លោកស្រីង៉ោធីម៉ឹង ប្រធានសមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ ខេត្តកៀនយ៉ាង ឲ្យដឹង៖ អនុវត្តតាមកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំភូមិភាគ សមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ បានរៀបចំនូវសកម្មភាពសំខាន់ៗជាច្រើន សំដៅជួយបងប្អូននារីឈានឡើងក្នុងជីវភាព។
សមាគមនារីព្រំដែនខេត្ត សហការនឹងសមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ ជូនអំណោយដល់សមាជិកក្រីក្រ។
បន្តការអនុវត្តកម្មវិធីរួមដំណើរជាមួយនឹងបងប្អូននារីព្រំដែន សមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ ចលនាអង្គការនិងបុគ្គលជាច្រើន រួមវិភាគទានជាអំណោយជូនសមាជិកដែលមានស្ថានភាពលំបាក។ លោកស្រីង៉ោធីម៉ឹង រៀបរាប់ ៖ “នាឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំ២០១៩ សមាគមនារីស្រុក ចលនាបានអំណោយ២៥៥ចំណែក រួមមានប្រាក់កាស និងរបស់របរប្រើប្រាស់ចាំបាច់ជូនដល់សមាជិក ក្នុងនោះ មានសមាជិកជាជនជាតិខ្មែរចំនួន១៦៧នាក់។ នៅប៉ុន្មានថ្ងៃប្រកៀកនឹងបុណ្យចូលឆ្នាំវៀតណាម សមាគមនារីស្រុក បានរៀបចំប្រឡងវេចនំអន្សំជ្រូក សម្រាប់សាខាសមាគមនារីគ្រប់លំដាប់ថ្នាក់ចូលរួម។ ផលិតផលទាំងនេះ នឹងយកទៅជូនគ្រួសារក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី”។ តាមប្រសាសន៍របស់បងប្អូននារីជាច្រើន នៅតាមសាខាសមាគមនារី អំណោយទាំងនេះពិតមែនមិនច្រើន តែមានអត្ថន័យយ៉ាងធំធេង ពីព្រោះបានសមាគមអង្គការមហាជននៅភូមិភាគយកចិត្តទុកដាក់។ បងស្រីធីឡៀង នៅឃុំភូឡើយ ឲ្យដឹង៖ “អំណោយទាំងនេះ នឹងជួយគ្រួសារបានស្ងប់ចិត្តបន្តិច ពីព្រោះបានរដ្ឋយកចិត្តទុកដាក់ ឥឡូវខ្ញុំខំប្រឹងធ្វើការរកស៊ី ដើម្បីចាកផុតពីភាពក្រីក្រ”។ មានស្ថានភាពដូចបងស្រីឡៀងដែរ បងស្រីធីរី នៅឃុំភូមី ឲ្យដឹងបន្ថែម៖ “ពេលដល់បុណ្យទានម្តងៗរបស់ជនរួមជាតិកិញនិងជនរួមជាតិខ្មែរ គ្រួសារក្រីក្រក្នុងភូមិ តួយ៉ាងដូចគ្រួសារខ្ញុំ សុទ្ធសឹងបានរដ្ឋជូនអំណោយ ម៉្លោះហើយ យើងក៏ស្ងប់ចិត្តចិត្តទទួលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ យើងខ្ញុំថ្លែងអំណរគុណរដ្ឋយ៉ាងក្រៃលែង”។
តាមប្រសាសន៍លោកស្រីង៉ោធីម៉ឹង លទ្ធផលដែលសមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ សម្រេចបានក្នុងរយៈពេលកន្លង គឺអាស្រ័យការខ្នះខ្នែងពីសំណាក់បងប្អូននារីដែលទទួលបន្ទុកនៅតាមសាខាសមាគមនារី។ បងប្អូននារី មិនធុញទ្រាន់នឹងការនឿយលំបាក ច្បាមភូមិសាស្រ្ត ស្វែងយល់និងធ្វើសេនាធិការបានទាន់ពេល សមស្របទៅនឹងសមាជិកម្នាក់ៗ។ អាស្រ័យហេតុនោះ សមាគមនារីស្រុក តែងជំនួយសមស្របទៅនឹងតម្រូវការរបស់សមាជិក ដូចខ្លះមានតម្រូវការទុនលក់ដូរ រៀនរបរ សង់ផ្ទះ។ល។ ពុំនោះសោត មានបងប្អូននារីជាច្រើនស្នើពង្រីកក្រុមហ៊ុនដើមទុន ដើម្បីខ្ចីដើមទុនសម្រាប់លក់ដូរ។ លោកស្រីង៉ោធីម៉ឹង ឲ្យដឹងដោយក្តីរីករាយ៖ “ឆ្នាំនេះ សមាគមនារីស្រុកចលនាសប្បុរសជនបានអំណោយជូនបងប្អូននារីដែលបំពេញការងារនៅតាមសាខាសមាគមនារីម្នាក់ៗមួយចំណែក។ ថ្វីដ្បិតអំណោយតិចតួចក៏ពិតមែន តែបានលើកទឹកចិត្តបងប្អូននារីរួមគ្នាជួយគិតគូរដល់សមាជិកនៅពេលខាងមុខឲ្យបានប្រសើរជាងទៀត សំដៅជួយកាត់បន្ថយអត្រាគ្រួសារសមាជិកក្រីក្រនិយាយរួម និងសមាជិកខ្មែរក្រីក្រនិយាយដោយឡែក”៕
ហាថាញ់-មុនី