មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/05/2023 - 06:32

ស្រ​ឡាញ់​សិល្បៈ​របាំ​ប្រ​ពៃ​ណី

ដោយ​ស្រ​ឡាញ់​សិល្បៈ​របាំ​ប្រ​ពៃ​ណី​ខ្មែរ​ ម៉្លោះ​ហើយ​ ថាច់​ធីង៉ុក​ពឿង បាន​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​ពង្រីក​ទេព​កោស​ល្យ​របស់​ខ្លួន​ ដើម្បី​ក្លាយ​ជា​អ្នក​របាំ​មាន​ឈ្មោះ​បោះ​សំ​ឡេង។ បច្ចុប្បន្ន​ ង៉ុក​ពឿង ជា​ប្រ​ធាន​ក្រុម​របាំ​របស់​ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​ខេត្ត​បាក​លីវ។

ថាច់​ធីង៉ុក​ពឿង រាំរ​បាំ​ជូន​ពរ។

តាម​ការ​រៀប​រាប់​របស់​ង៉ុក​ពឿង​នាង​ មាន​សំ​ណាង​ជាង​សិល្ប​ករ​ដទៃ​ទៀត​ ដែល​មាន​អ្នក​ម្តាយ​ជា​សិល្ប​ការិនី​ឆ្នើម គឹម​ធី​ជុង។ ហេតុ​នេះ​ នាង​បាន​ម្តាយ​បង្ហាត់​ ច្រៀង​រាំ​តាំង​ពី​កុមារ។ ក្រោយ​ពី​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ ង៉ុក​ពឿង បាន​ចូល​រួម​ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​ខេត្ត​បាក​លីវ។ ង៉ុក​ពឿង ឱ្យ​ដឹង​៖ “ម្តាយ​ខ្ញុំ​ជា​អ្នក​ចម្រៀង អ្នក​របាំ​និង​ជា​តួ​សម្តែង​ល្ខោន​យូរ​កេរ។ កាល​ម្តាយ​នៅ​រស់​ ក៏​បាន​បង្ហាត់​បង្ហាញ​ខ្ញុំ​ពី​បំ​ណិន​របស់​គាត់។ ព្រោះ​ហេតុ​នេះ​ ពេល​ចូល​ក្រុម​ នាង​ខ្ញុំ​បាន​ចូល​រួម​ច្រៀង​រាំ និង​ដើរ​តួ​ស​ម្តែង​ល្ខោន​យូរ​កេរ”។

ថាច់​ធីង៉ុក​ពឿង (កណ្តាល) រាំរបាំ​ជូន​ពរ។

ដោយ​ការ​ស្រ​ឡាញ់​សិល្បៈ​ប្រពៃ​ណី​ខ្មែរ​ ម៉្លោះហើយ​ង៉ុក​ពឿង ខិត​ខំ​ប្រឹង​ប្រែង​ហាត់​សម​ រៀន​សូត្រ ស្រាវ​ជ្រាវ​ ដើម្បី​ពង្រីក​ទេព​កោ​សល្យ​របស់​ខ្លួន​ ក្លាយ​ជា​អ្នក​របាំ​មាន​ឈ្មោះ​បោះ​សំ​ឡេង។ បច្ចុប្បន្ន​ ង៉ុក​ពឿង ជា​អ្នក​ជំ​នាញ​ខាង​រៀប​ចំ​ឈុត​របាំឱ្យ​ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​ខេត្ត​បាក​លីវ ពេល​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​មហោ​ស្រព​ប្រ​ឡង​សិល្បៈ​សមោ​សរ។

