ប្រសិនប្រិយមិត្តជាអ្នកស្រឡាញ់វប្បធម៌ប្រពៃណី ចូលចិត្តទេសចរណ៍ស្វែងយល់ពីប្រវត្តិសាស្ត្រ គួរតែមកទស្សនាប្រាសាទ Ponagar នៅញ៉ាត្រាង ។
ស្ពានសមបុងសម្លឹងពីប្រាសាទដូនជី។
អ្នកស្រុកតែងហៅប្រាសាទ Ponagar ថាប្រាសាទដូនជី ដើម្បីសម្ដែងនូវការគោរព។ ប្រាសាទឋិតនៅលើកំពូលភ្នំមួយនៅត្រង់ដៃទន្លេ ចម្ងាយពីមជ្ឈមណ្ឌលទីក្រុងញ៉ាត្រាងប្រមាណពី ២-៣ គីឡូម៉ែត្រ។ មើលពីប្រាសាទដូនជី ភ្ញៀវទេសចរអាចសម្លឹងឃើញនូវភាពស្រស់ស្អាតនៃឈូងសមុទ្រញ៉ាត្រាង។ ភ្ញៀវទេសចរអាចអង្គុយក្រោមម្លប់ដើមឈើធំៗ ឬលើផែនថ្មវែងដ៏ត្រជាក់ សម្លឹងទៅស្ពានសមបុង ឬចោលកន្ទុយភ្នែកទៅលំហសមុទ្រធំល្វឹងល្វើយ ប្រកបដោយភាពស្ងប់ស្ងាត់ដ៏ចម្លែក។ ក្រោយពីរដូវនេសាទម្ដងៗ គេឃើញកប៉ាល់លោតរលកបន្តកន្ទុយគ្នាឆ្លងកាត់ដៃទន្លេ ដើម្បីចូលមករកកំពង់ផែ។ ប្រសិនសង្កេតច្បាស់ អ្នកអាចមើលឃើញភ្នែកកប៉ាល់នេសាទ ធ្មេចបើកភ្លឹម ភ្លែតៗតាមរលក។ អ្នកខ្លះតែងនឹកស្រមៃថា ភ្នែកកប៉ាល់មានអាការៈផ្លាស់ប្តូរនៅដៃទន្លេនេះ។ ពេលចេញសមុទ្រ ភ្នែកកប៉ាល់ហាក់ដូចជាកាចសាហាវ ដើម្បីការពារកប៉ាល់និងការពារអ្នកនេសាទចំពោះមុខលំហសមុទ្រដែលប្រកបដោយគ្រោះថ្នាក់។ ពេលត្រឡប់មកជាមួយមាតា (ចូលដៃទន្លេ) ភ្នែកកប៉ាល់បែរជាស្រទន់ទៅតាមភាពស្ងប់ស្ងាត់នៃដងទន្លេ។
ប្រាសាទត្រូវបានអភិរក្សនៅដូចដើម។
ជួរសសរដែលសាងឡើងពីដីដុត។
ឈុតសម្ដែងនៅប្រាសាទដូនជី (រូបថតមុនពេលមានជំងឺ COVID-១៩)។
ប្រាសាទដូនជី បានកសាងរវាងសតវត្សទី VIII ដល់សតវត្សទី XIII ជាប្រជុំស្ថាបត្យកម្ម ចំប៉ាបុរាណដ៏ពិសេសគ្មានពីររបស់ប្រទេសយើង។ តាំងពីដងផ្លូវរហូតដល់កំពូលប្រាសាទ ត្រូវបានបែងចែកជា ៣ ផ្ទៃ៖ បរិវេណក្លោងទ្វារ មណ្ឌប និងប្រាសាទ។ នៅបរិវេណមណ្ឌប ប្រិយមិត្តអាចសម្លឹងឃើញជួរសសរធំៗសាងឡើងពីដីដុត។ ដើម្បីឡើងទៅមណ្ឌលប្រាសាទ ភ្ញៀវទេសចរត្រូវដើរឡើងជណ្ដើរជាច្រើនកាំ ពីព្រោះបរិវេណនេះខ្ពស់ជាងផ្ទៃទឹកទន្លេប្រមាណ ៥០ ម៉ែត្រ។ កាលពីមុន ការដង្ហែគ្រឿងសក្ការបូជាជួបការលំបាកច្រើនដោយសារជណ្ដើរចោតពេក។ ដើម្បីអភិវឌ្ឍទេសចរណ៍ភូមិភាគបានបើកផ្លូវតាមចង្កេះភ្នំដើម្បីឡើងកាន់មណ្ឌលប្រាសាទ។ ដូច្នេះ ភ្ញៀវទេសចរអាចដើរឡើងនិងទស្សនាទេសភាពយ៉ាងងាយស្រួល។ ឆ្លងកាត់ជាច្រើនលើកជួសជុល ប្រាសាទនៅតែរក្សាបានស្ថាបត្យកម្មដ៏ពិសេស អាថ៌កំបាំងរបស់ជនជាតិចំប៉ាបុរាណ។ ប្រិយមិត្តនឹងបានជ្រាបពីបញ្ហានេះពេលមកទស្សនា ប្រាសាទនៅទិសឦសាននិងប្រាសាទទិសខាងត្បូង...៘
បើមានឱកាស ប្រិយមិត្តគួរតែមកទស្សនាប្រាសាទដូនជីក្នុងអំឡុងថ្ងៃទី ២០ ដល់ ២៣ ខែ មីនា(ចន្ទគតិវៀតណាម)។ ឱកាសនេះគេប្រារព្ធពិធីបុណ្យប្រាសាទ Ponagar អ្នកនឹងយល់ច្បាស់ពីប្រវត្តិសាស្ត្រតាមរយៈកម្មវិធីបុណ្យ ដែលផ្នែកវប្បធម៌ភូមិភាគចាត់តាំងយ៉ាងផ្ចិតផ្ចង់និងអធិកអធម៕
ហាថាញ-លេងមី