កីឡា - ទេសចរណ៍ ទេសចរណ៍

05/06/2023 - 11:02

បណ្តែត​អា​រម្មណ៍​ជា​មួយ​នឹង​ផ្កា​ក្ងោក​ពណ៌​ស្វាយ

ដា​ឡាត​នាគិម្ហ​រដូវ​ ក្រៅ​ពី​សំ​ឡេងរៃ​យំ​សូរ​កង​ រំ​ពង​នៅ​តាម​ដង​វិថី​ថែម​ទាំង​មាន​ផ្កា​ក្ងោក​ពណ៌​ស្វាយ​រីក​ស្គុះ​ស្គាយ រុះ​រោយ​ជ្រុះ​ធ្លាក់​តាម​ជំនោរ​ខ្យល់​ទៀត​ផង​។

អង្គុយ​ក្នុង​តៀម​ពិសា​ទឹក​សណ្តែក​សៀង​ក្តៅ​ឧណ្ហៗ ពិសា​នំក្រៀប​ឆ្អើរ ពង​ទា​កូន​ក្នុង​បរិ​យាកាស​ត្រ​ជាក់​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​នឹង​មាន​អា​រម្មណ៍​ស្រស់​ស្រាយ។

បីដូច​ជា​ផលិត​ផល​ពិសេស​រ​បស់​ដា​ឡាត ពេល​ឈាន​ចូល​គិម្ហ​រដូវ​ម្តងៗផ្កា​ក្ងោក​ ពណ៌​ស្វាយ​តែង​រីក​ស្គុះ​ស្គាយ​តាម​ដង​វិថីក្រុង។ សម្រស់​ផ្កា​ក្ងោក​ពណ៌​ស្វាយ ហាក់​អន្ទង​ចិត្ត​ ភ្ញៀវ​ទេស​ចរឱ្យ​មក​កាន់​ដា​ឡាត​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​គយ​គន់​ផ្កាក្ងោក​រុះ​រោយ​ ហើយ​បណ្តែត​អា​រម្មណ៍​បំ​បាត់​ក្តី​កង្វល់។ ដ្បិតអី​ពណ៌​ស្វាយ​នៃ​ផ្កា​ក្ងោក​ប្រ​កប​ដោយ​មនោ​សញ្ចេត​នា​យ៉ាង​ជ្រាល​ជ្រៅ អម​ដោយ​តំ​ណក់​ភ្លៀង​រលឹម​ស្រិចៗ​នៃ​តំ​បន់​ខ្ពង់​រាប។ អា​ស្រ័យ​ហេតុ​នោះ​ គិម្ហរ​ដូវ​នៅ​ដា​ឡាត​មាន​ភាព​ស្រ​ពាប់​ស្រ​ពោន។ យើង​សាក​ល្បង​ឆៀង​ចូល​អង្គុយ​នៅ​ជ្រុង​មួយ​នៃ​តៀម​កា​ហ្វេ​ក្បែរ​ចិញ្ចើម​ថ្នល់​ ពិសា​កាហ្វេ​មួយ​កែវ​ គយ​គន់​ផ្កា​ក្ងោក​ពណ៌​ស្វាយ​រុះ​រោយ​ តាម​ជំនោរ​ខ្យល់​ ភ្ញៀវ​ទេស​ចរ​នឹង​មាន​អា​រម្មណ៍​កណ្ដែង​កណ្ដោច។

