វត្តសំរោង សង្កាត់ទី ៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង មានល្វែងដាក់បង្ហាញសម្លៀកបំពាក់ខ្មែរ សម្រាប់ភ្ញៀវទេសចរជួលស្លៀកពាក់ខណៈពេលមកទស្សនាកម្សាន្ត។ គ្រឿងសម្លៀកបំពាក់ប្រពៃណីខ្មែរដែលបងស្រី ថាច់ធីថាសារី ទិញយកមកដាក់បង្ហាញ បានរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ដ៏ល្អរបស់ជនជាតិដល់ភ្ញៀវទេសចរ។
ភ្ញៀវទេសចរជាច្រើនជួលសម្លៀកបំពាក់ខ្មែរថតរូបអនុស្សាវរីយ៍នៅវត្តសំរោង។
បងស្រី ត្រឹងធីង៉ុក ភ្ញៀវទេសចរមកពីខេត្តវិញឡុង ឱ្យដឹង៖ “ល្វែងដាក់បង្ហាញ មានសម្លៀកបំពាក់គ្រប់ប្រភេទ តាំងពីសម្លៀកបំពាក់ទៅវត្ដ ពិធីមង្គលការ ៘ ម្ល៉ោះហើយ ខ្ញុំពេញចិត្តណាស់។ ដោយសារបានមកវត្ត ទើបនាងខ្ញុំបានស្លៀកពាក់បែបមង្គលការរបស់ជនរួមជាតិខ្មែរស្អាតខ្លាំងណាស់។ ខ្ញុំដើរទេសចរតាមវត្តជាច្រើនកន្លែង ប៉ុន្តែមិនទាន់ឃើញកន្លែងណាមួយមានល្វែងដាក់បង្ហាញសម្លៀកបំពាក់ខ្មែរដូចវត្តសំរោងនេះទេ”។
បើតាមបងស្រី សារី កាលពីមុននេះភ្ញៀវទេសចរជាច្រើនបានទៅដល់ផ្ទះបងស្រីជួលសម្លៀកបំពាក់ខ្មែរដើម្បីថតរូបនៅក្នុងវត្ត។ ឃើញដូច្នេះ បងស្រីក៏បានស្នើសុំព្រះចៅអធិការនិងគណៈកម្មការវត្ត ឱ្យបងស្រីបានកសាងល្វែងនៅក្បែរជ្រុងជញ្ជាំងមួយ ដើម្បីដាក់បង្ហាញសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្មែរផង និងបានផ្សាយសម្លៀកបំពាក់ប្រពៃណីខ្មែរដល់ភ្ញៀវទេសចរក្នុងនិងក្រៅខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តផង។ បងស្រីសារី ឱ្យដឹង៖ “បច្ចុប្បន្ន ភ្ញៀវទេសចរមកពីខេត្តនានា មុននឹងធ្វើដំណើរមក តែងទូរស័ព្ទកុម៉្មង់ទុកជាមុន ដើម្បីត្រៀមសម្លៀកបំពាក់ទុកឱ្យជួល។ ក្រៅពីនេះ បើភ្ញៀវមកកម្សាន្តជាលក្ខណៈគ្រួសារ គឺពួកគាត់ជួលទាំងអស់គ្នាក្នុងគ្រួសារតែម្តង ដើម្បីថតរូបទុកអនុស្សារីយ៍។ អាស្រ័យហេតុនោះ ល្វែងដាក់បង្ហាញមានសម្លៀកបំពាក់ខ្មែរគ្រប់ប្រភេទ តាំងពីកុមារដល់មនុស្សចាស់ ដូច៖ សម្លៀកបំពាក់ចូលរួមមង្គលការ ពិធីសមោសរទៅវត្ត ទៅចូលរួមពិធីបុណ្យ ឬសម្លៀកបំពាក់ពលកម្ម៘”។
មិនត្រឹមតែផ្សព្វផ្សាយសម្លៀកបំពាក់ប្រពៃណីខ្មែរប៉ុណ្ណោះទេ បងស្រីសារី ថែមទាំងរួមចំណែកដោះស្រាយការងារធ្វើសម្រាប់កូនចៅជនរួមជាតិខ្មែរតំបន់ជនបទទៀតផង។ បើតាមបងស្រីសារី ថ្ងៃធម្មតាត្រូវការមនុស្សពី ៣-៥ នាក់ ដើម្បីជួយស្លៀកពាក់ និងតុបតែងដល់ភ្ញៀវ រីឯថ្ងៃបុណ្យផ្សេងៗ គឺត្រូវការមនុស្សជាង ១០ ឯណោះ។ ប្អូនថាច់ថៀងកីម ឱ្យដឹង៖ “ប្អូនធ្វើការនៅល្វែងដាក់បង្ហាញសម្លៀកបំពាក់អស់រយៈពេលជាង ២ ឆ្នាំមកហើយ របៀបតុបតែងស្លៀកពាក់ គឺបងស្រីសារី ជាអ្នកបង្ហាត់បង្រៀនពួកខ្ញុំ។ ធ្វើការនៅទីនេះ ប្អូនរកបានប្រាក់ចំណូលផង បានរៀនរបរសម្អាងផង ពិសេសខណៈដែលឃើញភ្ញៀវទេសចរពេញចិត្ត ហើយជ្រើសរើសសម្លៀកបំពាក់ខ្មែរជាច្រើនដើម្បីជួលថតរូបកាន់តែធ្វើឱ្យប្អូនពេញចិត្តនឹងការងារនេះខ្លាំងឡើង”។
ព្រះតេជព្រះគុណ លីមិញឌឹក ព្រះចៅអធិការវត្តសំរោង មានថេរដីកា៖ “ល្វែងដាក់បង្ហាញសម្លៀកបំពាក់ខ្មែរ បានជួយផ្សព្វផ្សាយសម្លៀកបំពាក់ប្រពៃណីដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស រួមចំណែកអភិរក្សវប្បធម៌ដ៏ល្អរបស់ជនជាតិផង។ ម្យ៉ាងទៀត សម្លៀកបំពាក់ខ្មែរសម្រាប់ជួលស្លៀកពាក់តុបតែងគឺតម្លៃសមគួរ ម្ល៉ោះហើយភ្ញៀវទេសចរពួកគាត់ពេញចិត្តណាស់; លុយបានមកពីការជួលសម្លៀកបំពាក់របស់ភ្ញៀវ គឺអ្នកបងសារី គាត់ប្រគេនមកវត្ត នោះហើយគឺជាទឹកចិត្តសប្បុរសគួរឱ្យស្ងើចសរសើរខ្លាំងណាស់”៕
យ្វីអាញ-លីសៀ