សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តបាកលីវ ទើបបានទទួលស្គាល់សម្រេចបទដ្ឋានជាតិកម្រិត ១ ។ នេះគឺជាឱកាសល្អដើម្បីសាលាបណ្តុះបណ្តាលកូនចៅជនរួមជាតិខ្មែរ ក្លាយជាប្រភពកម្មាភិបាលដែលមានគុណភាពនៅក្នុងខេត្ត។
សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តបាកលីវ ត្រូវបានវិនិយោគកសាងយ៉ាងរឹងមាំ។
សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តបាកលីវ បានបង្កើតឡើងនៅឆ្នាំ ១៩៩៣ ស្ថិតនៅទីប្រជុំជនហ្វាប៊ិញ ស្រុកហ្វាប៊ិញ។ ឆ្លងកាត់រយៈពេល ២៧ ឆ្នាំកសាងនិងអភិវឌ្ឍ ឃើញថាសមូហភាពកម្មាភិបាល គ្រូបង្រៀននិងសិស្សានុសិស្សរបស់សាលាបានខិតខំប្រឹងប្រែងជម្នះការលំបាក ដើម្បីឈានឡើងសម្រេចល្អភារកិច្ចអប់រំ គិតគូរដល់សិស្សានុសិស្សដែលជាកូនចៅរបស់ជនជាតិភាគតិច។ អ្នកគ្រូកាវធីត្វីហឿង គ្រូបង្រៀនរបស់សាលា ឱ្យដឹង៖ “អស់រយៈពេល ១០ ឆ្នាំផ្សារភ្ជាប់នឹងសាលា ខ្ញុំតែងស្ងប់ចិត្តពីព្រោះសិស្សលុះក្នុងដំបូន្មាន និងខិតខំប្រឹងប្រែងរៀនសូត្រ។ គណៈនាយកសាលា តែងគិតគូរគ្រប់សព្វគោលនយោបាយ បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់គ្រូបង្រៀនសិក្សាបំប៉នវិជ្ជាជីវៈ លើកកម្ពស់ចំណេះដឹងដើម្បីបម្រើល្អដល់ការងារបង្ហាត់បង្រៀន។ អាស្រ័យហេតុនោះ លោកគ្រូអ្នកគ្រូតែងចូលរួមអស់ពីសមត្ថភាព ហើយមានវិធីសាស្រ្តបង្រៀនសមស្រប ដើម្បីជួយឱ្យសិស្សងាយយល់ ក្រេបជញ្ជក់មេរៀនបានឆាប់រហ័ស”។
លោកគ្រូ អ្នកគ្រូ តែងអស់ពីចិត្តក្នុងការបង្ហាត់បង្រៀន។
បច្ចុប្បន្ន ក្នុងសាលាមាន ១៥ បន្ទប់រៀន មានសិស្សានុសិស្ស ៤៩៥ នាក់ ចាប់ពីថ្នាក់ ៦-១២ ។ រៀងរាល់ឆ្នាំ សិស្សមាននិទ្ទេសខាងចរិយាសម្បត្តិបង្គួរ ល្អ សម្រេច ៩៩%; សិស្សសម្រេចនិទ្ទេសរៀនគ្រាន់បើ និងល្អសម្រេចជាង ៤៨%; អត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិសម្រេច ១០០% ។ ជាមួយលទ្ធផលទាំងនោះ សាលាវិទ្យាល័យជនជាតិអន្តេវាសិកបាកលីវ ត្រូវបានចាត់ទុកជាសាលាមួយក្នុងចំណោមសាលាដែលមានគុណភាពអប់រំល្អរបស់ខេត្ត។ ប្អូនឡឹមតៀងដាក សិស្សថ្នាក់ទី ១២ របស់សាលា ឱ្យដឹង៖ “ប្អូនទទួលបានគ្រប់សព្វគោលនយោបាយអនុគ្រោះដាច់ដោយឡែករបស់រដ្ឋ សម្រាប់សិស្សជនជាតិភាគតិច។ ម្យ៉ាងទៀត លោកគ្រូអ្នកគ្រូតែងអស់ពីចិត្ត យកចិត្តទុកដាក់ដល់សិស្សនិងជានិច្ចកាលតែងបង្រៀនបំប៉នដល់សិស្សរៀនខ្សោយ ដើម្បីរៀនទាន់គេឯង ម្ល៉ោះហើយប្អូនពេញចិត្តរៀននៅសាលានេះណាស់”។
លោកត្រឹងវ៉ាន់ជុង នាយកសាលា ឱ្យដឹង៖ “បច្ចុប្បន្ន សាលាបានវិនិយោគរឹងមាំ គុណភាពអប់រំកើនឡើងជាលំដាប់ បង្កទំនុកចិត្តដល់សិស្សនិងអាណាព្យាបាលនៅពេលឱ្យកូនមករៀន។ ជាពិសេស សាលាកំពុងស្នើសុំគណៈកម្មាធិការប្រជាជនខេត្ត អនុញ្ញាតបើកទូលាយភូមិសាស្រ្តជ្រើសរើសសិស្សសាលា”៕
លីធាន-លីសៀ