មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/12/2023 - 15:26

យុវ​ជន"ច្នៃ"ស្លឹក​ពោធិ៍​ទៅ​ជា​ផ្ទាំង​គំ​នូរ

ផ្តើម​ពី​ការ​ស្រ​ឡាញ់​ជក់​ចិត្ត បង​ឌាំង​យ្វី​ខាញ់ នៅ​ឃុំ​វិញ​ហ៊ីប ទី​រួម​ខេត្ត​វិញ​ចូវ បាន​ច្នៃ “ស្លឹក​ពោធិ៍” ទៅ​ជា​ផ្ទាំង​គំនូរ​លក់​ក្នុង​តម្លៃ​រាប់​សិប​លាន​ដុង។ ឆ្នាំ ២០២៣ យ្វី​ខាញ់ ជា​យុវ​ជន​មួយ​រូប​មក​ពី​ខេត្ត​សុក​ត្រាំង ទទួល​បាន​រង្វាន់​លឿង​ឌិញ​កួរ ពី​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន។

ឌាំង​យ្វី​ខាញ់ ឧទ្ទេស​នាម​ផ្ទាំង​គំនូរ​ច្នៃ​ពី​ស្លឹក​ពោធិ៍ លក់​ក្នុង​តម្លៃ ១០ លាន​ដុង។

កើត​និង​ធំ​ដឹង​ក្តី​នៅ​តំបន់​ជន​បទ​ឃុំ​វិញ​ហ៊ីប កាល​នៅ​តូច យ្វី​ខាញ់​តែង​ទៅ​វត្ត​ជា​មួយ​ឪពុក​ម្តាយ និង​បាន​ព្រះ​ចៅ​អធិ​ការ​ជូន​រូប​ថត​មាន​រូប​ព្រះ​ពុទ្ធ​ក្នុង​ស្លឹក​ពោធិ៍ ដូច្នេះ គាត់​ពេញ​ចិត្ត​ខ្លាំង​ណាស់។ កាល​នោះ យ្វី​ខាញ់ តែង​ទៅ​រើស​ស្លឹក​ពោធិ៍​មក​គាប​ក្នុង​សៀវ​ភៅ ទុក​ធ្វើ​ជា​វត្ថុ​អនុស្សាវ​រីយ៍ ម្ល៉ោះ​ហើយ​គាត់​ក៏​ចាប់​ចិត្ត​បន្តិច​ម្តងៗ។ បង​យ្វី​ខាញ់ រៀប​រាប់៖ “ពេល​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​ផ្នែក​គ្រប់​គ្រង​សង្គម ខ្ញុំ​មិន​ទៅ​ដាក់​ពាក្យ​សុំ​ការ​ងារ​ទេ ប៉ុន្តែ អនុវត្ត​គំ​និត​ច្នៃ​ប្រតិដ្ឋ​យក​ស្លឹក​ពោធិ៍​ច្នៃ​ជា​ផ្ទាំង​គំ​នូរ​វត្ថុ​អនុស្សាវ​រីយ៍​សម្រាប់​ភ្ញៀវ​ទេស​ចរ​ពេល​មក​កាន់​ខេត្ត​សុក​ត្រាំង។ ពី​ព្រោះ​ដើម​ពោធិ៍​ត្រូវ​បាន​ដាំ​នៅ​ច្រើន​កន្លែង ស្លឹក​ជ្រុះ​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​សម្បូរ​ប្រ​ភព​វត្ថុ​ធាតុ​ដើម។ គិត​គឺ ធ្វើ​ខ្ញុំ​ចាប់​ផ្តើម​កែ​ច្នៃ​ស្លឹក​ពោធិ៍​ទៅ​ជា​ផ្ទាំង​គំ​នូរ”។

  ឌាំង​យ្វី​ខាញ់ ទទួល​រង្វាន់​លឿង​ឌិញ​កួរ ពី​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន។

