07/11/2022 - 11:08

អា​ហា​រូប​ត្ថម្ភ​ជួយ​នារី​វ័យ​កណ្ដាល​រក្សា​បាន​រូប​សម្រស់​

១. ចំ​ពោះ​សក់

សំ​ខាន់​បំ​ផុត​គឺ​ប្រូតេ​អីុន បាន​ផ្សំ​ឡើង​ដោយ​អា​ស៊ីត​អា​មីន សម្រាប់​រាង​កាយ​ផលិត​ជាតិ​ Keratin ចាំ​បាច់​ ដើម្បី​ធ្វើ​ឱ្យ​ដុះ​សក់ ស្បែក​ និង​ក្រចក​ឡើង​វិញ​។​ អា​ហារ​ដែល​សម្បូរ​ជាតិ​ប្រូតេ​អីុន​ តែង​ផ្ទុក​ជាតិ​ដែក​ច្រើន​ ហើយ​ក៏​ជា​អា​ហា​រូបត្ថម្ភដ៏​សំ​ខាន់​ចំ​ពោះ​សក់​ផង​ដែរ​។​ ព្រោះ​ហេតុ​នោះ​ គប្បី​ទទួល​ទាន​សាច់​ត្រី​ ស៊ុត​ សណ្តែក និង​គ្រាប់​ធញ្ញ​ជាតិ​គ្រប់​ប្រ​ភេទ​ ឱ្យ​បាន​គ្រប់​គ្រាន់​។​ ទទួល​ទាន​ផ្លែ​ឈើ​ និង​មើម​ឈើ​ឱ្យ​បាន​ច្រើន​ អាច​នឹង​ជួយ​ផ្គត់​ផ្គង់​វីតា​មីន​សំ​ខាន់​ៗ​ (រួម​មាន​វីតា​មីន​ C និង​ E ជួយ​ឱ្យ​ចរន្ត​ឈាម​លំ​ហូរ​ដល់​ស្បែក​ក្បាល​) រួម​ជា​មួយ​នឹង​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ មាន​លទ្ធ​ភាព​ការ​ពារ​ឫស​សក់ និង​រំញោច​ដុះ​សក់។​

រូប​ជា​ឧទាហរណ៍​។​

២. ចំ​ពោះ​ស្បែក​

អា​ទិភាព​ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​ដោយ​ជាតិ​ phytoestrogen ធាតុ​ផ្សំ​រុក្ខ​ជាតិ​ សកម្ម​ភាព​ប្រ​ហាក់​ប្រ​ហែល​នឹង​ estrogen ធម្ម​ជាតិ​ក្នុង​រាង​កាយ​ ផ្តើម​ពីនោះ​ ជួយ​កែ​លម្អ​រចនា​សម្ព័ន្ធ​និង​កម្រិត​នៃ​ភាព​យឺត​របស់​ស្បែក​។​ ក្រុម​អា​ហារ​នោះ​គឺ​៖ ផ្លែ​ស្រ្ត​បឺរី ផ្លែ​ប៊ែ​រី គ្រាប់​ឆ្នៃ​ គ្រាប់​រីក​រាយ​ សណ្តែក​គ្រប់​ប្រ​ភេទ​ផ្កា​ខាត​ណា​ខៀវ​និង​ស។​ ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ខ្លាញ់​មិន​ឆ្អែត សម្បូរ​ទៅ​ដោយ​អូមេហ្គា ៣ និង​អូមេហ្គា ៦ (ត្រី​សូម៉ុង​ ត្រី​សា​ឌីន ផ្លែ​ប៊ឺរ​ជា​ដើម​) នឹង​ជួយ​ការ​ពារ​កោ​សិកា​ស្បែក​រក្សា​បាន​កម្រិត​សំ​ណើម ហើយ​ពេល​បំ​ប៉ន​នូវ​សារ​ជាតិ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ ដូច​៖ ជាតិ​ស័ង្កសី​និង​វីតាមីន​ A, C, E (ពីផ្លែ​ក្រូច​ គីវី ប៊ឺរ ផ្កា​ខាត​ណាខៀវ​ និង​គ្រាប់​ធញ្ញ​ជាតិ​គ្រប់​ប្រ​ភេទ​) ជួយ​រក្សា​ស្បែក​ មិន​ឱ្យ​មាន​ស្នាម​ជ្រីវ​ជ្រួញ ដែល​ដើរ​ទន្ទឹម​នឹង​ភាព​ចាស់​នៃ​រាង​កាយ​។​

