អាណត្តិកាលកន្លង (២០១៥ - ២០២០) ជាមួយនឹងការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងស្មារតីភ្ញាក់រលឹកឈានឡើងរបស់ប្រជាជន ការងារលុបបំបាត់ភាពក្រីក្ររបស់ឃុំមីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានអនុវត្តសម្រេចលទ្ធផលលេចធ្លោជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពប្រជាជនព្រមទាំងសម្ភារៈ និងស្មារតី។
ដងផ្លូវជនបទឃុំមីចាញ់បានវិនិយោគទុនកសាងសមរម្យ។
ជាភូមិភាគមានអត្រាគ្រួសារក្រីក្រច្រើនរបស់ស្រុក កាលពីអាណត្តិកាលកន្លង ឃុំមីចាញ់ បានអនុវត្ដព្រមៗគ្នារាល់វិធានការដើម្បីកាត់បន្ថយអត្រាគ្រួសារក្រីក្រ ជាជំហានៗលើកកម្ពស់ជីវភាពប្រជាជន។ ក្នុងនោះ ឃុំចាប់អារម្មណ៍ដល់ការលើកកម្ពស់ស្មារតីរបស់ប្រជាជន សំខាន់គឺការងារលុបបំបាត់ភាពក្រីក្រ ដ្បិតអីខណៈពេលអ្នកក្រភ្ញាក់រលឹកនូវភារកិច្ចខ្លួននិងគ្រួសារ ទើបជៀសផុតក្តីទន្ទឹងរង់ចាំ សង្ឃឹមលើការឧបត្ថម្ភរបស់រដ្ឋ ខិតខំឈានឡើងចាកផុតពីភាពក្រីក្រ កសាងជីវភាពថ្មី។ លោកង្វៀនវ៉ាន់សឿន លេខាគណៈកម្មាធិការបក្សឃុំ ឱ្យដឹង៖ “ដើម្បីអនុវត្តល្អការងារលុបបំបាត់ភាពក្រីក្រ ឃុំបានកសាងផែនការកាត់បន្ថយភាពក្រីក្រច្បាស់លាស់។ ជាមួយនោះ ជំរុញការងារផ្សព្វផ្សាយ ចលនាលើកកម្ពស់ស្មារតីប្រជាជនអំពីការងារលុបបំបាត់ភាពក្រីក្រ។ ភូមិភាគក៏បានយកចិត្តទុកដាក់អនុវត្តរាល់វិធានការឧបត្ថម្ភទុន ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស អំពីការដាំដុះ ចិញ្ចឹមសត្វ បណ្ដុះបណ្ដាលមុខរបរ ផ្សារភ្ជាប់ជាមួយនឹងដំណោះស្រាយការងារធ្វើជូនពលករជនបទ រៀបចំការប្រជុំពិភាក្សាជាមួយនឹងគ្រួសារក្រីក្រ ដើម្បីស្ដាប់ពីបំណងប្រាថ្នា ក៏ដូចជាភាពលំបាករបស់កសិករដើម្បីឧបត្ថម្ភ។ លទ្ធផលបើកវគ្គបង្រៀនរបរបាន ១២ ថ្នាក់ដល់ពលករ ៣៧៩ នាក់ បង្កើនអត្រាពលករឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ៤.៣៣៣ នាក់ ក្នុងចំណោម ៦.៨៩៤ នាក់ សម្រេចជាង ៦២%; ដោះស្រាយការងារធ្វើថ្មីជូនពលករ ៧.៧៨៨ នាក់ ឧទ្ទេសនាមពលករទៅធ្វើការនៅបរទេស ៣២ នាក់; អនុវត្តរាល់គោលនយោបាយឧបត្ថម្ភដីលំនៅឋាន ជូនគ្រួសារក្រីក្រ ៤៣ គ្រួសារ លោះដីផលិតកម្ម ជូន ២៧ គ្រួសារ ផ្លាស់ប្ដូរមុខរបរ ២៧ គ្រួសារ ឧបត្ថម្ភផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី “ផ្ទះសហជីព” ផ្ទះមិត្តរួមកងសរុប ៨០ គ្រួសារ។ល។”។
លោកគឹមក្វឹង នៅភូមិចុងក្រោម ឱ្យដឹង៖ “អាស្រ័យសាខាសមាគមកសិករភូមិសហការជាមួយនឹងការិយាល័យទំនាក់ទំនងនៃធនាគារគោលនយោបាយសង្គមស្រុកចូវថាញ់ ឱ្យបុលទុន ១០ លានដុង ដើម្បីអភិវឌ្ឍផលិតកម្ម គ្រួសារខ្ញុំក៏ចាប់ផ្ដើមដាំដំណាំរួមផ្សំលើដីស្រែប្រកបដោយប្រសិទ្ធភាព។ ការដាំដំណាំរបស់ខ្ញុំភាគច្រើន គឺម្ទេស ល្ពៅយកផ្កាពោត ខ្ទឹមស្លឹក។ល។ ជាមួយនឹងផ្ទៃដី ០,២ ហិកតា សម្រាប់ដាំដំណាំរួមផ្សំ ក្នុងមួយឆ្នាំដាំបាន ៤ រដូវ។ រដូវកន្លងហើយ ខ្ញុំដាំពោត ទិន្នផលសម្រេច ១០ តោន/ហិកតា លក់ក្នុងតម្លៃ ៨.០០០ ដុង/គីឡូក្រាម ចំណេញប្រហែល ៦០ លានដុង/ហិកតា ខ្ពស់ជាងច្រើនដងបើប្រៀបនឹងផលិតស្រូវតែមួយមុខ។ សព្វថ្ងៃគ្រួសារខ្ញុំមានជីវភាពលំនឹង កន្លងហើយគ្រួសារខ្ញុំក៏បានសុំចាកផុតពីភាពក្រីក្រ”៕
សឺនម៉ាល័យ - ថាច់ធី