ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង បានផ្សព្វផ្សាយទម្រង់ “ល្វែងផ្សារណាត់សូន្យដុងសម្រាប់អ្នកក្រ” ដើម្បីឧបត្ថម្ភដល់មនុស្សចាស់គ្មានទីពឹង គ្រួសារដែលមានជីវភាពលំបាកខ្លាំង ពិសេសគឺគ្រួសារជនរួមជាតិខ្មែរក្រីក្រលើភូមិសាស្ត្រដែលអង្គភាពគ្រប់គ្រង។
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា អញ្ជើញមកផ្ទះលោកយាយឡឹមធីលូយ
នៅភូមិឈូងធំ
ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា គ្រប់គ្រងភូមិសាស្ត្រចំនួន២ គឺឃុំឡាយហ្វានិងវិញតឹង ដែលមានជនរួមជាតិខ្មែររស់នៅជាង៧០%។ សេដ្ឋកិច្ចរបស់មាមីងជនរួមជាតិខ្មែរនៅជួបការលំបាក ដូច្នេះ អង្គភាពបានសម្រេចចិត្តផ្សព្វផ្សាយទម្រង់ “ល្វែងផ្សារណាត់សូន្យដុងសម្រាប់អ្នកក្រ”។ ល្វែងផ្សារណាត់ រួមមាន៖ អង្ករ មី ទឹកស៊ីអ៊ីវ នំ ចេក ត្រី សាច់ បន្លែបង្ការ។ល។ សម្ភារៈប្រើប្រាស់ចាំបាច់និងអង្ករ គឺអាស្រ័យអង្គភាពចលនាសប្បុរសជនរួមវិភាគទាន ចំណែកត្រី បន្លែបង្ការ។ល។ ជាផលិតផលដែលអង្គភាពបានបង្កបង្កើនផលផ្ទាល់។ វរសេនីយ៍ត្រី ង្វៀងហ្វាងដែ ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ឱ្យដឹង៖ “អំណោយទាំងនេះ គឺជាទឹកចិត្តរបស់កម្មាភិបាល យុទ្ធជននៃអង្គភាពនិងសប្បុរសជនផ្ញើជូន ដើម្បីចែករំលែកការលំបាកជាមួយនឹងមាមីងក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។ នេះ ក៏ជាការផ្តល់កម្លាំងចិត្តដល់កម្មាភិបាល យុទ្ធជននៃអង្គភាព បន្តការបង្កបង្កើនផល ដើម្បីមានផលិតផលជួយដល់មាមីងឆ្លងកាត់ការលំបាកក្នុងជីវភាព។ ទម្រង់នេះ ទទួលបានការគាំទ្រពីសំណាក់ប្រជាជននិងរដ្ឋអំណាចមូលដ្ឋាន ដូច្នេះ បានរួមចំណែកពូនជ្រំនូវមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន ពង្រឹងនិងពង្រីកចលនា “ទូទាំងប្រជាជនការពារព្រំដែន”។
មាមីងមកទទួលអំណោយនៅ “ល្វែងផ្សារណាត់សូន្យដុង” របស់ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា។
ទម្រង់ “ល្វែងផ្សារណាត់សូន្យដុងសម្រាប់អ្នកក្រ” បានបង្ហាញពីគុណធម៌ដ៏ប្រសើររបស់”កងទ័ពពាក់ស័ក្តិខៀវ”ផងនិងការធ្វើឱ្យប្រាកដប្រជានូវគុណសម្បត្តិដ៏ថ្លៃថ្លារបស់កងទ័ពអ៊ំហូក្នុងសម័យថ្មីផង។ អំណោយទាំងនេះ ពិតជាធ្វើឱ្យមានភាពកត់ក្តៅសម្រាប់មនុស្សចាស់គ្មានទីពឹង គ្រួសារក្រីក្រ គ្រួសារខ្មែរដែលមានជីវភាពលំបាកខ្លាំង។ អ្នកមីងថាច់ធីឡឿន នៅភូមិព្រៃជាប់ ឱ្យដឹង៖ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ពេលបានពូៗកងទ័ពយកអង្ករ មី បន្លែ បង្ការ ត្រីសាច់។ល។ មកជូនដល់ផ្ទះ។ ឥឡូវ បានពូៗកងទ័ពមកជូនកាកឱ្យទៅទទួលអំណោយពេញមួយខែ ខ្ញុំអរគុណខ្លាំងណាស់”។ ចំណែកលោកយាយឡឹមធីលូយ នៅភូមិឈូងធំ ឃុំឡាយហ្វា ឱ្យដឹង៖ “ពីរនាក់យាយតាចាស់ មានអាយុជាង៧០ឆ្នាំ តាឈឺធ្ងន់ កូនៗនៅឆ្ងាយ ហើយជីវភាពក៏ខ្វះខាត ម៉្លោះហើយ ជារៀងរាល់ថ្ងៃ យាយដើរសុំទានបានមាមីងឱ្យប្រាក់សម្រាប់ទិញបាយម្ហូបនិងថ្នាំព្យាបាលជំងឺ។ ឥឡូវ ក្រៅពីការឧបត្ថម្ភប្រាក់ អង្ករ និងរបស់របរប្រើប្រាស់ប្រចាំខែ ពូៗកងទ័ពការពារព្រំដែន ថែមទាំងជូនត្រីសាច់បន្លែបង្ការជារៀងរាល់ថ្ងៃ ដូច្នេះ ខ្ញុំលែងដើរសុំទានទៀតហើយ។ ការជួយឧបត្ថម្ភរបស់ពូៗកងទ័ពការពារព្រំដែនខ្ញុំនឹងចងចាំជានិច្ច”។
លោកលីផួង ប្រធានគណៈកម្មការប្រជាជនភូមិព្រៃជាប់ ឃុំឡាយហ្វា ឱ្យដឹង៖ ទម្រង់ “ល្វែងផ្សារណាត់សូន្យដុងសម្រាប់អ្នកក្រ” មានអត្ថន័យជាក់ស្តែង ជួយឱ្យមាមីងដែលមានស្ថានភាពលំបាកកាត់បន្ថយបានកង្វល់ក្នុងជីវភាព។ នៅពេលខាងមុខ យើងខ្ញុំនឹងសហការជាមួយប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ចលនាសប្បុរសជនឧបត្ថម្ភដើម្បីរក្សានូវទម្រង់នេះ។ ផ្តើមពីនោះ មាមីងស្ងប់អារម្មណ៍អភិវឌ្ឍសេដ្ឋកិច្ច ព្រួតដៃកសាងភូមិស្រុក ប្រកៀកស្មាជាមួយនឹងកងទ័ពការពារព្រំដែន ការពាររឹងមាំអធិបតេយ្យសន្តិសុខព្រំដែនសមុទ្រនៃមាតុភូមិ”៕
យ្វីអាញ-មុនី