ដើម្បី​បាន​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ​នេះ យ្វី​ខាញ់ ធ្លាប់​ឆ្លង​កាត់​ភាព​បរា​ជ័យ​ច្រើន​លើក ប៉ុន្តែ​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា “បរា​ជ័យ​គឺ​ជា​ប្រ​ភព​នៃ​ភាព​ជោគ​ជ័យ” ដូច្នេះ គាត់​ខិត​ខំ​ព្យា​យាម​សិក្សា​ស្រាវ​ជ្រាវ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែត ដើម្បី​សាង​បាន​នូវ​វណ្ណ​កម្ម​ដ៏​ប្រ​ណីត​នេះ។ បង​យ្វី​ខាញ់ ចែក​រំ​លែក៖ “ដើម្បី​ធ្វើ​បាន​គំនូរ​ដែល​ច្នៃ​ពី​ស្លឹក​ពោធិ៍​មួយ​ផ្ទាំង​ខ្ញុំ​ចំ​ណាយ​ពេល​ជិត​២​ខែ។ ស្លឹក​ពោធិ៍​ត្រូវ​ជ្រើស​យក​ស្លឹក​ចាស់ ព្រោះ​ឆ្អឹង​វា​រឹង មិន​ងាយ​បាក់ កម្រិត​ជាប់​បាន​យូរ។ បន្ទាប់​មក យក​ស្លឹក​ទៅ​ត្រាំ​ទឹក​ដោយ​មាន​លាយ​ជាតិ​គីមី​បន្តិច ដើម្បី​បន្ទន់​ស្លឹក​ស្រង់​ឡើង​យក​ច្រាស់​ដុស​ធ្មេញ​ដុស​ថ្នមៗ​លើ​ផ្ទៃ​ស្លឹក រួច​យក​ទៅ​ហាល​ក្តៅ​ឱ្យ​ស្ងួត។ ឆ្អឹង​ស្លឹក​មាន​ពណ៌​ធម្ម​ជាតិ ដូច្នេះ ខ្ញុំ​ត្រូវ​កែ​ច្នៃ​ជា​ពណ៌​លឿង ពណ៌​ស​ឱ្យ​សម​ស្រប​ទៅ​តាម​ប្រ​ភេទ​គំនូរ​នី​មួយៗ”។ ដើម្បី​រចនា​បាន​ផ្ទាំង​គំនូរ​ស្រស់​ស្អាត យ្វី​ខាញ់​នៅ​ទាំង​គួប​ផ្សំ​នឹង​គ្រាប់​អង្កាំ​ប្លា​ស្ទិក​ល្មួត សូត្រ​ក្រ​ហម បច្ចេក​ទេស​ពុម្ព​ស្បៃ​សូត្រ។ល។ ផ្ទាំង​គំ​នូរ​ច្រើន​តែ​រចនា​រូប​ផ្កា​ឈូក ដើម​ពោធិ៍ មេ​អំ​បៅ កង​ចក្រ​និង​ទំពក់​សោ​ផ្តិត​រូប​ព្រះ​អក្សរ ក្បាច់​រាប់​ម៉ឺន​ផ្ទាំង ត្រូវ​បាន​ខេត្ត​ក្រុង​ជា​ច្រើន​ក្នុង​ប្រ​ទេស និង​ទី​ផ្សារ​អា​មេរិក កា​ណា​ដា ដឹង​ស្គាល់​ច្រើន។ គំនូរ​ដែល​ច្នៃ​ពី​ស្លឹក​ពោធិ៍​មួយ​ផ្ទាំងៗ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ពី ១៥០ ពាន់​ដុង​ដល់ ១០ លាន​ដុង និង ៣៥ ពាន់​ដុង​សម្រាប់​គំនូរ​ទំ​ពក់​សោ។

ឆ្នាំ ២០២០ យ្វី​ខាញ់ បាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង លើក​សរ​សើរ​ពី​គំនិត​ច្នៃ​ប្រតិដ្ឋ​គំរូ​ឆ្នើម​ថ្នាក់​ខេត្ត។ នោះ​ក៏​បាន​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​តាម​អា​ជីព​ដែល​គាត់​ស្រ​ឡាញ់​ចូល​ចិត្ត។ កាល​នោះ យ្វី​ខាញ់ ផ្តើម​អា​ជីព​មាន​ដើម​ទុន​មិន​ដល់ ១០ លាន​ដុង ឥឡូវ​ការ​ប្រ​កប​អា​ជីព​ធ្វើ​ផ្ទាំង​គំនូរ​ពី​ស្លឹក​ពោធិ៍ គាត់​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ជាង ៣៥០ លាន​ដុង/ឆ្នាំ ព្រម​ទាំង​បង្កើត​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជិត ២០ នាក់​នៅ​ភូមិ​ភាគ។ ពិសេស ផលិត​ផល​គំនូរ​ច្នៃ​ពី​ស្លឹក​ពោធិ៍​របស់​យ្វី​ខាញ់ ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន OCOP និង​ចូល​រួម​ដាក់​តាំង​នៅ​សិក្ខា​សា​លា ផ្សារ​ណាត់​តាំង​ពិព័រណ៍​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រ​ទេស។ “ទទួល​បាន​រង្វាន់​លឿង​ឌិញ​កួរ ពី​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន ខ្ញុំ​ពិត​ជា​មាន​កិត្តិ​យស​និង​សប្បាយ​ចិត្ត​ណាស់ ផ្តើម​ពី​នោះ ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​ស្រ​ឡាញ់​អា​ជីព។ ឥឡូវ​នេះ បើ​យុវ​វ័យ​ណា​ស្រ​ឡាញ់​ចូល​ចិត្ត​ចង់​រៀន​គំនូរ​ច្នៃ​ពី​ស្លឹក​ពោធិ៍ ខ្ញុំ​នឹង​ត្រៀម​ជា​និច្ច​ក្នុង​ការ​ជួយ​ចែក​រំលែក​បទ​សោធន៍”  - បង​យ្វី​ខាញ់ បាន​ឱ្យ​ដឹង​ដូច្នេះ៕

                        យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