមឿង ឱ្យដឹង៖ “ឆ្នាំនេះ ឆាប់អស់ទឹកភ្លៀង ខ្ទឹមក្រហមលូតលាស់ល្អ មិនសូវមានជំងឺនិងសត្វល្អិតបំផ្លាញ ដូច្នេះ ការចំណាយទុនវិនិយោគក៏ទាប។ ខ្ញុំទើបតែប្រមូលផលខ្ទឹមក្រហមដើមរដូវ ១ កុង សម្រេចទិន្នផលជិត ២ តោន លក់ក្នុងតម្លៃ ២៣.០០០ ដុង/គីឡូក្រាម ក្រោយពីទូទាត់ចំណូលចំណាយរួចនៅចំណេញជាង ១២ លានដុង ថែមទាំងទុកបានពូជសម្រាប់ដាំរដូវក្រោយ”។ តាមលោកមឿន ឆ្នាំនេះ ថ្វីដ្បិតតែតម្លៃទាបជាងឆ្នាំមុនបន្តិចក៏ដោយ ប៉ុន្តែផ្ទុយទៅវិញ អាកាសធាតុអំណោយផល ខ្ទឹមផ្ដល់ផលហើយតិចមានសត្វល្អិតបំផ្លាញ ដូច្នេះចំណេញច្រើនជាងឆ្នាំមុន។
ដំណាំខ្ទឹមក្រហមដើមរដូវរបស់លោកថាច់សាល កំពុងលូតលាស់ល្អ។
ចំពោះគ្រួសារដាំខ្ទឹមក្រហមតាមទិសដៅសរីរាង្គ គឺភាពសប្បាយរីករាយកើនទ្វេដង អាស្រ័យ ខ្ទឹមក្រហមអំណោយផល លក់បានតម្លៃខ្ពស់។ ជាក់ស្ដែង ដូចជាគ្រួសារលោកថាច់សាល នៅភូមិអ៊ូវថ B ដាំខ្ទឹមក្រហមដើមរដូវតាមទិសដៅសរីរាង្គ ២,៥ កុង និងដាំ ១ កុងក្នុងរោងផ្ទះសំណាញ់។ សព្វថ្ងៃនេះ ខ្ទឹមក្រហមរបស់លោក ថាច់សាល ជិតបានប្រមូលផល ហើយបានឈ្មួញមកកក់ទិញក្នុងស្រែ ជាមួយតម្លៃពី ២៣.០០០ - ២៥.០០០ ដុង/គីឡូក្រាម។ លោកថាច់សាល ឱ្យដឹង៖ “ខ្ទឹមក្រហមដើមរដូវ ដាំបាននៅតំបន់ដីខ្ពស់និងរយៈពេលខ្លី ដូច្នេះការចំណាយទុនវិនិយោគក៏ទាប បើធៀបនឹងខ្ទឹមក្រហមរដូវសំខាន់។ ដាំតាមទិសដៅសរីរាង្គ និងក្នុងរោងសំណាញ់ គឺខ្ទឹមលូតលាស់ល្អ តិចមានសត្វល្អិតបំផ្លាញ បង់ជីតិចនិងផ្តល់ទិន្នផលខ្ពស់។ មើលឃើញស្រែដាំខ្ទឹមក្រហមលូតលាស់ល្អ ខ្ញុំប៉ាន់ស្មានថាទិន្នផលជាង ២ តោន/កុង។ ជាមួយតម្លៃបច្ចុប្បន្ន ក្រោយពីផាត់ទាត់រួច ខ្ញុំធានាថា នឹងចំណេញពី ១៥-២០ លានដុង/កុង។ ជាច្រើនឆ្នាំមកនេះ គ្រួសារខ្ញុំធ្វើមានដោយសារដាំខ្ទឹមក្រហម ដូច្នេះទើបខ្ញុំហ៊ានវិនិយោគដាំតាមទិសដៅសរីរាង្គ និងដាំក្នុងរោងសំណាញ់ដើម្បីលក់បានតម្លៃខ្ពស់”។
តាមប្រសាសន៍លោកម៉ាយជី-ថ ប្រធានការិយាល័យសេដ្ឋកិច្ចទីរួមខេត្តវិញចូវ ឆ្នាំ ២០២៣-២០២៤ តាមគម្រោងទូទាំងទីរួមខេត្ត នឹងចុះពូជលើផ្ទៃដីប្រមាណ ៥.០០០ ហិកតា ក្នុងនោះ ផ្ទៃដីដាំខ្ទឹមក្រហមដើមរដូវប្រមាណ ១.៣០០ ហិកតា ដាំខ្ទឹមក្រហមរដូវសំខាន់ប្រមាណ ៣.៧០០ ហិកតា។ នៅពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ២០២៣ តម្លៃខ្ទឹមក្រហមបានឈ្មួញប្រមូលទិញជាមួយតម្លៃពី ៤០.០០០ - ៥០.០០០ ដុង/គីឡូក្រាម តម្លៃនេះអ្នកដាំខ្ទឹមនឹងមានចំណេញ។ បច្ចុប្បន្ន កសិករកំពុងចុះពូជខ្ទឹមនៅរដូវសំខាន់ ដូច្នេះ ផ្នែកកសិកម្មបានក្រើនរំលឹកកសិករចុះពូជឆ្លាស់គ្នា កុំប្រមូលផ្តុំចុះពូជតែមួយលើក ដើម្បីចៀសវាងការប្រមូលផលស្រុះគ្នា។ ធ្វើដូច្នេះ ទើបធានាបានស្ថិរភាពក្នុងការប្រើប្រាស់ខ្ទឹមនៅលើទីផ្សារ៕
យ្វីអាញ-ត្រឹងរ៉ូន