យោងតាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង រយៈពេលកន្លង ខេត្តបានដាក់ចេញនូវសេចក្តីសម្រេច កម្មវិធីនិងផែនការជាច្រើន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ ឃើញថាជីវភាពជនរួមជាតិភាគតិចកាន់តែរីកចម្រើន។
ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ របស់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង ទាក់ទាញមនុស្សរាប់ពាន់នាក់ចូលរួមទស្សនាកម្សាន្ត។
យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តគៀងយ៉ាង ជនជាតិខ្មែរគឺជាជនជាតិភាគតិចរស់នៅច្រើនបំផុតនៅគៀងយ៉ាង មានប្រជាជនជាង១៣%នៃចំនួនប្រជាជនក្នុងខេត្ត។ ជនរួមជាតិខ្មែរតែងមានស្មារតីស្នេហាជាតិ រស់នៅសាមគ្គី រួមរស់ជាមួយជនជាតិឯទៀតជាបងប្អូនលើភូមិសាស្ត្រ រក្សានិងពង្រីកប្រវេណីបដិវត្តន៍ ប្រពៃណីវប្បធម៌ថ្លៃថ្លារបស់ជនជាតិខ្មែរ។ ប៉ុន្មានឆ្នាំកន្លង ខេត្តគៀងយ៉ាង មានគោលការណ៍ គោលនយោបាយជាច្រើនសម្រាប់វិនិយោគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ផ្តើមពីនោះ ធ្វើឱ្យតំបន់ជនរួមជាតិភាគតិចមានការប្ដូរផ្លាស់ច្រើននិងរីកចម្រើនលើគ្រប់វិស័យ៖ សេដ្ឋកិច្ចបន្តអភិវឌ្ឍន៍ បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ពូជដំណាំ សត្វចិញ្ចឹម ផ្ទេរវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនដល់ជនរួមជាតិខ្មែរ ជួយដល់មាមីងអនុវត្តក្នុងការបង្កបង្កើនផល សម្រេចបានប្រសិទ្ធភាពខ្ពស់។ គោលនយោបាយ សុខុមាលភាពសង្គម ឧបត្ថម្ភអគ្គិសនី លំនៅឋាន ដីធារផ្ទះ ដីផលិតកម្ម ផ្លាស់ប្តូរមុខរបរ ទឹកស្អាត ថែទាំសុខភាព អប់រំនិងបណ្តុះបណ្តាល។ល។ ត្រូវបានអនុវត្តល្អ។ អាស្រ័យដូច្នោះ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ចំនួនគ្រួសារមានជីវភាពធូរធារ មានបាន គ្រប់ហូបកើនឡើង ចំនួនគ្រួសារក្រីក្រជាជនជាតិខ្មែរនៅ០,២៨% គ្រួសារប្រកៀកបន្ទាត់ក្រនៅ០,២៥% បើប្រៀបធៀបនឹងចំនួនគ្រួសារក្រីក្រទូទាំងខេត្ត។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹងបន្ថែម៖ “ផ្អែកលើមូលដ្ឋានគ្រឹះដែលទទួលបាន ពេលអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០២៥ ក្រៅពីការយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម; កាត់បន្ថយភាពក្រីក្រឆាប់រហ័សនិងប្រកបដោយចីរភាព បង្រួញគម្លាតអំពីកម្រិតរស់នៅបន្តិចម្តងៗ បើប្រៀបធៀបនឹងតំបន់អភិវឌ្ឍ ខេត្តនៅទាំងផ្តុំកម្លាំងកសាងនិងអភិវឌ្ឍគម្រោងនានាក្នុងការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ថ្លៃថ្លារបស់ជនជាតិ តួយ៉ាង៖ “ការអភិរក្សនិងអភិវឌ្ឍភូមិ វប្បធម៌ប្រវេណីជនជាតិខ្មែរ” “ការអភិរក្សនិងពង្រីកតម្លៃសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរលើភូមិសាស្ត្រខេត្តគៀងយ៉ាង ដំណាក់កាល២០២១-២០២៥”...។
លោកឡេមិញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឱ្យដឹង៖ “ស្រុកហ្គក្វាវ បានជ្រើសរើសធ្វើជាទីតាំងរៀបចំ “ទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាងជារៀងរាល់ឆ្នាំ។ ពិធីនេះ មានមនុស្សរាប់ពាន់នាក់ចូលរួមកម្សាន្ត បញ្ជាក់ថា ការរៀបចំទទួលបានជោគជ័យ។ ជាពិសេស បណ្តាសកម្មភាពវប្បធម៌កីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរ មានដូច៖ ប្រណាំងទូក-ង បណ្តែតប្រទីប សំពះព្រះខែ។ល។ ទាក់ទាញមនុស្សចូលរួមយ៉ាងច្រើនកុះករ”៕
ហាថាញ-មុនី