ពង្រីកស្នាដៃដែលសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ នគរបាលស្រុកអាងភូ ខេត្តអាងយ៉ាង បានម្ចាស់ការបង្កើនកិច្ចសហការជាមួយកងកម្លាំងសមត្ថកិច្ចទាំងឡាយ ផ្សព្វផ្សាយព្រមៗគ្នានូវវិធានការមុខជំនាញ ប្តេជ្ញាតស៊ូបង្ការប្រឆាំងនឹងការឆ្លងដែនខុសច្បាប់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត។
ប៉ុស្តិ៍ការពារព្រំដែនភូហោយ ស្រុកអាងភូបានប្រទះឃើញ និងចាប់ខ្លួនមុខសញ្ញាឆ្លងដែនខុសច្បាប់ប្រដាប់ដោយអាវុធ។
ក្នុងត្រីមាសទីមួយ ឆ្នាំ២០២២ គិតដោយឡែកតែស្រុកអាងភូ ខេត្តអាងយ៉ាង គឺនគរបាលស្រុករួមនឹងកងកម្លាំងសមត្ថកិច្ចទាំងឡាយបានប្រទះឃើញ ១១៦ ករណី ដែលពាក់ព័ន្ធនឹងមុខសញ្ញា ៥៣៨ នាក់ត្រូវផាកពិន័យផ្នែករដ្ឋបាល និងកាត់ទោសចំនួន ៤ ករណី ដែលពាក់ព័ន្ធនឹងមុខសញ្ញា ១២ នាក់ ចំពោះសកម្មភាពធ្វើមេខ្យល់នាំអ្នកដទៃចេញក្រៅប្រទេសខុសច្បាប់។ លោកវរសេនីយ៍ឯកបម្រុង ហ្វិញវ៉ាន់ញើ អនុប្រធាននគរបាលស្រុកអាងភូ ខេត្តអាងយ៉ាង មានប្រសាសន៍៖ “មុខសញ្ញានៅប្រទេសកម្ពុជា បានបង្កើតបណ្តាញទំនាក់ទំនងសង្គម ដូចជា Zalo, Facebook, WeChat បន្ទាប់មកបង្ហោះព័ត៌មានស្វែងរកមនុស្សដែលមានតម្រូវការការងារធ្វើ ឆ្លងទៅប្រទេសកម្ពុជា ធ្វើការដោយប្រាក់បៀវត្សរ៍ខ្ពស់ ដើម្បីទាក់ទាញមនុស្សដែលឆាប់ជឿ ឬមិនដឹងមកអាងភូ ដើម្បីនាំឆ្លងទៅកម្ពុជា។ ទន្ទឹមនឹងនោះ ដើម្បីចេញក្រៅប្រទេសបានងាយស្រួល មុខសញ្ញានៅកម្ពុជាតែងមានការទំនាក់ទំនងជាមួយមុខសញ្ញានៅស្រុកអាងភូ ដើម្បីពេលមានមនុស្សមកពីកន្លែងផ្សេង មុខសញ្ញានៅអាងភូនឹងទទួល ហើយនាំទៅផ្ទះសំណាក់លាក់ខ្លួន ឆ្លៀតឱកាសពេលមិនឃើញកងកម្លាំងសមត្ថកិច្ច ពួកគេនឹងនាំអ្នកទាំងនោះឆ្លងទៅកម្ពុជា”។
តុលាការកាត់ក្តីមុខសញ្ញាពីបទនាំមនុស្សឆ្លងដែនខុសច្បាប់។
ដោយម្ចាស់ការទប់ស្កាត់ និងបង្ក្រាបបទល្មើស រយៈពេលកន្លង នគរបាលស្រុកអាងភូ បានជំរុញការផ្សព្វផ្សាយដល់ប្រជាជន ពិសេស គឺប្រជាជនដែលរស់នៅតំបន់ព្រំដែន អំពីបទប្បញ្ញត្តិនៃច្បាប់ពាក់ព័ន្ធនឹងអំពើធ្វើមេខ្យល់ នាំអ្នកដទៃឆ្លងដែនខុសច្បាប់ និងដាក់ទណ្ឌកម្មចំពោះទង្វើទាំងនេះ។ រួមទាំងវិធីល្បិចកល និងផលវិបាកនៃការរៀបចំធ្វើមេខ្យល់នាំអ្នកដទៃឆ្លងដែនខុសច្បាប់។ល។ ផ្តើមពីវគ្គឃោសនាមានប្រសិទ្ធភាព ការយល់ដឹងរបស់ប្រជាជន បានកើនឡើងគួរឱ្យកត់សម្គាល់។ លោកអេយ៉ូប ប្រជាជនម្នាក់នៅឃុំញើងហោយ ស្រុកអាងភូ ខេត្តអាងយ៉ាង បានចែករំលែក៖ “ខ្ញុំនឹងទៅឃោសនាដល់បងប្អូនជនជាតិចាមយើងខ្ញុំ ថាបើទៅធ្វើការឆ្ងាយ ឬត្រឡប់មកពីកម្ពុជា ត្រូវតែធ្វើដំណើរតាមច្រកព្រំដែនត្រឹមត្រូវ”។
លោកវរសេនីយ៍ទោ ផាមវ៉ាន់ផុង អនុប្រធានប៉ុស្តិ៍ការពារព្រំដែនភូហោយ កងទ័ពការពារព្រំដែនខេត្តអាងយ៉ាង មានប្រសាសន៍៖ “នៅពេលស្ថានភាពជំងឺរាតត្បាត COVID-១៩ មានភាពស្មុគស្មាញ កងកម្លាំងការពារព្រំដែន និយាយរួម និងប៉ុស្តិ៍ការពារព្រំដែនភូហោយនិយាយដោយឡែក តែងរៀបចំសហការជាមួយកងកម្លាំងឯទៀត ដើម្បីដើរល្បាតការពាររឹងមាំព្រំដែន”៕
យោតាមទំព័រព័ត៌មានអេឡិចត្រូនិចខេត្តអាងយ៉ាង- បកប្រែ៖ សុផន