ផ្កា​ក្ងោក​ពណ៌ស្វាយនៅ​ដាឡាត។

ទោះ​បី​ជា​ដូច្នោះ តែ​ព្រឹក​ឡើង​ដើម​ក្ងោក​នោះ​មាន​ផ្កា​រីក​ស្គុះ​ស្គាយ បញ្ចេញ​ពណ៌​ស្វាយ​តាម​ដងផ្លូវ​ នៅ​ពេល​ព្រះ​អា​ទិត្យ​ចែង​ពន្លឺ។ ក្រោយ​ពេល​គយ​គន់​ព្រះ​អា​ទិត្យ​រះ​ផុត​ចុង​ស្រល់ ភ្ញៀវ​ទេស​ចរ​អាច​ពិសា​កា​ហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ រួច​ហូប​គុយ​ទាវ​មួយ​គោម​ ឬនំ​បញ្ចុក​សាច់​គោ​ក្តៅ​ហ៊ុយៗ។ ឆ្អែត​តឹង​ពោះ​កាហ្វេ​ជួយ​ឱ្យ​យើង​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​ ពេល​បរិ​យា​កាស​ត្រ​ជាក់​ៗ សន្សើម​ក៏​រលាយ​បាត់​សន្សឹមៗ ខណៈ​ដែល​​ព្រះ​អា​ទិត្យ​រះ​ឡើង​ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​ហាក់​បី​ដូច​ពោរពេញ​ដោយ​ថាម​ពល។ ក្តី​កណ្ដែង​កណ្ដោច​ជា​មួយ​ផ្កា​ក្ងោក​ ក្តី​អា​ណោច​ពី​យប់​មិញ​ស្រាប់​តែ​រសាយ​បាត់​អស់។ មាន​តែ​ដា​ឡាត​ទេ ដែល​ជា​កន្លែង​អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ មាន​អា​រម្មណ៍​កណ្ដែង​កណ្ដោច តែ​ឆាប់​រសាយ​ ក្លាយ​ជា​រីក​រាយ​ឡើង​វិញ​ពី​ព្រោះ​មាន​បរិ​យា​កាស​ដ៏​ពិសេស​គ្មាន​ពីរ។

ប្រ​ហែល​ជា​ហេតុ​នេះ​ហើយ​ បាន​ជា​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ជាប់​ចិត្ត​ដិត​អា​រម្មណ៍​នឹង​ដា​ឡាត។ មាន​អ្នក​ខ្លះ​មក​កាន់​ដា​ឡាត​គ្រប់​ ៤ រដូវ​ ក្នុង​ឆ្នាំ​ ក្នុង​គោល​បំ​ណង​ដើម្បី​លម្ហែ​អា​រម្មណ៍​ក្រោយ​រយៈ​ពេល​ធ្វើ​ការ​នឿយ​ហត់។ បង​ស្រី​ឡឹម​ធីហុង​ នៅ​ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ បង្ហើប​ឱ្យ​ដឹង​៖ “ខ្ញុំ​ចូល​ចិត្ត​ដើរ​ទេស​ចរ​ណាស់​ ម្ល៉ោះ​ហើយ​បាន​ធ្វើ​ដំ​ណើរ​ទៅ​ជា​ច្រើន​កន្លែង​ ប៉ុន្តែ​ដា​ឡាត​ខ្ញុំ​ពេញ​ចិត្ត​បំ​ផុត។ អា​ស្រ័យ​ហេតុ​នោះ​ ឆ្នាំ​ណា​ក៏​ខ្ញុំ​ទៅ​ដា​ឡាត យ៉ាង​ហោចណាស់​ ២ ដង​ដែរ។ ទៅ​ដើម្បី​សម្រប​ខ្លួន​នឹង​ធម្ម​ជាតិ​ យើង​ទៅ​ដើម្បី​បង្កើត​ថាម​ពល​ឡើង​វិញ​ និង​មាន​គំ​និត​ច្នៃ​ប្រតិដ្ឋ​ថ្មី”។

យើង​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ចំ​ណាប់​អា​រម្មណ៍​ផ្សេង​គ្នា​ពី​ដា​ឡាត ម្ល៉ោះ​ហើយ​មាន​ភ្ញៀវ​ទេស​ចរ​ខ្លះ​គ្រាន់​តែ​ធ្វើ​ដំណើរ​ជុំ​វិញ​ដង​ផ្លូវ​ក្នុង​ក្រុង​ ស្រូប​យក​ខ្យល់​អា​កាស​ដ៏​បរិសុទ្ធ។ ខណៈ​ពេល​រួយ​ជើង ភ្ញៀវ​ទេស​ចរ​ឆៀង​ចូល​អង្គុយ​តាម​តៀម​តូច​ៗ​ក្បែរ​ចិញ្ចើម​ថ្នល់​ ពិសា​ទឹក​សណ្តែក​សៀង​ក្តៅ​ឧណ្ហៗ​មួយ​កែវ​ និង​ពិសា​នំ​ក្រៀប​ឆ្អើរ​ដ៏​ឈ្ងុយ​ឆ្ងាញ់។ គ្រាន់​តែ​ប៉ុណ្ណេះ​ក៏​សប្បាយ​ចិត្ត​រួច​ទៅ​ហើយ​ នេះ​គឺ​ទៅ​តាម​អា​រម្មណ៍​របស់​យើង​ម្នាក់ៗ៕

                                 ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