កាលពីថ្ងៃទី១ ខែសីហា នៅច្រកព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ក្នុងបរិយាកាសមិត្តភាព ស្មោះត្រង់និងយោគយល់គ្នា គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីកិច្ចការបរទេស ឡេហ្វាយទ្រុង ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនវៀតណាម-កម្ពុជា និងគណៈប្រតិភូកម្ពុជា ដឹកនាំដោយរដ្ឋមន្រ្តី ទទួលបន្ទុកការងារព្រំដែន លោក វ៉ាគឹមហុង ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានជួបពិភាក្សា ដោះដូរការងារប្រគល់ ទទួលផែនទីឋានលេខាព្រំដែនដីគោក មាត្រដ្ឋាន ១/២៥.០០០ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម-ព្រះរាជាណាចក្រកម្ពុជា។
នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន លើកបង្ហាញឯកសារគតិយុត្តិ ទទួលស្គាល់លទ្ធផលការងារខណ្ឌសីមានិងបោះង្គោលព្រំដែនដីគោកវៀតណាម-កម្ពុជា។ រូបថត៖ ង្វៀនខាញ់(https://tuoitre.vn)
ភាគីសងខាងបានធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់និងឯកភាពទទួលយកផែនទីឋានលេខាព្រំដែនដីគោកដែលបានចងក្រងជាសៀវភៅចំនួន ៥០០ច្បាប់ ក្នុងនោះ ជាភាសាខ្មែរ-វៀតណាមចំនួន ២៥០ ច្បាប់ និងជាភាសាវៀតណាម-ខ្មែរ ចំនួន ២៥០ ច្បាប់ មានចុះហត្ថលេខាពីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ និងបានភាគីខាងវៀតណាមបោះជាសៀវភៅច្បាស់លាស់ ស្របតាមបទដ្ឋានបច្ចកទេស។ ផ្អែកលើមូលដ្ឋានពិភាក្សា និងឯកភាព ភាគីខាងវៀតណាមប្រគល់ឱ្យភាគីខាងកម្ពុជា ផែនទីច្បាប់ដើមចំនួន ២៥០ ច្បាប់ និងរក្សាទុកចំនួន ២៥០ ច្បាប់។
ផែនទីឋានលេខាព្រំដែនដីគោកវៀតណាម-កម្ពុជា មាត្រដ្ឋាន ១/២៥.០០០ បានបង្ហាញពេញលេញនូវលទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន (ប្រមាណ ៨៤%) និងជាឧបសម្ព័ន្ធមិនអាចផ្តាច់ចេញបានពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនដីគោក វៀតណាម-កម្ពុជា ប្រទេសទាំង ២ បានចុះហត្ថលេខាកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩ រួម ជាមួយសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥។ កិច្ចការដែលភាគីសងខាងអនុវត្តសម្រេចការងារប្រគល់ ទទួលផែនទីឋានលេខាព្រំដែនដីគោកវៀតណាម-កម្ពុជា គឺជាមូលដ្ឋានដ៏សំខាន់ ជួយជំរុញដល់ការរៀបចំប្រគល់ ទទួលឯកសារផ្តល់សច្ចាប័ន សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ដើម្បីកិច្ចព្រមព្រៀងខណ្ឌសីមា និងបោះបង្គោលព្រំដែនដីគោកវៀតណាម-កម្ពុជា មានសុពលភាព។
ក្នុងកិច្ចប្រជុំ ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំង២ បានវាយម្លៃខ្ពស់ ត្រួតពិនិត្យនូវការងារដែលពាក់ព័ន្ធដល់ព្រំដែនដីគោក វៀតណាម-កម្ពុជា ក្រោយពីភាគីសងខាងបានចុះហត្ថលេខាលើឯកសារគតិយុតិ្ត ទទួលស្គាល់ លទ្ធផលខណ្ឌសីមានិងបោះបង្គោលព្រំដែនដីគោក។ ដើម្បីបម្រើការងារគ្រប់គ្រងព្រំដែន ភាគីសងខាងបានឯកភាព ដរាបឯកសារគតិយុត្តិទាំង ២ ច្បាប់មានសុពលភាព ភាគីសងខាងបន្តកិច្ចចង្អុលការដល់កងកម្លាំងសមត្ថកិច្ចភូមិភាគ សហប្រតិបត្តិការគ្រប់គ្រងព្រំដែន បានល្អតាមសេចក្តីកំណត់ និងកិច្ចព្រមព្រៀងជាប់ពាក់ព័ន្ធ ដើម្បីរក្សាព្រំដែនស្ថិរភាព រវាងប្រទេសទាំង២ ។ ភាគីសងខាងក៏បានឯកភាព នឹងជូនដំណឹងទៅវិញទៅមកតាមរយៈការទំនាក់ទំនង ពេលវេលារៀបចំពិធីប្រគល់ ទទួលឯកសារបានអនុម័តិ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំង ២ ផ្អាកការអនុវត្តវិធានការកាត់បន្ថយប្រយុទ្ធប្រឆាំងជំងឺ Covid-១៩។
ប្រធានទាំង ២ បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុប្រគល់ ទទួលផែនទីឋានលេខាព្រំដែនដីគោកវៀតណាម-កម្ពុជា មាត្រដ្ឋាន ១/២៥.០០០៕
យោង៖https://nhandan.com.vn-មុនី