អស់រយៈពេល៣ឆ្នាំអនុវត្តសារលិខិតលេខ៨០-CV/TU របស់គណៈកម្មាធិការបក្សខេត្តកៀនយ៉ាង ស្ដីពីការបន្តផ្សព្វផ្សាយ អនុវត្តន៍ចលនាប្រឡងប្រណាំង ” ប្រជាចលនាដ៏ប៉ិនប្រសប់ ” ក្នុងប្រព័ន្ធនយោបាយស្រុកយ៉ាងថាញ់ សម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរ។
បងប្អូននារីខ្មែរបានឧបត្ថម្ភក្នុងឱកាសទិវា២០ ខែតុលា កន្លងហើយ ។
តាមប្រសាសន៍លោកយ័ញខន អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុកយ៉ាងថាញ់ បន្ទាប់ពីទទួលបានសារលិខិតចង្អុលការរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈប្រជាចលនាស្រុកបានកសាងផែនការ និងធ្វើសេនាធិការជូនគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកយ៉ាងថាញ់ ផ្សព្វផ្សាយផែនការលេខ១៩-KH/HU ចង្អុលការបន្តការផ្សព្វផ្សាយអនុវត្តចលនាប្រឡងប្រណាំង “ប្រជាចលនាដ៏ប៉ិនប្រសប់” ដំណាក់កាល២០១៦-២០២០។ បន្ទាប់ពីផ្សព្វផ្សាយបាន៣ឆ្នាំ ចលនាប្រឡងប្រណាំង”ប្រជាចលនាដ៏ប៉ិនប្រសប់” ក្នុងប្រព័ន្ធនយោបាយរបស់ស្រុក សម្រេចបានប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកលើកកម្ពស់ការយល់ដឹង តួនាទីរបស់ប្រព័ន្ធនយោបាយចំពោះការងារប្រជាចលនា។ ទន្ទឹមនឹងនោះ នៅរាល់កម្មវិធី គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការចលនាជាច្រើនទៀត តែងបានផ្សព្វផ្សាយអនុវត្តបង្កបាននូវការឯកភាព និងការចូលរួមគាំទ្ររបស់ប្រជាជន។ ម្ល៉ោះហើយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចភារកិច្ចនយោបាយរបស់ស្រុក ពិសេស គឺការរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីទិសដៅជាតិ ស្ដីពីការកសាងជនបទថ្មី និងការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។
លោកង្វៀនថាញ់ហា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់ ឲ្យដឹង ផ្ដើមពីចលនាប្រឡងប្រណាំង”ប្រជាចលនាដ៏ប៉ិនប្រសប់” នោះ ក៏លេចឡើងនូវទម្រង់សេដ្ឋកិច្ចឆ្នើមៗជាច្រើន ដូចជា ទម្រង់ហ៊ុនទុនគ្នាតាមរដូវស្រូវ ជួយគ្នាជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់សាខាសមាគមនារីខ្មែរនៅភូមិក-ក្វែន ឃុំភូឡើយ តាមរយៈប្រភពទុននេះ បានជួយដល់បងប្អូននារីមានលក្ខណសម្បត្តិអភិវឌ្ឍ ផលិតកម្ម ចិញ្ចឹមសត្វពង្រីកសេដ្ឋកិច្ចគ្រួសារ។ ទម្រង់ហ៊ុនទុនបង្វិលជុំរបស់សាខាសមាគមអតីតយុទ្ធជនភូមិធ្វឹងអាន ឃុំភូម៉ី ក្នុងរយៈពេល៣ឆ្នាំ សមាគមបានបង្វិលដើមទុនជាង១៩៤លានដុង ជួយដល់សមាជិក១៣នាក់ខ្ចីដោយមិនគិតការប្រាក់។ ទម្រង់ក្រុមសហការចម្ការ ស្រះ ទ្រុងរបស់សាខាសមាគមនារីខ្មែរភូមិវិញឡើយ ឃុំវិញដេវ។ ទម្រង់ចិញ្ចឹមគោ បង្កាត់ស៊ីរបស់សមាគមកសិករស្រុក។ល។ បានផ្លាស់ប្ដូរទម្លាប់ក្នុងការបង្កបង្កើនផលអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ចិញ្ចឹមសត្វ ផ្ដល់ប្រាក់ចំណូលខ្ពស់។ ទន្ទឹមនឹងនោះ បានដោះស្រាយការងារធ្វើដល់ពលករនៅជនបទ ជាច្រើនក្នុងឱកាសល្ហែពីរដូវស្រែ ចម្ការ។
តាមការវាយតម្លៃរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស ស្រុកយ៉ាងថាញ់ ការអនុវត្តទម្រង់“ប្រជាចលនាដ៏ប៉ិនប្រសប់” ជំហានដំបូង បាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង លើកកម្ពស់ការយល់ដឹង បង្កើនប្រាក់ចំណូល រួមចំណែកយ៉ាងសំខាន់ក្នុងការងារលុបបំបាត់ភាពក្រីក្រប្រកបដោយនិរន្តរភាពនៅភូមិភាគ៕
ហាយ៉ាង-ពេជ្រសឿន