អស់រយៈពេល ២៩ ឆ្នាំកន្លង លោកគ្រូគឹមសាល តែងយកអស់ពីកម្លាំងកាយចិត្តដើម្បីបង្ហាត់បង្រៀនអក្សរខ្មែរដល់កូនចៅជនរួមជាតិខ្មែរ និងព្រះសង្ឃក្នុងវត្ត។ បច្ចុប្បន្ន មានសិស្សជាច្រើនមានវ័យវឌ្ឍនាការ ប៉ុន្តែលោកគ្រូនៅតែបន្តការងារបង្ហាត់បង្រៀន និងបណ្ដុះពន្លកសិស្សជំនាន់ថ្មីជាលំដាប់។
លោកគ្រូគឹមសាល។
លោកគ្រូគឹមសាល ស្នាក់នៅអនុសង្កាត់ ១០ សង្កាត់ ៧ ក្រុង ត្រាវិញ ខេត្តត្រាវិញ បានផ្សារភ្ជាប់នឹងការងារបង្ហាត់បង្រៀនអក្សរខ្មែរ នៅវត្តខ្ទឹងអស់រយៈពេលជាច្រើនឆ្នាំ។ ពីមុនលោកគ្រូជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ៧ ក្រុងត្រាវិញ ប្រធានគណៈកម្មការវត្តខ្ទឹង អ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិខ្មែរ។ លោកគ្រូគឹមសាល ឱ្យដឹង៖ “បានរួមចំណែកផ្ដល់ចំណេះដឹងជូនកូនចៅជនរួមជាតិខ្មែរ និងព្រះសង្ឃក្នុងវត្ត គឺក្ដីមោទនៈសម្រាប់រូបខ្ញុំ។ ការរួមចំណែកជូនសង្គមគឺករណីយកិច្ចរបស់ប្រជាជនគ្រប់រូប ចំពោះរូបខ្ញុំក៏ដូច្នោះដែរ។ ខ្ញុំចូលរួមបង្ហាត់បង្រៀនអក្សរខ្មែរតាំងពីឆ្នាំ ១៩៩៤ មកម៉្លេះ បំណងរបស់ខ្ញុំគឺជួយដល់ព្រះសង្ឃនិងសិស្សានុសិស្សចេះអក្សរសាស្រ្តរបស់ជាតិខ្លួន និងរួមចំណែកអភិរក្ស ពង្រីកវប្បធម៌ខ្មែរ”។
លោកគ្រូគឹមសាល កំពុងបង្ហាត់បង្រៀននៅវត្តខ្ទឹង។
អស់រយៈពេល ២៩ ឆ្នាំកន្លង លោកគ្រូគឹមសាល បានទៅវត្តបង្ហាត់បង្រៀនដោយទឹកចិត្តជ្រះថ្លារបស់ខ្លួន។ ប្រាក់កម្រៃរបស់គ្រូ ពេលខ្លះគ្រាន់តែជាកញ្ចប់តែ ឬនំដែលវត្តនិងសិស្សផ្ដល់ជូនប៉ុណ្ណោះ។ ប៉ុន្តែលើសពីប្រាក់កម្រៃ និងសមិទ្ធផលដែលលោកគ្រូគឹមសាល រំពឹងនោះគឺភាពជោគជ័យរបស់សិស្ស។ នៅពេលដែលរំលឹកដល់រឿងនេះ លោកគ្រូបានរ៉ាយរ៉ាប់យ៉ាងច្បាស់អំពីសិស្សឆ្នើមៗ ដែលកំពុងបំពេញការងារផ្នែកវិស័យជាច្រើន មានដូច៖ កាសែត សិល្បៈ អប់រំជាដើម។ ភាពជោគជ័យរបស់សិស្ស គឺជាអំណោយមិនអាចកាត់ថ្លៃបានសម្រាប់គ្រូបង្រៀនគ្រប់រូប ចំពោះគ្រូគឹមសាល ក៏ដូច្នោះដែរ។
ព្រះតេជព្រះគុណ ត្រឹងយ៉ឹង ព្រះចៅអធិការវត្តនាគវនារាម (ខ្ទឹង) បញ្ជាក់៖ “លោកគ្រូគឹមសាល រស់នៅសាមញ្ញ មានការទទួលខុសត្រូវចំពោះសង្គម និងជាគ្រូបង្រៀនពោរពេញដោយឆន្ទៈ។ តួនាទីជាប្រធានគណៈកម្មការវត្ត លោកគ្រូតែងជិតដិត យកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់ព្រះសង្ឃក្នុងវត្ត យកចិត្តទុកដាក់ដល់ជីវភាពរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត។ ទន្ទឹមនឹងនោះ លោកគ្រូកៀរគរពុទ្ធបរិស័ទខ្មែររស់នៅអនុវត្តល្អតាមច្បាប់ គិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ កៀរគរកុមារទៅរៀនជាដើម ម្ល៉ោះហើយពុទ្ធបរិស័ទនិងរដ្ឋអំណាចភូមិភាគមានការគោរពរាប់អាន”៕
សើុងម៉ាល័យ - ថាច់ធី