12/12/2022 - 14:46

ថែ​ទាំល្អ​សុខ​ភាព​ប្រ​ជា​ជន​

អា​ស្រ័យ​កង​ជួរ​កម្មា​ភិបាល​ពេទ្យ​មាន​កម្រិត​វិជ្ជា មុខ​ជំ​នាញ​អស់​ពីចិត្ត​ចំ​ពោះ​អ្នក​ជំងឺ​ ម្ល៉ោះ​ហើយ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាម​ដូង ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង តែង​បង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​អ្នក​ជំងឺ​; ធ្វើ​ឱ្យប្រ​ជា​ជន​ស្ងប់ចិត្ត​មក​ពិនិត្យ​ព្យា​បាល​ក្នុង​ដំ​ណាក់​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ម្តងៗ។

វេជ្ជ​បណ្ឌិត​ឡេ​ថាញ​តង ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​នៅ​ដំ​ណាក់​សុខា​ភិបាល​។

បច្ចុប្បន្ន ដំ​ណាក់​សុខា​ភិបាល​ថាម​ដូង មាន​កម្មា​ភិបាល​ពេទ្យ​ ៩ នាក់ បំ​ពេញ​ភារ​កិច្ច​ផ្សព្វ​ផ្សាយ​ចាក់​វ៉ាក់​សាំង​បង្ការ​ផង​ និង​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ផង​។ នេះ គឺ​ជា​ដំ​ណាក់​សុខា​ភិបាល​តែ​មួយ​គត់​នៅ​ក្នុង​ស្រុក​ដែល​មាន​វេជ្ជ​បណ្ឌិត​ ២ នាក់​បម្រើ​ការ​ ពិនិត្យ​ព្យា​បាល​ជំងឺ​ដល់​ប្រ​ជា​ជន​។ វេជ្ជ​បណ្ឌិត​ឡេ​ថាញ​តង ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ថាម​ដូង ឱ្យដឹង៖ “ឃុំ​មាន​គ្រួសារ​ជន​ជាតិ​ខ្មែរ​ជាង ៧៣% ម្ល៉ោះ​ហើយ ត្រូវ​បាន​ផ្នែក​សុខា​ភិបាល​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បណ្តុះ​បណ្តាល​កម្មា​ភិបាល​និង​បំ​ពាក់​បរិក្ខារ​ពេទ្យ ឬ​ថ្នាំ​ព្យា​បាល​ជា​ដើម​។ ទន្ទឹម​នឹង​នោះ កម្មា​ភិបាល​ពេទ្យ​តែង​អស់​ពីចិត្ត​ចំ​ពោះ​អ្នក​ជំងឺ​ មាន​អា​កប្ប​កិរិយា​បម្រើ​អ្នក​ជំងឺ​បាន​ល្អ​ ដូច្នេះ​មាមីង​កាន់​តែ​មាន​ទំ​នុក​ចិត្ត​ពេល​មក​ពិនិត្យ​ព្យា​បាល​ជំងឺ​”។

បច្ចុប្បន្ន មធ្យម​ភាគ​ក្នុង​មួយ​ខែ​ដំ​ណាក់​សុខា​ភិបាល​បាន​ពិនិត្យ​និង​ផ្តល់​ថ្នាំ​ដល់​អ្នក​ជំងឺ​ជាង ៨០០ លើក​នាក់។ តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឡេ​ថាញ​តង ភាគ​ច្រើន​អ្នក​ដែល​មក​ពិនិត្យ​គឺមាន​ជំងឺ​ធម្ម​តា ដូច​ជា៖ គ្រុន​ក្តៅ រលាក​ផ្លូវ​ដក​ដង្ហើម ឈឺ​សន្លាក់​ឆ្អឹង សម្ពាធ​ឈាម​ខ្ពស់ ទឹក​នោម​ផ្អែម។ល។ ពូថាច់​សៀង នៅ​ភូមិ​តាក់​យង់ មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ ឱ្យដឹង៖ “ពេល​ឈឺ​ថ្កាត់​ម្ដងៗ គឺខ្ញុំ​ទៅ​ដំណាក់​ពិនិត្យ​ជំងឺ​ពី​ព្រោះ​មាន​គ្រូពេទ្យ​និង​មាន​ថ្នាំ​គ្រប់​គ្រាន់ មិន​ខាត​ពេល​វេលា។ ម្យ៉ាង​ទៀត គ្រូ​ពេទ្យ​ពិនិត្យ​ជំងឺ​ក៏​ពូកែ​ អស់​ពីចិត្ត​ និយាយ​ស្តី​រួស​រាយ​រាក់​ទាក់ ខ្ញុំ​ពេញ​ចិត្ត​ណាស់។ ខ្ញុំ​រលាក​បំ​ពង់​ក សម្ពាធ​ឈាម​ខ្ពស់ ហេតុ​នោះ​គ្រូពេទ្យ បាន​ផ្តែ​ផ្តាំ​យ៉ាង​ហ្មត់​ចត់​ពី​របៀប​លេប​ថ្នាំ ហូប​ចុក ដេក​នៅ ម្ល៉ោះ​ហើយ​ស្ងប់​ចិត្ត​ជា​និច្ច”។