ចាប់​ពី​ឆ្នាំ​ ២០១៣ មក​ទល់​នឹង​បច្ចុប្បន្ន​ ង៉ុក​ពឿង បង្កើត​ក្រុម​របាំ​កុមារ​បាន​ ២ ក្រុម​ នៅ​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ ដោយ​មាន​សមា​ជិក​ប្រ​មាណ ​៧០ នាក់​ សម្រាប់​សម្តែងក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ​ក្នុង​វត្ត​និង​តាម​ភូមិ​ស្រុក។ ពិ​សេស​ ក្រុម​របាំ​កុមារ​តែង​ច្រៀង​រាំ​ថត​កម្ម​វិធី​នាទី​កុមារ​ ភាសា​ខ្មែរ​នៃ​ស្ថា​នីយ​ទូរ​ទស្សន៍​ VTV5។ ក្រៅ​ពី​នោះ​ ង៉ុក​ពឿង នៅ​ទាំង​បង្ហាត់​របាំ​នៅ​តាម​វត្ត​ពេល​ ចូល​រួម​មហោ​ស្រព​ប្រ​ឡង​សិល្បៈ​ក្នុង​ខេត្ត​; រៀប​ចំ​ឈុត​សម្ដែង​ឱ្យ​សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​បាក​លីវ ពេល​ទៅ​សម្តែង​នៅ​ទិវា​បុណ្យ​វប្ប​ធម៌​ កីឡានិង​ទេស​ចរណ៍​ខ្មែរ​ណាម​បូ លើក​ទី VIII ឆ្នាំ​២០២២ នៅ​ខេត្ត​សុក​ត្រាំង ទទួល​បាន​ជ័យ​លាភី​លេខ ២។ ង៉ុក​ពឿង ឱ្យ​ដឹង​៖ “ខ្ញុំ​យល់​ឃើញ​ថា អ្នក​របាំ​ត្រូវ​មាន​ទេព​កោ​សល្យ កាយ​វិការ​ទន់​ភ្លន់ ស្រ​ឡាញ់​ចូល​ចិត្ត​សិល្បៈ​ ស៊ូទ្រាំ​ក្នុង​ការ​ហាត់​សម។ ចំ​ពោះ​គ្រូ​ហាត់​របាំ ក៏​ត្រូវ​មាន​ការ​អត់​ធ្មត់ បង្ហាត់​ចាប់​ផ្តើម​ពី​កាយ​វិការ​មូល​ដ្ឋាន​រហូត​ដល់​របាំ ហើយ​ណែ​នាំ​ឱ្យ​ប្អូន​ៗត្រូវ​ចេះ​ស្តាប់​តាម​ចង្វាក់​ភ្លេង ទើប​រាំ​បាន​ល្អ​។ ខ្ញុំ​តែង​បង្ហាត់​ប្អូន​ៗនៅ​តាម​ភូមិ​ពី​របាំ​ប្រពៃ​ណី មាន​ដូច​៖ រាំ​វង់​សា​រា​វ៉ាន់​ ឡាំលាវ​។ល។ ពេល​ប្អូន​ៗ​រាំ​ស្ទាត់ ទើប​បង្ហាត់​របាំ​អប្សរា របាំ​ជូន​ពរ​ជា​ដើម”។  

លោក​ថាច់​មូលី ប្រ​ធាន​ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​ ខេត្ត​បាក​លីវ បញ្ជាក់​៖ “ង៉ុក​ពឿង ជា​សិល្បៈ​ការិនី មាន​ទេព​កោ​សល្យ ឧស្សាហ៍​ស្វះ​ស្វែង​សិក្សា​ស្រាវ​ជ្រាវ​ ត្រង​ត្រាប់និង​គោ​រព​តាម​ការ​ផ្តល់​យោ​បល់​ពី​មិត្ត​រួម​អា​ជីព​រៀម​ច្បង។ ហេតុ​នេះ​ កម្ម​វិធី​របាំចម្រៀង​និង​តន្ត្រី ដែល​ង៉ុក​ពឿង រៀប​ចំ​ឆាក​ប្រ​កប​ដោយ​ភាព​អា​ជីព តិច​មាន​អ្នក​ណា​ផ្តល់​យោបល់​ ដូច្នេះ​ បង​ប្អូន​ក្នុង​ក្រុម​គ្រប់​គ្នា​តែង​កោត​សរ​សើរ”៕

                   យ្វីអា​ញ-មុនី

ចែករំលែកអត្ថបទ