យោងតាមប្រសាសន៍ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ការអប់រំនៅតំបន់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង ត្រូវបានវិនិយោគអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់គុណភាពឱ្យបានទូលំទូលាយ។
បន្ទប់មុខវិជ្ជារបស់សាលាជនជាតិអន្តេវាសិកគៀងយ៉ាង។
ក្រោយដំណើរការវិនិយោគ បច្ចុប្បន្ន ខេត្តគៀងយ៉ាងមានសាលាជនជាតិអន្តេវាសិកចំនួន ៦ គ្របដណ្ដប់លើភូមិសាស្រ្តដែលមានជនជាតិភាគតិចរស់នៅកុះករ ដូចជា៖ ហ្គក្វាវ យ៉ុងរៀង ចូវថាញ់ ។ល។ ក្រៅពីនេះ គៀងយ៉ាងនៅទាំងកសាងសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិក ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សជនរួមជាតិខ្មែរ។ លោកយ័ញភុក ឱ្យដឹង៖ “អាចនិយាយបានថា ប្រព័ន្ធសាលាសម្រាប់សិស្សជនជាតិភាគតិច ជាសារវន្តបានឆ្លើយតបតាមតម្រូវការសិក្សារបស់សិស្សជនជាតិភាគតិច។ បន្ទាប់ពីប្អូនៗបញ្ចប់កម្រិតអនុវិទ្យាល័យ នឹងមានឱកាសច្រើនដើម្បីជ្រើសរើសកម្រិតសិក្សាជាបន្ត៖ រៀនរបរនៅសាលាវិជ្ជាជីវៈ បន្តសិក្សានៅវិទ្យាល័យលើភូមិសាស្រ្ត ឬវិទ្យាល័យជនជាតិអន្តេវាសិកគៀងយ៉ាង។ ប្រសិនបើជ្រើសរៀនរបរក្រោយពីបញ្ចប់កម្រិតអនុវិទ្យាល័យនោះ ប្អូនៗនៅតែបានសិក្សាផ្នែកវប្បធម៌ផងដែរ ក្រោយពីបញ្ចប់ថ្នាក់ទី ១២ ប្អូនៗទទួលបានវិញ្ញាបត្រវិជ្ជាជីវៈ និងសញ្ញាបត្រវិទ្យាល័យ។ សាលាវិជ្ជាជីវៈជនជាតិអន្តេវាសិកគៀងយ៉ាង ឆ្លើយតបនឹងការតម្រង់ទិសក្រោយកម្រិតអនុវិទ្យាល័យប្រកបដោយប្រសិទ្ធភាព”។
ប្អូនៗសិស្សសាលាជនជាតិអន្តេវាសិកហ្គក្វាវ លេងកម្សាន្តនៅក្នុងបរិវេណសាលា។
ប្រការគួរកត់សម្គាល់ គឺប្រព័ន្ធសាលាជនជាតិអន្តេវាសិកនៅលើភូមិសាស្រ្តខេត្តគៀងយ៉ាង ត្រូវបានវិនិយោគព្រមៗគ្នា និងទំនើប។ អ្នកស្រីចូវហ្វិញយ៉ាវ នាយិកាសាលាជនជាតិអន្តេវាសិកគៀងយ៉ាង ឱ្យដឹង៖ “វិទ្យាល័យជនជាតិអន្តេវាសិកគៀងយ៉ាង ត្រូវបានវិនិយោគកសាងថ្មី រឹងមាំ មានទីតាំងស្អាតនៅក្រុងរ៉ាច់យ៉ា។ ដោយមានមូលដ្ឋានសម្ភារៈ បន្ទប់មុខវិជ្ជា បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ អាហារដ្ឋាន ពហុកីឡដ្ឋានត្រូវបានវិនិយោគគ្រប់សព្វ ទំនើប បំពេញតាមតម្រូវការសិក្សា និងអភិវឌ្ឍកាយសម្បទារបស់សិស្ស។ ”ប្រព័ន្ធសាលាជនជាតិអន្តេវាសិកកម្រិតអនុវិទ្យាល័យក៏បានវិនិយោគ កសាងរឹងមាំ។ អ្នកស្រីធីហុងវ៉ាង នាយិកាសាលាជនជាតិអន្តេវាសិកហ្គក្វាវ ឱ្យដឹង៖ “មូលដ្ឋានសម្ភារៈរបស់សាលាត្រូវបានវិនិយោគយ៉ាងទំនើប និងសម្រេចបទដ្ឋានជាតិ ដូច្នេះទាក់ទាញប្អូនៗសិស្សានុសិស្សចូលរៀនយ៉ាងច្រើនកុះករ”។ លោកយ័ញហ្វាង នៅឃុំឌិញហ្វា ស្រុកហ្គក្វាវ រៀបរាប់៖ “ខ្ញុំចង់ឱ្យកូនចូលរៀននៅសាលាអន្តេវាសិក ដើម្បីមានឱកាសបានលត់ដំនិងរៀនសូត្រជោគជ័យនៅអនាគត”។
លោកយ័ញភុក ឱ្យដឹងបន្ថែម៖ “ប្រព័ន្ធសាលារៀនមានការអភិវឌ្ឍ ចំនួនគ្រូបង្រៀនជនជាតិភាគតិចក៏កើនឡើង បច្ចុប្បន្នសម្រេចជាង ៨% នៃចំនួនគ្រូបង្រៀនសរុបទូទាំងខេត្ត”៕
ហាថាញ-ទីទុយ