បច្ចុប្បន្ន មានវត្តខ្មែរមួយចំនួននៅខេត្តសុកត្រាំងមិនត្រឹមតែបើកបង្រៀនអក្សរ ធម៌វិន័យដល់ព្រះសង្ឃប៉ុណ្ណោះទេ ថែមទាំងបង្រៀនរបរចម្លាក់ដល់ព្រះសង្ឃដែលមានចំណង់ចំណូលចិត្តនឹងមុខវិជ្ជានេះទៀតផង។ ឆ្លងតាមរយៈនោះ បានញុាំងឱ្យព្រះសង្ឃមានចំណេះដឹងខាងរបរចម្លាក់ និងច្នៃបានផលិតផលល្អប្រណិត ទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងជាវទុកជាវត្ថុអនុស្សាវរីយ៍។
ព្រះតេជព្រះគុណលីថាវ កំពុងឆ្លាក់បង្ហើយផលិតផល។
ផលិតផលចម្លាក់របស់វត្តសិរីតេជោមហាទប់ ដាក់តាំងដើម្បីភ្ញៀវទេសចរទស្សនាកម្សាន្តនិងជាវទុកជាវត្ថុអនុស្សាវរីយ៍។
វត្តសិរីតេជោមហាទប់ ក្រុងសុកត្រាំង មិនត្រឹមតែជាកន្លែងទេសចរណ៍បែបជំនឿសាសនាដ៏ល្បីឈ្មោះប៉ុណ្ណោះទេ នៅទាំងជាកន្លែងបង្រៀនរបរចម្លាក់គល់ឈើដល់ព្រះសង្ឃទៀតផង។ ផលិតផលដែលច្នៃរួចបានដាក់តាំងក្នុងវត្ត ដើម្បីភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងជាវទុកជាវត្ថុអនុស្សាវរីយ៍។ ព្រះតេជព្រះគុណលីថាវ ផ្សារភ្ជាប់នឹងរបរឆ្លាក់ គល់ឈើអស់រយៈកាល៥ឆ្នាំ មានថេរដីកា៖ “ពិតជាអស្ចារ្យ គល់ឈើស្ងួតសមតែនឹងចោល ប៉ុន្តែបន្ទាប់ពីដាបឆ្លាក់ពីរបីថ្ងៃច្នៃបានជាផលិតផលល្អប្រណិតដូច៖ សត្វឥន្រ្ទី ខ្លា នាគ សិង្ហ អណ្តើក ក្ងោក។ល។ អាត្មាភាពយល់ឃើញថា ការបង្រៀនរបរចម្លាក់ក្នុងវត្តគឺមានប្រយោជន៍ណាស់ ព្រោះបានប្រើប្រាស់គល់ឈើស្ងួត ច្នៃជាវណ្ណកម្មល្អប្រណិតផង ជួយដល់ព្រះសង្ឃចេះសិល្បៈចម្លាក់ផង ព្រមទាំងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត ជាវទុកជាវត្ថុអនុស្សាវរីយ៍។ ហេតុដូច្នេះ ទើបអាត្មាភាពមកបង្ហាត់បង្រៀនរបរចម្លាក់ដល់ព្រះសង្ឃក្នុងវត្ត”។ តាមថេរដីការបស់ព្រះតេជព្រះគុណលីថាវ ចង់ចេះរបរឆ្លាក់ លុះត្រាតែសិក្ខាកាមមានចំណូលចិត្ត។ ពីព្រោះរបរនេះធ្វើដោយដៃ ម៉្លោះ ហើយត្រូវមានថ្វីដៃប៉ិនប្រសប់ ភ្នែករហ័សរហួន ស៊ូទ្រាំដាបឆ្លាក់ឆ្វៀលក្និកក្នក់ ទើបច្នៃបានជាវណ្ណកម្មដូចបំណង។ ទៅតាមគល់ឈើនិងតម្រូវការរបស់អតិថិជន ទើបច្នៃជាវណ្ណកម្មផ្សេងៗ មានដូច៖ សត្វតំណាងឆ្នាំទាំង១២ ពុទ្ធរូបឬក៏នាគ សិង្ហ អណ្តើក ក្ងោក ។ល។ មកទល់នឹងបច្ចុប្បន្ន វត្តបានបង្រៀនរបរនេះដល់ព្រះសង្ឃជាច្រើនអង្គ ចេះស្ទាត់អាចនឹងច្នៃជាផលិតផលតាមចំណូលចិត្ត។
មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរនៅក្នុង និងក្រៅប្រទេសមកទស្សនាច្រើនកុះករប៉ុណ្ណោះទេ វត្តសិរីសុខុមសង្គមានជ័យ(ស្រឡូង) ឃុំដាយតឹម ស្រុកមីស្វៀង ក៏ជាទីអារាមបង្រៀនរបរឆ្លាក់ដល់ព្រះសង្ឃដែរ។ សិប្បករត្រេវមិញតៀង ប្របករបរចម្លាក់តាមវត្ត ឱ្យដឹង៖ “ខ្ញុំរៀនរបរឆ្លាក់ពីសិប្បករម្នាក់នៅវត្តស្រឡូង។ ក្នុងរយៈកាល១០ឆ្នាំកន្លង ខ្ញុំក៏បានពង្រីករបរចម្លាក់នៅតាមវត្ត។ ខ្ញុំបង្រៀនរបរឆ្លាក់នេះដល់ព្រះសង្ឃនិងកូនចៅមាមីងខ្មែរដោយឥតគិតថ្លៃ។ ផលិតផលដែលច្នៃបានប្រគេនវត្ត និងលក់ឱ្យអតិថិជនពេលមានតម្រូវការ។ ជាច្រើនឆ្នាំមកនេះ មានព្រះសង្ឃជាច្រើនអង្គមកសិក្សានៅវត្តនេះ មានទាំងសញ្ញាប័ត្របាលីរង និងចេះរបរចម្លាក់ទៀតផង”។
ប្រកបរបរចម្លាក់នៅតាមវត្ត មិនត្រឹមតែរួមចំណែកក្នុងការអភិរក្សរបរប្រវេណីរបស់ជនជាតិប៉ុណ្ណោះទេ នៅទាំងជួយបណ្តុះបណ្តាលដល់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរចេះរបរចម្លាក់ទៀតផង។ ផ្តើមពីគល់ឈើស្ងួត ពេលព្រះសង្ឃនិងសិប្បករទាំងឡាយបញ្ចេញថ្វីដៃច្នៃបានជាផលិតផលល្អប្រណិតផ្សារភ្ជាប់នឹងវត្តអារាម ទំនៀមទម្លាប់ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងជាវទុកជាវត្ថុអនុស្សាវរីយ៍៕
លីធាន-មុនី