25/09/2023 - 15:39

បង្កើត​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំងឺ​

បុគ្គ​លិក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ក្វើយ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​។​

 គ្រូ​ពេទ្យ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ក្វើយ ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​។​

មិន​ទាន់​ដល់​ម៉ោង​៧​ព្រឹក​ផង​ ប្រ​ជា​ជន​បាន​មក​ដល់​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ក្វើយ រង់​ចាំ​ដល់​វេន​ពិនិត្យ​ជំ​ងឺ​ទៅ​ហើយ​ ចំ​ណែក​បុគ្គលិក​ពេទ្យ​ក៏​កំ​ពុង​ម្នីម្នា​បំ​ពេញ​ភារ​កិច្ច​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ដែរ។​ គ្រូ​ពេទ្យ​ វ៉ភុក​យ្វី ឱ្យ​ដឹង៖ “មា​មីង​ធ្វើ​ស្រែ​ ធ្វើ​ចម្ការ​ ម្ល៉ោះ​ហើយ​ ពេល​ឈឺ​ថ្កាត់​ម្តង​ៗ ពួក​គាត់​តែង​មក​ពិនិត្យ​ជំងឺ​ពី​ព្រ​លឹម ដើម្បី​ទៅ​ធ្វើ​កិច្ច​ការ​ផ្ទះ​ទៀត។​ ហេតុ​នោះ​ បុគ្គ​លិក​ដំ​ណាក់​សុខា​ភិបាល​ ក៏​ឆាប់​មាន​វត្ត​មាន​ដែរ​ មិន​ទុក​ឱ្យ​មាមីង​រង់​ចាំ​យូរ​ឡើយ”។​ ដោយ​សារ​ការ​អស់​ពី​ចិត្ត​នោះ​ ទើប​ដំ​ណាក់​សុខា​ភិបាល​តែង​មាន​អ្នក​ជំ​ងឺ​មក​ពិនិត្យ​ព្យា​បាល​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ បង​ស្រី​ តាំង​ធីគឹម​តាវ មក​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​អា​រម្មណ៍​ហេវ​ហត់​ ឈឺ​ក្បាល​ វិល​មុខ​ ទើប​មក​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំ​ងឺ​ វេជ្ជ​បណ្ឌិត​បាន​ប្រាប់​ថា​ ខ្ញុំ​មាន​សម្ពាធ​ឈាម​ចុះ​ទាប​ មិន​ឱ្យ​ទៅ​ផ្ទះ​ទេ​ ត្រូវ​ទូរ​ស័ព្ទ​ហៅ​សាច់​ញាតិ​មក​។​ វេជ្ជ​បណ្ឌិត​បាន​ឱ្យ​ថ្នាំ​ផឹក​និង​បញ្ចូល​សេរ៉ូម ឥឡូវ​សុខ​ភាព​ខ្ញុំ​បាន​ធូរ​ស្រាល​ច្រើន”។​ ចំ​ណែក​លោក​វ៉ថាញ់​ក្វឹង ឱ្យ​ដឹង៖ “វេជ្ជ​បណ្ឌិត​នៅ​ដំ​ណាក់​សុខា​ភិបាល​ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ពេល​ពិនិត្យ​ជំ​ងឺ​ឃើញ​ថា​វា​ហួស​ពី​សមត្ថ​ភាព​ព្យា​បាល​ ក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ភ្លាម​ ហេតុ​នោះ​ខ្ញុំ​តែង​មាន​ទំ​នុក​ចិត្ត”។​

ជា​ឃុំ​លំ​បាក​ខ្លាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ និង​ប្រ​ជា​ជន​ត្រូវ​បាន​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​១០០% ម្ល៉ោះ​ហើយ​ចំ​នួន​អ្នក​មក​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំ​ងឺ​ច្រើន​បង្គួរ។​ មធ្យម​ភាគ​ក្នុង​មួយ​ខែ​ ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំ​ងឺ​ប្រ​មាណ​ជាង​៧០០​លើក​នាក់។​ វេជ្ជ​បណ្ឌិត​ដាវ​ខឿង​ណាម ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ក្វើយ ឱ្យដឹង៖ “រៀង​រាល់​ខែ​ ដំ​ណាក់​តែង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ស្នើ​ថ្នាក់​លើ​ផ្គត់​ផ្គង់​បរិក្ខារ​ពេទ្យ​ និង​ថ្នាំ​ព្យា​បាល​ ដូច​ជា៖ គ្រុន​ក្តៅ​ ឈឺ​ចុក​រោយ រលាក​ផ្លូវ​ដង្ហើម​ រលាក​ពោះ​វៀន​ និង​ជំ​ងឺ​ទឹក​នោម​ផ្អែម។​ល។​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថែទាំ​សុខ​ភាព​ជូន​មា​មីង​។​ ទន្ទឹម​នឹង​នោះ​ លើក​ទឹក​ចិត្ត​បុគ្គ​លិក​ដំ​ណាក់​សុខា​ភិបាល​ត្រូវ​តែ​មាន​អា​កប្បកិរិយា​ល្អ​ចំ​ពោះ​អ្នក​ជំ​ងឺ​ និង​ថែទាំ​សុខ​ភាព​ជូន​អ្នក​ជំ​ងឺ​ដូច​ជា​សាច់​ញាតិ​ក្នុង​គ្រួ​សារ​ ដើម្បី​ពួក​គាត់​នឹង​នរ​ចិត្ត​ព្យា​បាល”។​

ទន្ទឹម​នឹង​នោះ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ក្វើយ នៅ​ទាំង​អនុវត្ត​ល្អ​ភារ​កិច្ច​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​ទៀត​ផង។​ ចាប់​ពី​ដើម​ឆ្នាំ​ ដំ​ណាក់​សុខា​ភិបាល​បាន​កសាង​ផែន​ការ​ដើម្បី​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​នា​នា ក្រុម​សុខា​ភិបាល​១២​ក្រុម​ និង​សហ​ការី​៥០​រូប​ ជំ​រុញ​ការ​ឃោ​សនា​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​ ពិសេស​គឺ​ជំងឺ​គ្រុន​ឈាម​ ជំ​ងឺ​ពង​ដៃ​ - ជើង​ - មាត់​; អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុខា​ភិបាល។​ មក​ទល់​ពេល​នេះ​ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ កើត​មាន​ករណី​ជំងឺ​គ្រុន​ឈាម​១១​ករណី និង​ជំងឺ​ពង​ដៃ​ - ជើង​ - មាត់​២ ករណី​ប៉ុណ្ណោះ។​ សម្បុក​រោគ​ឆ្លង​តូចៗ​សុទ្ធ​តែ​បាន​ផ្តុំ​កម្លាំង​វិនិច្ឆ័យ​ហ្មត់​ចត់​ ម្ល៉ោះ​ហើយ​ ស្ថាន​ភាព​ជំងឺ​ឆ្លង​រាល​ដាល​តែង​បាន​គ្រប់​គ្រង​ល្អ។​ បច្ចុប្បន្ន​ ដំណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ក្វើយ គឺជា​អង្គ​ភាព​មាន​ករណី​ជំងឺ​គ្រុន​ឈាម​ និង​ជំងឺ​ពង​ដៃ​ - ជើង​ - មាត់​ទាប​បំ​ផុត​របស់​ស្រុក​មី​ស្វៀង​៕​

                                   យ្វី​អាញ - វិមាន

ចែករំលែកអត្ថបទ