ខេត្តសុកត្រាំង កំពុងប្រញឹកបង្ហើយការសាងសង់ផ្ទះ ១.២០០ ខ្នង ជូនដល់អ្នកក្រីក្រ បំផុតគឺគ្រួសារជនរួមជាតិខ្មែរ។ ផ្ទះដែលបានសាងសង់រួចរាល់ បាននាំមកនូវភាពសប្បាយរីករាយ សុភមង្គលដល់អ្នកទទួលផល។
ប្តីប្រពន្ធលោកលីហិន ត្រេកអរពេលទទួលផ្ទះថ្មី។
ឆ្នាំ២០២៣ ក្រសួងនគរបាលចលនាអាជីវកម្ម សប្បុរសជនឧបត្ថម្ភសាងសង់ផ្ទះបាន១.២០០ខ្នង (មួយខ្នងៗមានម្លៃ៥០ លានដុង) ជូនដល់គ្រួសារក្រីក្រដែលជួបលំបាកខាងលំនៅឋាននៅលើភូមិសាស្រ្តខេត្តសុកត្រាំង សរុបថវិកាសាងសង់៦០ពាន់លានដុង។ ទន្ទឹមនឹងនោះ បញ្ជូនសិក្ខាកាមនៃមហាវិទ្យាល័យប៉ូលិសប្រជាជន និងមហាវិទ្យាល័យសន្តិសុខប្រជាជន៤២០រូប; នគរបាលខេត្តសុកត្រាំង បានបញ្ជូនកម្មាភិបាលយុទ្ធជន១៥០រូបនិងយុទ្ធជន នគរបាលថ្នាក់ស្រុក ថ្នាក់ឃុំរាប់រយនាក់ ដើម្បីជួយប្រជាជនរុះរើផ្ទះចាស់ទ្រុឌទ្រោម លើកធារ ដឹកជញ្ជូនសម្ភារៈសំណង់។ល។ ដើម្បីដំណើរការសាងសង់បានឆាប់។
ប្តីប្រពន្ធលោកគឹមសល់ និងចៅៗ នៅឃុំថើយអាងហោយ រីករាយទទួលទាន
អាហារថ្ងៃត្រង់ក្នុងផ្ទះថ្មី។
បរិយាកាសដ៏កក់ក្តៅនៃផ្ទះថ្មី បានសាងសង់ឡើងផ្តើមពីប្រភពឧបត្ថម្ភរបស់ក្រសួងនគរបាល កំពុងរីកសាយភាយនៅគ្រប់តំបន់ជនរួមជាតិខ្មែរក្នុងខេត្តសុកត្រាំង។ នៅខាងក្នុងផ្ទះដែលមានទំហំប្រមាណ៤០ម៉ែត្រការ៉េ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងដោយផ្ទាំងEPS (ជាសម្ភារៈសម្រាប់ធ្វើជញ្ជាំងការពារសំឡេងនិងកម្ដៅ) និងស៊ុមដែក គឺជាសំឡេងសើចក្អាក់ក្អាយសប្បាយរីករាយរបស់សមាជិកគ្រួសារលោកគឹមសល់ នៅឃុំថើយអាងហោយ ស្រុកកេសាច់។ លោកគឹមសល់ ឱ្យដឹង៖ “ក្រោយពីរៀបការជាង៣០ ឆ្នាំ ប្តីប្រពន្ធខ្ញុំរស់នៅក្រោមផ្ទះឫស្សី ដំបូលប្រក់ស្លឹក ម្ល៉ោះហើយ ពេលភ្លៀងខ្យល់ម្តងៗព្រួយបារម្ភខ្លាំងណាស់។ ឥឡូវមានផ្ទះថ្មីរឹងមាំ ប្ដីប្រពន្ធខ្ញុំស្ងប់ចិត្តនិងខិតខំធ្វើការរកស៊ី ដើម្បីជីវភាពកាន់តែល្អប្រសើរ”។
ថ្ងៃទទួលផ្ទះថ្មី ប្តីប្រពន្ធលោកលីហិន នៅឃុំដាយតឹម ស្រុកមីស្វៀង មានសេចក្តីត្រេកអរយ៉ាងក្រៃលែង ពីព្រោះប្តីប្រពន្ធគាត់រស់នៅដោយរបរធ្វើការស៊ីឈ្នួល ម្ល៉ោះហើយ ការសាងសង់បានផ្ទះរឹងមាំស្នាក់នៅគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ។ លោកហិន ឱ្យដឹង៖ “ច្រើនឆ្នាំមកនេះ ខ្ញុំរស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម ហេតុនោះ ពេលភ្លៀងខ្យល់ម្តងៗគឺចំបែងណាស់។ ហេតុនោះ ពេលបានក្រសួងនគរបាលឧបត្ថម្ភថវិកា នគរបាលខេត្តនិងរដ្ឋអំណាចភូមិភាគជួយជាកម្លាំង ទើបផ្ទះឆាប់បានសម្រេចរួចរាល់។ ឥឡូវនេះ ខ្ញុំមានសេចក្តីត្រេកអរនិងសុភមង្គលក្រៃលែង ពីព្រោះមានផ្ទះថ្មីរឹងមាំស្នាក់នៅ ហេតុនោះ ខ្ញុំក៏ស្ងប់ចិត្តខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។
នៅក្នុងពិធីប្រគល់ផ្ទះគំរូ ឧត្តមសេនីយ៍ឯកបម្រុង លឿងតាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាល ឱ្យដឹង៖ “បក្សនិងរដ្ឋតែងយកចិត្តទុកដាកយ៉ាងពិសេស និងមិនផ្លាស់ប្ដូរទស្សនៈ “អភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយនឹងកាត់បន្ថយភាពក្រីក្រដោយចីរភាព និងធានាសុខុមាលភាពសង្គម”; ជាមួយនឹងប្រវេណី “ស្លឹកជាពាសស្លឹកដាច់” ច្រើនឆ្នាំកន្លង ក្រសួងនគរបាលតែងសំដៅដល់ការថែទាំ លើកកម្ពស់គុណភាពជីវភាព ប្រជាជនដែលនៅជួបលំបាកក្នុងទូទាំងប្រទេស។ ការសាងសង់ផ្ទះ សំដៅជួយប្រជាជនស្ងប់ចិត្ត ពលកម្មផលិត កែលម្អជីវភាព ពង្រឹងទំនាក់ទំនងស្អិតល្មួតរវាងប្រជាជន និងកងកម្លាំងនគរបាល ក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់ កសាង “ជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជន” រឹងមាំ”៕
យ្វីអាញ-វិមាន