៣. ចំ​ពោះ​ក្រចក​ដៃ​

គប្បី​ទទួល​ទាន​ជា​ប្រ​ចាំ​នូវ​ប្រូតេអីុន​កម្រិត​ខ្ពស់​ (ទ្រូង​មាន់​ ត្រី​សា​ម៉ុង​ ស៊ុត​ តាវហ៊ូ គ្រាប់​រីក​រាយ​ សណ្ដែក​ហោ​ឡាំង​តាវ) ដើម្បី​ផ្គត់​ផ្គង់​ អា​ស៊ីត​អា​មីន​ឱ្យ​រាង​កាយ​អាច​ផលិត​បរិមាណ​ជាតិ​ Keratin ចាំ​បាច់​ ជួយ​ឱ្យ​ក្រចក​ដៃ​មាន​ភាព​រឹង​មាំ​ជា​និច្ច​។​ វីតា​មីន​ B, វីតា​មីន​ C និង​សារ​ធាតុ​ស័ង្កសី ក៏​ជា​អា​ហា​រូប​ត្ថម្ភដ៏​សំ​ខាន់​ជួយ​ឱ្យ​ក្រចក​ដៃ​រឹង​មាំ​ផង​ដែរ​ ដោយ​សារ​អន្តរ​កម្ម​កាត់​បន្ថយ​ការ​ចែក​ជា​បំ​ណែក​ៗ​ ពង្រឹង​កោ​សិកា និង​កែ​លម្អ​លទ្ធ​ភាព​ស្រូប​យក​អា​ហា​រូប​ត្ថម្ភ។​ ទន្ទឹម​នឹង​នោះ​ បំ​ប៉ន​នូវ​អា​ស៊ីត​ខ្លាញ់​ចាំ​បាច់​ ក៏​អាច​ជួយ​ចិញ្ចឹម​ក្រ​ចក​ ពេល​ទទួល​ទាន​បន្លែ​បង្ការ​ច្រើន​នឹង​ផ្គត់​ផ្គង់​ Silicon ដែល​ជា​សារ​ធាតុ​ជំនួយ​ដល់​រចនា​សម្ព័ន្ធ​ និង​ស្រោម​កោសិកា ជួយ​ឱ្យ​ក្រចក​កាន់​តែ​រឹង​មាំថែម​ទៀត​។​

អា​ហារ​ដែល​នារី​វ័យ​កណ្ដាល​គប្បី​ចៀស​វាង​៖

កាត់​បន្ថយ​គ្រឿង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់​កុល​ និង​ Caffeine ពីព្រោះ​វា​រំញោច​នូវ​សកម្ម​ភាព​បត់​ជើង​តូច​បណ្តាល​ឱ្យ​បាត់​ជាតិ​ទឹក​ ធ្វើ​ឱ្យ​ថយ​ចុះ​កម្រិត​សំ​ណើម និង​បណ្តាល​ឱ្យ​ស្បែក​មាន​ភាព​ចាស់​យ៉ាង​ច្បាស់​។​ ស្រា​ក៏​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​បរិមាណ​វីតា​មីន​ C ដែល​ចាំ​បាច់​សម្រាប់​ផលិត​ Collagen និង​វីតា​មីន​ B ជំនួយ​មុខ​ងារ​ថ្លើម​ផង​ដែរ​។​

ចៀស​វាង​ទទួល​ទាន​អា​ហារ​ច្នៃ​ស្រាប់​ (សាច់កំ​ប៉ុង​ សាច់​ក្រក​ សាច់​អាំង​) ឬ​ចៀន​ដោយ​ប្រើ​ប្រេង​ឆា​ច្រើន​ (ដំឡូង​បារាំង​ មាន់​បំ​ពង​) ពីព្រោះ​វា​ផ្ទុក​សារ​ធាតុ​ខ្លាញ់​ឆ្អែត និង​បង្កើត​នូវ​រ៉ាឌី​កាល់​សេរី​ (សារ​ធាតុ​អុក​ស៊ីត​កម្ម​) បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​ស្បែក​ ទន្ទឹម​នឹង​នោះ​ អាច​ទប់​ស្កាត់​សកម្ម​ភាព​របស់​សារ​ជាតិ​ខ្លាញ់​ដែល​ល្អ​ដល់​ស្បែក​ផង​ដែរ​។​

កាត់​បន្ថយ​ការ​ទទួល​ទាន​ស្ករ​ច្រើន​   និង​អា​ហារ​ដែល​ផ្ទុក​ជាតិ​ស្ករ​ច្រើន​   ពីព្រោះ​វាអាច​ធ្វើ​ឱ្យ​    រអាក់​រអួល​សកម្ម​ភាព​របស់​ប្រូតេ​អីុន​សំ​ខាន់​ក្នុង​រាងកាយ​ក្នុង​ដំណាក់​ការ​មួយ​ ហៅ​ថា​ Glyca tion។​ ប្រ​ការ​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ Collagen ក៏​ដូច​ជា​ញុាំង​ឱ្យ​ស្បែក​មាន​ស្នាម​ជ្រីវ​ជ្រួញ ប្រ​សិន​បើ​ Collagen រង​ការ​បំ​ផ្លាញ​ដោយ​ជាតិ​ស្ករ​លើស​កម្រិត​៕​

        យោង​៖ អាង​ញៀង (ប្រែពី Daily Mail)- ប្រែសម្រួល​៖ វិមាន​

 

ចែករំលែកអត្ថបទ