ក្នុងបរិបទដែលមិនទាន់រកឃើញថ្នាំព្យាបាលមានប្រសិទ្ធភាពចំពោះជំងឺបាត់ការចងចាំ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ ដើម្បីជួយពន្យារពេល ឬបន្ថយសមត្ថភាពវាយប្រហារនៃជំងឺនេះ។
ឧស្សាហ៍ហាត់ប្រាណ ធ្វើឲ្យកាត់បន្ថយហានិភ័យបាត់ការចងចាំ។
អាយុត្រូវបានចាត់ទុកថាជាកត្តាមានហានិភ័យធំបំផុត ដែលបណ្តាលឲ្យកើតជំងឺបាត់ការចងចាំ ប៉ុន្តែជំងឺនេះក៏មិនមែនជាផលវិបាកដែលជៀសវាងមិនផុតនៃភាពចាស់ជរា។ ឆ្លងតាមរយៈការវិភាគ សិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានកំណត់ច្បាស់ កត្តាដែលមានហានិភ័យធំមានចំនួន១២ (ទាក់ទិននឹងរបៀបរស់នៅនិងជំងឺ តម្កាត់) បណ្តាលឲ្យកើនហានិភ័យបាត់ការចងចាំ។ ក្នុងបញ្ជីនេះ រួមបញ្ចូលទាំងអ្នកមជ្ឈិមវ័យដែលខ្ជិលហាត់ប្រាណ ជក់បារី មានរបបហូបចុកមិនល្អសម្រាប់សុខភាព សេពគ្រឿងស្រវឹងហួសពេក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម បរិមាណកូលេស្តេរ៉ុលខ្ពស់និងធាត់។ អ្នកជំនាញវេជ្ជសាស្ត្រក៏បានចង្អុលបង្ហាញពីទំនាក់ទំនងរវាងការថ្លង់អកម្មនឹងស្មារតី និងធ្លាក់ទឹកចិត្តជាមួយនឹងជំងឺបាត់ការចងចាំ។ ប៉ុន្តែ គ្មានភស្តុតាងណាបញ្ជាក់ឲ្យឃើញ ការប្រើប្រាស់ឧបករណ៍ជំនួយសោតា ឬថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តសម្រាប់ទប់ស្កាត់ឬពន្យារពេលជំងឺនេះបានឡើយ។
ផ្តើមពីកត្តាហានិភ័យទាំងនេះ WHO នៅថ្ងៃទី១៤ ខែឧសភា បានប្រកាសជាសាធារណ៍នូវអនុសាសន៍លើកដំបូង សំដៅជួយកាត់បន្ថយហានិភ័យបាត់ការចងចាំទូទាំងពិភពលោក ដូចជា៖ ឧស្សាហ៍ហាត់ប្រាណឲ្យបានទៀងទាត់ មិនជក់បារី បន្ថយជាតិស្រវឹង រក្សាសម្ពាធឈាមក្នុងកម្រិតសុវត្ថិភាព និងមានរបបទទួលទានអាហារសមស្រប ដូចរបបទទួលទាននៅតំបន់សមុទ្រមេឌីទេរ៉ាណេ ដែលមានផ្លែឈើនិងបន្លែស្រស់ចំនួន៤០០ក្រាមក្នុងមួយថ្ងៃ។ តាមការណែនាំ អ្នកដែលមានអាយុលើសពី៦៥ឆ្នាំ គួរតែហាត់ប្រាណឲ្យសមល្មមតិចបំផុត១៥០នាទី/សប្ដាហ៍ គួបផ្សំជាមួយនឹងការពង្រឹងសាច់ដុំ។ ទន្ទឹមនឹងនោះ អង្គការក៏បានផ្តល់អនុសាសន៍ គប្បីបំពេញបន្ថែមសារធាតុបំប៉ន់ដូចជា៖ វីតាមីន B, E, សារធាតុប្រឆាំង អុកស៊ីកម្ម និងអូមេហ្គា-៣ ដែលជួយបង្ការការបាត់ស្មារតី និងបាត់ការចងចាំបាន។ ផ្ទុយទៅវិញ អ្នកឯកទេស ក៏បានលើកទឹកចិត្តឲ្យអ្នករាល់គ្នាចូលរួមក្នុងសកម្មភាពដែលជួយបង្វឹកខួរក្បាល និងទំនាក់ទំនងសង្គមឲ្យបានច្រើនតាមដែលអាចធ្វើបាន។
អនុសាសន៍ទាំងនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពពិភពលោករបស់ WHO ដើម្បីកាត់បន្ថយផលវិបាកនៃជំងឺបាត់ការចងចាំលើពិភពលោកក្នុងដំណាក់កាល២០១៧-២០២៥។ លើពិភពលោក បច្ចុប្បន្ន មានមនុស្សប្រមាណជិត៥០លាននាក់ កំពុងរស់នៅជាមួយជំងឺបាត់ការចងចាំ។ ជារៀងរាល់ឆ្នាំមានប្រមាណ១០លានករណី រងជំងឺបាត់ការចងចាំ ហើយព្យាករណ៍ថានៅឆ្នាំ២០៥០ តួលេខនេះនឹងកើនឡើង៣ដង។
ការបាត់បង់ការចងចាំ ត្រូវបានកំណត់ថាជាមូលហេតុចម្បងដែលនាំឲ្យកើតពិការ ភាគច្រើនគឺនៅលើមនុស្សចាស់។ វាអាចបំផ្លាញដល់ជីវភាពនិងគ្រួសាររបស់អ្នកជំងឺ ប៉ះពាល់ទាំងអ្នកថែទាំពួកគេទៀតផង។ យោងតាមរបាយការណ៍ចំនួន៧៨ទំព័ររបស់ WHO ជំងឺបាត់ការចងចាំ អាចបង្កឲ្យខាតបង់ដល់ផ្នែកសេដ្ឋកិច្ចដ៏ធំ ក្នុងនោះ គិតដល់ឆ្នាំ២០៣០ថវិកាចំណាយលើការថែទាំអ្នកជំងឺនឹងកើនឡើងដល់ទៅ២ពាន់ពាន់លាន USD ក្នុងមួយឆ្នាំ។
ហាញ់ង្វៀន (Theo CNN, Telegraph)