ទន្ទឹម​នឹង​នោះ ដំណាក់​ថែម​ទាំង​អនុវត្ត​ល្អ​ការ​ងារ​ចាក់​វ៉ាក់​សាំង​បង្ការ​ដល់​កុមារ​ ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID – ១៩ ដល់​ប្រ​ជា​ជន​ផង​ដែរ។ ព្រម​ជា​មួយ​នោះ សហ​ការ​នឹង​សហការី​សុខា​ភិបាល​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​បង្ការ​បង្ក្រាប​ជំងឺ​រាត​ត្បាត ពិសេស​គឺ​អនុវត្ត​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក ដូច្នេះ ស្ថាន​ភាព​រោគ​រាត​ត្បាត​ត្រូវ​បាន​ទប់​ស្កាត់​ជា​និច្ច។ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ ទូទាំង​ឃុំ​កើត​មាន​ជំងឺ​គ្រុន​ឈាម​តែ ៨ ករណី ជំងឺ​ពង​ដៃ-ជើង-មាត់ ៣ ករណី ហើយ​ជា​ឃុំ​ដែល​មាន​ករណី​ជំងឺ​គ្រុន​ឈាម និង​ពង​ដៃ-ជើង-មាត់​តិច​បំ​ផុត​ក្នុង​ស្រុក​។ បង​ស្រីថាច់​ធី​ផា​ល័យ ជាសហ​ការី​ឱ្យដឹង៖ “សព្វ​ថ្ងៃ មាមីង​ខ្មែរ​មាន​ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់! ឱ្យតែ​មាន​សហការី​ផ្សព្វ​ផ្សាយ គឺ​ពួក​គាត់​អនុវត្ត​តាម។ ពិសេស ការ​កម្ចាត់​ដង្កូវ​ទឹក អនា​ម័យ​បរិស្ថាន​ត្រូវ​បាន​មាមីង​ម្ចាស់​ការ​អនុវត្ត​ ហេតុ​ដូច្នោះ ភូមិ​ស្រុក​គ្មាន​សំ​បុក​រោគ​ធំ​កើត​មាន​នោះ​ទេ។ ជាពិ​សេស គឺ​មាមីង​ខ្មែរ​ម្ចាស់​ការ​មក​សុំ​ត្រី ៧ ពណ៌​ព្រលែង​ក្នុង​ពាង​ទឹក ដើម្បី​កុំ​ឱ្យ​កើត​ដង្កូវ​ទឹក​បណ្តាល​ឱ្យ​កើត​ជំងឺ​គ្រុន​ឈាម”។

វេជ្ជ​បណ្ឌិត​ឡេ​ថាញ​តង ឱ្យដឹង៖ “បច្ចុប្បន្ន កម្មា​ភិបាល​ពេទ្យ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ ដើម្បី​ប្រើ​ប្រាស់​បរិក្ខារ​ពេទ្យ​ទំ​នើប រួច​ដំ​ណាក់​ក៏កំ​ពុង​ស្នើ​សុំ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ផ្តល់​ម៉ា​ស៊ីន​ឆ្លុះ​អេកូ ធ្វើ​តេស្ត និងម៉ា​ស៊ីន​ស្ទង់​បេះ​ដូង។ល។ និង​ផ្គត់​ផ្គង់​គ្រប់​មុខ​ថ្នាំ។ ជា​ពិសេស គឺ​ដំ​ណាក់​កំ​ពុង​កសាង​ថ្មី ពេល​សម្រេច​រួច​រាល់​នឹង​បំ​ពាក់​គ្រប់​សម្ភារៈ​បរិក្ខារ​ពេទ្យ ថ្នាំ​ព្យា​បាល​ នោះ​អាច​នឹង​បម្រើ​ការ​បាន​ល្អ​ប្រ​សើរ​ជាង​ទៀត​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​”៕ 

                                យ្វី​អាញ-លី​សៀ

ចែករំលែកអត្ថបទ