ប៉ុន្មានឆ្នាំជិតៗនេះ ដើម្បីរក្សាភ្លេងប្រពៃណីជនជាតិ និងបម្រើតម្រូវការទទួលផលវប្បធម៌របស់ជនរួមជាតិខ្មែរ នៅតាមវត្តខ្មែរក្នុងខេត្តសុកត្រាំង បានបង្កើតក្រុមភ្លេងពិណពាទ្យ។ ភ្លេងពិណពាទ្យ គឺជាទម្រង់ភ្លេងប្រពៃណីមិនអាចខ្វះបាននៅក្នុងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។ វង់ភ្លេងពិណពាទ្យវត្តជ្រោយទឹមចាស់ សង្កាត់១០ ក្រុងសុកត្រាំង ត្រូវបានអភិរក្សរហូតមកទល់សព្វថ្ងៃ។
ក្រុមភ្លេងពិណពាទ្យវត្តជ្រោយទឹមចាស់ ប្រគំកំដរក្នុងពិធីបុណ្យរបស់ជនរួមជាតិខ្មែរ។
ឆ្នាំ២០០៤ ក្រុមភ្លេងពិណពាទ្យវត្តជ្រោយទឹមចាស់ មានសមាជិក៨នាក់។ វង់ភ្លេងនេះបានមាមីងពុទ្ធបរិស័ទចំណុះជើងវត្ត រួមវិភាគទានជាវប្រគេនវត្តនិងអញ្ជើញគ្រូភ្លេងមកជួយបង្ហាត់។ ដោយការជក់ចិត្តដិតអារម្មណ៍នឹងភ្លេងពិណពាទ្យ សមាជិកក្រុមភ្លេងបានបង្ហាញនូវទេពកោសល្យដោយប្រគំយ៉ាងពីរោះ មាមីងនៅជិតឆ្ងាយបានដឹងស្គាល់ច្រើន។ ផ្តើមពីនោះ ក្រុមភ្លេងពិណពាទ្យមិនត្រឹមតែប្រគំកំដរក្នុងពិធីបុណ្យផ្សេងៗក្នុងវត្តប៉ុណ្ណោះទេ នៅទាំងបម្រើតាមតម្រូវការរបស់មាមីងនៅគ្រប់ទីកន្លែងក្នុងខេត្ត។ បងហាងថាញ់វិញ សមាជិកក្រុមភ្លេង ឱ្យដឹង៖ “ជីតាខ្ញុំគឺជាអ្នកភ្លេងជើងចាស់ ទើបខ្ញុំជាប់និស្ស័យ។ ពេលឮថាវត្តបង្កើតក្រុមភ្លេង ខ្ញុំក៏ទៅចុះឈ្មោះរៀនភ្លាម។ បន្ទាប់ពីរៀនបានជាង១ខែ ក្រុមភ្លេងចាប់ផ្តើមលេងកំដរពិធីបុណ្យក្នុងវត្ត និងចេញទៅលេងនៅតាមភូមិស្រុកជាបន្តបន្ទាប់តាមតម្រូវការរបស់មាមីង។ ពីមុន វត្តមានក្រុមភ្លេង២ក្រុម តែឥឡូវនៅតែក្រុមភ្លេងវ័យមជ្ឈិម។ អ្នកដែលជក់ចិត្តភ្លេងពិណពាទ្យ ទើបផ្សារភ្ជាប់បានយូរអង្វែង”។ បងវិញឱ្យដឹង៖ ភ្លេងពិណពាទ្យច្រើនប្រគំកំដរក្នុងពិធីបុណ្យពុទ្ធាភិសេក បុណ្យសព បុណ្យកឋិន ។ល។ និងបុណ្យទានផ្សេងៗក្នុងវត្ត។ ជាច្រើនឆ្នាំមកនេះ សមាជិកដែលផ្សារភ្ជាប់បានយូរនឹងភ្លេងពិណពាទ្យគឺដោយការស្រឡាញ់ចូលចិត្តចង់រក្សាភ្លេងប្រពៃណីរបស់ជនជាតិខ្មែរពីជំនាន់មួយទៅជំនាន់មួយ។ បច្ចុប្បន្ន ក្នុងមួយឆ្នាំ ក្រុមភ្លេងចេញទៅបម្រើតាមភូមិស្រុកបានប្រមាណជាង៥០លើក ផ្តើមពីនោះ ជួយឱ្យសមាជិកមានប្រាក់ចំណូលបន្ថែម។ យោងតាមបងឡឹម-ស សមាជិកក្រុមភ្លេងនិងជាគ្រូបង្ហាត់ភ្លេងពិណពាទ្យ ក្រុមភ្លេងបង្កើតឡើងជាង១៦ឆ្នាំ ម៉្លោះហើយបងប្អូនក្នុងក្រុមចេះស្ទាត់រាល់លំនាំបទភ្លេង។ ពិសេស នៅក្នុងពិធីបុណ្យ ក្រុមភ្លេងមិនត្រឹមតែប្រគំបទភ្លេងខ្មែរប៉ុណ្ណោះទេ នៅទាំងប្រគំបទភ្លេងចិននិង កិញទៀតផង។
ព្រះតេជព្រះគុណលីឌាង ព្រះចៅអធិការវត្តជ្រោយទឹមចាស់ មានថេរដីកា៖ “នៅក្នុងពិធីបុណ្យទានផ្សេងៗ ពេលភ្លេងពិណពាទ្យប្រគំ កំដរញុំងឱ្យកម្មវិធីបុណ្យមានភាពឱឡារិក។ សមាជិកក្នុងក្រុមភាគច្រើន ជាអ្នកក្រ ជីវភាពនៅជួបការលំបាកច្រើន ម៉្លោះហើយក្រុមភ្លេងមិនត្រឹមតែរួមចំណែករក្សាវប្បធម៌ប្រពៃណីខ្មែរប៉ុណ្ណោះទេ នៅទាំងជួយសមាជិករកបានប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ បច្ចុប្បន្ន សមាជិកក្រុមភ្លេងបន្តបង្ហាត់ភ្លេងដល់ក្មេងៗជំនាន់ក្រោយ ដើម្បីស្នងបន្តជួយថែរក្សាភ្លេងពិណពាទ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ”៕
លីធាន-មុនី